ជាតិ
ប្រទះឃើញវត្ថុសំខាន់ៗមួយចំនួន ក្នុងកំណាយប្រាសាទព្រហ្មកិលអតីតមន្ទីរពេទ្យសម័យអង្គរ
05, Feb 2022 , 6:59 pm        
រូបភាព
សៀមរាប៖ ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវ ក្នុងបំណងពិនិត្យមើលគ្រឹះប្រាសាទព្រហ្មកិល នៅប៉ែកខាងលិចប្រាសាទអង្គរវត្ត ឬប៉ែកខាងជើងត្រពាំងសេស មុននឹងក្រុមការងារចាប់ផ្តើមគម្រោងជួសជុល និងលើកតម្លៃប្រាសាទនេះឡើងវិញ។ កំណាយនោះ គេបានប្រទះឃើញវត្ថុសំខាន់ៗមួយចំនួន ដែលជាតឹកតាងនៃរចនាសម្ព័ន្ធអតីតមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

 
បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក ភឹង តារា បានឱ្យដឹងថា ក្រុមការងារលោកបានជីករណ្ដៅកំណាយចំនួន៣ទីតាំង គឺទី១នៅគ្រឹះប្រាសាទដែលជាហោបន់ស្រន់ ទី២ នៅប៉ែកអាគ្នេយ៍ ដែលជាទីតាំងបណ្ណាល័យ និងទី៣ ខឿនស្រះទឹកនៅទិសឦសាន។ ក្នុងកំណាយនោះ បានប្រទះឃើញវត្ថុមួយចំនួន រួមមាន ថ្មដូសថ្នាំ មានរាងមូល ជើងទម្រចំនួន២ ដែលតាមការស្មានប្រហែលជាស្នូកដាក់ភ្លើង ចុងរោងស្បូវមានរូបប្លែកពីគេ គឺដូចរូបមនុស្សយន្ត អាចជាបំណែកព្រះអគ្គិ រួមនិងដែកទាមជាដើម។ ចំណែកនៅខាងស្រះទឹក ក្រុមកំណាយបានប្រទះឃើញការចាក់បង្គរដី ដោយបញ្ជាក់ថា មុនធ្វើប្រាសាទ គេបានលើកដីឱ្យខ្ពស់ ហើយបានជីកដីធ្វើគ្រឹះតាមក្រោម។ ក្នុងនោះ បានរកឃើញ គេបានរៀបចំថ្មបាយក្រៀមព័ទ្ធជុំវិញស្រះ។ល។ នេះជាការបញ្ជាក់ពីបុរាណវិទូ ភឹង តារា។


 
លោក ភឹង តារា បញ្ជាក់ថា ក្រោយកំណាយហើយ ក្រុមការងារលោករកឃើញថា គ្រឹះប្រាសាទព្រហ្មកិលនេះ នៅមាំល្អ តែដោយសារគ្មានអ្វីទល់ទ្រ ឬទប់ ធ្វើឱ្យប៉ែកខាងត្បូងរៀងងាក និងស្រុតបន្ដិច។ 
 
សម្រាប់ថ្ងៃអនាគត ក្រុមការងារគ្រោងនឹងធ្វើកំណាយបញ្ជាក់ពីរចនាសម្ព័ន្ធអតីតមន្ទីរពេទ្យនេះបន្ថែមទៀត ដើម្បីចង់ដឹងថា តើវាពិតជាមានកំពែងទី២ មែនឬយ៉ាងណា ព្រោះកន្លងមកអ្នកស្រាវជ្រាវបញ្ជាក់ថា មន្ទីរពេទ្យមានកំពែងតែមួយប៉ុណ្ណោះ តែសម្រាប់លោក ភឹង តារា ជឿថាប្រហែលមានកំពែងទី២ទៀត ក្រោយឃើញស្លាកស្នាម និងសំណង់ក្បែរនោះ ដែលអាចជារចនាសម្ព័ន្ធកំពែងទី២។ 
 
សូមបញ្ជាក់ថា ប្រាសាទព្រហ្មកិល គឺជាអតីតមន្ទីរពេទ្យទាំង៤ក្នុងតំបន់អង្គរ និងស្ថិតនៅចំណោមមន្ទីរពេទ្យទាំង ១០២ ដែលកសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ក្នុងសម័យបារាំង នាឆ្នាំ១៩២០ ធ្លាប់មានការទ្រល់ទ្រ និងត្រួសត្រាយ ខ្លះៗ តែពុំធ្លាប់មានការជួសជុលទេ។ រាល់រចនាសម្ព័ន្ធមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ គឺមានតួប៉មមួយ បណ្ណាល័យនៅទិសអាគ្នេយ៍ ខ្លោងទ្វារ និងស្រះទឹកនៅទិសឦសានជានិច្ច៕





Tag:
 ប្រាសាទព្រហ្មកិល
  មន្ទីរពេទ្យសម័យអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com