កីឡាជាតិ
ជាតិ
ណា​ហ្គាខប​ជួប​ប្រកួត​មិត្តភាព​ជាមួយ BEC Tero Sasana នា​ម៉ោង​៤ល្ងាចនេះ
08, Jan 2014 , 9:56 am        
រូបភាព
បាងកក៖ ក្លិប​ម្ចាស់ការពារតំណែង​ជើង​ឯក​ពាន​រង្វាន់​សម្តេច ហ៊ុ​ន សែន ណាហ្គាខប នឹង​ត្រូវ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ជាមួយ​ក្លិប BEC Tero Sasana FC នៃ​ក្របខណ្ឌ Thai Premier League នា​វេលាម៉ោង​៤​ល្ងាចនេះនៅ​កីឡដ្ឋាន Chalerm Phrakiat 72nd Stadium ក្នុងទីក្រុង​បាងកក ប្រទេស​ថៃ។



លោក​ ប្រាក់ សុវណ្ណារ៉ា ដែ​ល​បច្ចុ​ប្បន្នមាន​តួនាទី​ជាទី​ប្រឹក្សា​បច្ចេកទេស​របស់​ក្លិបណាហ្គាខប និង​ជា​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន​​សម្រាប់ការ​ប្រកួតមិត្តភាពនេះ បាន​ឲ្យ​ដឹង​ថា នេះជាការ​ប្រកួតមួយដ៏​សំខាន់​របស់ណាហ្គាខប ក្នុងការ​ត្រៀម​ខ្លួន​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​សម្តេច ហ៊ុន សែន និង​ការ​ប្រកួត​ក្របខណ្ឌកំពូលមិត្តហ្វូន​ខេម​បូ​ឌាន​លីក នា​ពេល​ខាងមុខ។

«លទ្ធ​ផល​ឈ្នះ​ចាញ់មិន​សំខាន់​នោះឡើ​យ ប៉ុន្តែ​បើ​ឈ្នះ​រឹតតែប្រសើរ» នេះ​ជាការ​លើក​ឡើង​របស់​លោ​ក ប្រាក់ សុវណ្ណារ៉ា​។ លោក​បាន​អះអាងថា នេះ​ជាលើក​ទីមួយហើយ​ដែលណាហ្គាខប​ចេញមក​ប្រកួត​នៅ​ក្រៅ​ប្រទេសជាមួយ​ក្លិបនៅ​ក្នុងក្របខណ្ឌ​កំពូល​របស់​ថៃ ដោយមាន​កីឡាករប្រមាណ​​ជាង​២០នាក់។​

លោក បាន​បន្ថែម​ថា ណាហ្គាខប​នឹង​ប្រើ​ការប្រកួតនេះដើម្បី​វាស់​ស្ទង់កម្រិត​សមត្ថភាពកីឡាករ​ប​រ​ទេសសម្រាប់​ពាន​រង្វាន់​លីក និង​ក្រុម​កីឡាករខ្មែរ​សម្រាប់​ពាន​រង្វាន់​សម្តេច ហ៊ុន សែន។ លោក​បា​ន​​បញ្ជាក់ថា៖ «ខ្ញុំរីករាយណាស់​ដែល​យើងមាន​ឱកាស​ចេញមក​ធ្វើ​តេស្តិ៍​សមត្ថភាពកីឡាករ​ប​រ​ទេ​ស​​នៅ​ថៃ។ មាន​កីឡាករកូរ៉េខាងត្បូង​២នាក់ កីឡាករជប៉ុន​១នាក់ និង​កីឡា​ក​រអា​ហ្វ្រិ​ក​ប្រហែល​៥នា​ក់​ទៀត ចង់​ក្លាយជា​សមាជិក​ថ្មី​របស់ណាហ្គាខប ដូច្នេះ​ខ្ញុំ​នឹង​ដាក់ពួក​គេ​ឲ្យ​លេង​ក្នុង​តង់ទីមួយ។ សម្រាប់​តង់ទីពីរ ខ្ញុំ​នឹង​ដាក់​កីឡាករ​ខ្មែរទាំងអស់​ដោយ​ពួក​គេ​គឺ​ឈុត​ដែល​ត្រូវ​លេង​ក្នុងពាន​រង្វាន់​សម្តេច ហ៊ុន សែន»។

ក្លិប BEC Tero Sansana FC ដែល​ដឹកនាំ​ដោយគ្រូ​បង្វឹក​ប្រេស៊ីល José Alves Borges បាន​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​៧​ក្នុងក្រ​បខណ្ឌ Thai Premier League កាលពី​រដូវកា​លមុន។ កីឡដ្ឋាន​របស់​ក្លិប​មួ​យនេះអាចផ្ទុក​អ្នក​ទស្សនា​ប្រមាណ​១២៥០០នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com