ជាតិ
ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុ នឹងពង្រីកសក្តានុពលទេសចរណ៍ខេត្តទៅអន្តរជាតិ
06, Feb 2022 , 10:59 am        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងទេសចរណ៍ ធ្វើសេចក្ដីព្រាងចុងក្រោយផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ២០២១-២០២៥។ លោក  សុខ សុគុណ ប្រធានចាត់ចែងគម្រោងនៃក្រសួងទេសចរណ៍ រំពឹងថាផែនការមេនេះ នឹងពង្រីកសក្តានុពលវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ ក៏ដូចជា ជំរុញសេដ្ឋកិច្ចខេត្តព្រះសីហនុ។


 
ខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរជាច្រើន មួយរយៈចុងក្រោយនេះ ដោយសារការរៀបចំរចនាសម្ព័ន្ធឆ្នេរខ្សាច់ និងតំបន់កោះ។ បន្ថែមពីលើសក្តានុពលដែលមានស្រាប់ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងទេសចរណ៍ កំពុងធ្វើសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំ ២០២១-២០២៥ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកួតប្រជែងអន្តរជាតិ។
 
លោក  សុខ សុគុណ ប្រធានចាត់ចែងគម្រោងក្រសួងទេសចរណ៍ លើកឡើងថាផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ២០២១-២០២៥ នឹងក្លាយជាត្រីវិស័យមួយ ស្តារវិស័យទេសចរណ៍ ព្រមទាំងធ្វើឱ្យមានកំណើនទេសចរ ដែលអាចផ្ដល់ចំណូលដល់សេដ្ឋកិច្ចមូលដ្ឋាន។ ផែនការនេះ ក៏នឹងរួមចំណែកថែរក្សាធនធានធម្មជាតិតំបន់ឆ្នេរ និងវប្បធម៌ ដើម្បីប្រជែងអន្តរជាតិនាពេលខាងមុខ ។ នេះតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ។


លោក សុខ សុគុណ ប្រធានចាត់ចែងគម្រោង នៃក្រសួងទេសចរណ៍ ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
 
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ២០២១-២០២៥ ក៏នឹងមានការសិក្សាកែប្រែតំបន់ទំនប់រលក ឱ្យក្លាយជាទីតាំងទេសចរណ៍ផងដែរ។ លោក សុខ សុគុណ លើកឡើងក្នុងកិច្ចប្រជុំ ស្តីពីសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្ត ដូច្នេះ៖«តំបន់ទំនប់រលកមានសំរាម និងថង់ប្លាស្ទិកច្រើន ធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ យើងចង់ប្រែក្លាយតំបន់ទំនប់រលក ជាតំបន់ទេសចរណ៍ទាក់ទាញ»។
 
ជាមួយគ្នានេះ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងដែរថា ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ អាជ្ញាធរ មន្ទីរ វិស័យឯកជន និងអ្នកពាក់ព័ន្ធត្រូវខិតខំអនុវត្តតាម ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុឆ្នាំ ២០២១-២០២៥។
 
សូមជម្រាបដែរថារដ្ឋបាលខេត្តព្រះសីហនុ ក៏កំពុងសិក្សាពីលទ្ធភាពនៃការពង្រីកសក្តានុពលទេសចរណ៍បាតសមុទ្រ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ខណៈខេត្តព្រះសីហនុ មានតំបន់ផ្កាថ្មច្រើនជាងគេ គឺរហូតដល់ ១ ១៩៨ហិកតា៕

© រក្សាសិទ្ធិដោយ thmeythmey.com