ជាតិ
សង្គមជាតិ
ស្វាយរៀង ជាខេត្តដំបូងគេនៅកម្ពុជា ដែល«បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល»
05, Feb 2022 , 9:19 pm        
រូបភាព
ស្វាយរៀង ក្លាយជាខេត្តដំបូងគេរបស់កម្ពុជា ដែល«បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល» ខណៈកម្ពុជា ប្ដេជ្ញាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន ១០០ភាគរយ នៅឆ្នាំ២០២៥។ អត្រាអនាម័យ របស់ពលរដ្ឋខេត្តស្វាយរៀង បានកើនឡើងដល់ ១០០ភាគរយ តាមរយៈការប្រើប្រាស់បង្គន់អនាម័យ ហូបទឹកស្អាត និងលាងដៃជាមួយសាប៊ូ។

 
ខេត្តស្វាយរៀង បានបំពេញគ្រប់លក្ខខណ្ឌ ក្លាយជាខេត្តសម្រចបាន «បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល» ជាផ្លូវការ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២កន្លងទៅ។ រដ្ឋបាលខេត្តស្វាយរៀង បានអះអាងថា ពលរដ្ឋខេត្តស្វាយរៀងជាង ៦០ម៉ឺននាក់ មកពីស្រុកចំនួន៨ បានយល់ដឹងច្រើនពាក់ព័ន្ធនឹងបញ្ហាអនាម័យ តាមរយៈការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ ហូបទឹកស្អាត លាងដៃជាមួយសាប៊ូ និងការណែនាំរបស់អាជ្ញាធរ។
 
រដ្ឋបាលខេត្ត បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្រុកស្វាយទាប បាន បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។ បន្ទាប់មកនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្រុករំដួលជាស្រុកទី៣ ដែលប្រកាសទទួលស្គាល់ជាផ្លូវការពី ក្រសួងអភិវឌ្ឍន៍ជនបទ ថាជាស្រុកបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល។ ប៉ុន្តែ នៅបំណាច់ឆ្នាំ២០២១ ក្រុង និងស្រុកចំនួន៨ បានប្តេជ្ញាដាក់ចេញផែនការកំណត់សម្រេចឱ្យបាន ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រហូតទទួលបានជោគជ័យនៅដើមឆ្នាំ២០២២នេះ។ 
 
ជាមួយគ្នានេះ កាលពីថ្ងៃទី២កុម្ភៈ ស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង ស្រុកខ្សាច់កណ្ដាល និងស្រុកលើកដែក ខេត្តកណ្ដាល ក៏ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ក្លាយជាស្រុកសម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF)៕


រូបភាពពី រដ្ឋបាលខេត្តស្វាយរៀង

 

Tag:
 DOF Districte
© រក្សាសិទ្ធិដោយ thmeythmey.com