ជាតិ
សង្គមជាតិ
ប៉ងសម្លាប់មួយគ្រួសារនៅមណ្ឌលគិរី៖ ស្លាប់៣នាក់ របួស១នាក់ បាត់ខ្លួន២នាក់
03, Feb 2022 , 6:00 pm        
រូបភាព
ប្រជាពលរដ្ឋ អាជ្ញាធរ និង រថយន្តពេទ្យ ស្ថិតក្នុងកន្លែងកើតហេតុនៃអំពើឃាតកម្ម។ រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរព័ត៌មាន
ប្រជាពលរដ្ឋ អាជ្ញាធរ និង រថយន្តពេទ្យ ស្ថិតក្នុងកន្លែងកើតហេតុនៃអំពើឃាតកម្ម។ រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរព័ត៌មាន
ភ្នំពេញ៖ ពលរដ្ឋប្រទះឃើញមនុស្ស៣នាក់បានស្លាប់ ហើយម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈពួកគេទៅធ្វើស្រែនៅស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមការសន្និដ្ឋានជាបឋម គឺសង្ស័យថាករណីនេះកើតឡើងដោយសារគំនុំ។



ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ លោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលបានឲ្យដឹងថា ជនរងគ្រោះគឺជាសមាជិកគ្រួសារតែមួយ។ លោក បន្តថា ករណីឃាតកម្មនេះ មានមនុស្ស៣បានស្លាប់ ហើយម្នាក់រងរបួសធ្ងន់ ដែលកើតឡើង កាលពីថ្ងៃទី២កុម្ភៈ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ។

«ជាការសន្និដ្ឋាន គឺឃាតកម្មកើតឡើងដោយគំនុំ។ យើងកំពុងស្រាវជ្រាវ ដើម្បីរកជនល្មើស ព្រោះករណីនេះជាករណីឃាតកម្ម»។ នេះជាការបញ្ជាក់របស់លោក សូ សុវណ្ណ។

បើតាមមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី គ្រួសារ ដែលរងគ្រោះក្នុងអំពើឃាតកម្មដ៏ឃោរឃៅនេះ គឺជាជនជាតិដើមភាគតិចព្នង។ របាយការណ៍ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តមណ្ឌគិរី បានបង្ហាញថា ជនរងគ្រោះទាំង៣នាក់ ដែលបាត់បង់ជីវិត គឺភេទប្រុសទាំងអស់ ដោយម្នាក់ មានអាយុ៤៥ឆ្នាំ និង២នាក់ មានអយុ១៥ឆ្នាំដូចគ្នា។

ក្រៅពីអ្នកបាត់បង់ជីវិត នៅមានជនរងគ្រោះមួយចំនួនទៀត ដោយក្នុងនោះ រួមមាន កុមារអាយុ១២ឆ្នាំ រងរបួសធ្ងន់ កុមារអាយុ៥ឆ្នាំ និង ស្រ្តីអាយុ៤១ឆ្នាំ បានបាត់ខ្លួន។ នេះបើតាមរបាយការណ៍របស់មន្ទីរព័ត៌មានដដែល៕

Tag:
 ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com