ពីនេះ ពីនោះ
«ព្រះរៀម» មានន័យថាបង រីឯ «ព្រះរាម» ជាតួក្នង​រឿងរាមកេរ្តិ៍
08, Feb 2022 , 7:29 am        
រូបភាព
«ព្រះរៀម» និង «ព្រះរាម»​ សុទ្ធតែមាន​ការពន្យល់ក្នុងវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។ «ព្រះរៀម» ជាភាសារាជសព្ទ ដែលមានន័យថា «បង» រីឯ «ព្រះរាម» ជាព្រះនាមនៃតួអង្គ​ឯកក្នុង​រឿងរាមកេរ្តិ៍។

 
សារព័ត៌មាន​ថ្មីៗ សូម​លើកយកពាក្យ «រៀម» និង​ «រាម» មកពន្យល់បន្ថែមដូចខាងក្រោម៖
 
«រៀម» មានន័យថា បង។ ព្រះរៀម, សម្តេចព្រះរៀម។ «រៀមច្បង» សំដៅ​លើ​ជនដែលជាចម្បងក្នុងត្រកូល ឬក្នុងពួកនីមួយ; ច្រើននិយាយថា ត្រកូលរៀមច្បង រៀមច្បងក្នុងត្រកូល; ចាស់ទុំរៀមច្បង  រៀមច្បងដែលជាចាស់ព្រឹទ្ធាចារ្យ; ឬថា ចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង។
 
«មេរៀម» ដែលជាពាក្យ​បុរាណ មានន័យថា ធំ, ធំចម្បង។ ឈ្មោះកាំភ្លើងធំយ៉ាងធំបំផុត។ កាំភ្លើងមេរៀម ។
 
រីឯពាក្យ «រាម» វិញ ជានាមសព្ទមានន័យថា រនាម។ «ព្រះរាម» (រាមចន្ទ្រ) នាមរបស់ព្រះរាជឱរសអង្គមួយនៃព្រះបាទទសរថ និងនាងសុមិត្រាក្នុងរឿងរាមកេរ្ដិ៍ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com