ជាតិ
រកឃើញសម្បុកសត្វត្រដក់តូចចំនួន១៦ នៅដែនជម្រកសត្វព្រៃកែវសីមា
05, Feb 2022 , 6:19 pm        
រូបភាព
រូបភាពពី ក្រសួងបរិស្ថាន
រូបភាពពី ក្រសួងបរិស្ថាន
ចាប់តាំងពីឆ្នាំ២០២១មក ក្រុមការងារស្រាវជ្រាវសត្វព្រៃ នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញសម្បុកសត្វត្រដក់តូចចំនួន១៦ និងញាស់បានកូន ១៩ក្បាល ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

 
សត្វត្រដក់តូច កំពុងមានវត្តមាន នៅតាមតំបន់ការពារធម្មជាតិជាច្រើន ក្នុងប្រទេសកម្ពុជា។ ដូច្នេះ សម្រាប់កិច្ចការអភិរក្សក្នុងដែនជម្រកសត្វព្រៃកែវសីមា មន្ទីរបរិស្ថាន បានសហការជាមួយក្រុមការងារស្រាវជ្រាវសត្វ ព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានស្វែងរកសម្បុកពងកូន របស់ត្រដក់តូច នារដូវបន្តពូជដែលចាប់ផ្ដើមពីពាក់កណ្តាល ខែកញ្ញា ដល់ពាក់កណ្តាលខែកុម្ភៈ ដើម្បីការពារ និងអភិរក្សសត្វស្លាបប្រភេទនេះឱ្យនៅគង់វង្ស។  
 
សត្វត្រដក់តូច ជាភាសាអង់គ្លេសហៅថា Lesser Adjutant ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទ «ងាយរងគ្រោះ» នៅលើពិភពលោក ដោយសារការបរបាញ់ និងការបាត់បង់ទីជម្រក។ សកម្មភាពការពារសម្បុកពងកូននេះ គឺទទួលបានកិច្ចសហការពីប្រជាសហគមន៍មូលដ្ឋានក្រោមការគាំទ្រពីគម្រោង CAMPAS និងគម្រោងរេដបូក កែវសីមា ដែលអនុវត្តដោយអង្គការ WCS សហការជាមួយមន្ទីរ និង នាយកដ្ឋានជីវៈចម្រុះក្រសួងបរិស្ថាន។ 
 
បើតាម WCS កម្ពុជា គឺជាទីជម្រករបស់សត្វត្រដក់តូច ខណៈសត្វប្រភេទនេះ កំពុងថយចុះដោយសារការបំផ្លាញពីមនុស្ស និងកត្តាគំរាមកំហែងផ្សេងៗ។ នៅលើពិភពលោកមានចំនួនសរុបប្រហែល ៣ ០០០ក្បាលប៉ុណ្ណោះ៕ 


រូបភាពពី ក្រសួងបរិស្ថាន 

 

Tag:
 សត្វត្រដក់តូច
  ដែនជម្រកសត្វព្រៃកែវសីមា
  ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com