ពីនេះ ពីនោះ
អ្នកជិតខាង មិនគួររំខានអ្នកជិតខាងឡើយ!
08, Feb 2022 , 6:59 pm        
រូបភាព
ក្នុងរយៈពេលចុងក្រោយនេះ សុធីរ និងសំណាង បានសម្រេចចិត្តជួបគ្នា្ញញឹកញាប់ឡើងវិញ ព្រោះ ស្ថានភាពនៃមេរោគកូវីដនៅកម្ពុជា ហាក់បីដូចជាស្ថិតនៅក្រោមការគ្រប់គ្រងបានដោយជោគជ័យ។ ក្លើទាំងពីរ ចាប់ផ្តើមធ្វើដំណើរមកតៀមកាហ្វេជារឿយៗ ដូចកាលពីមិនទាន់ផ្ទុះមេរោគកូវីដ នៅឆ្នាំ២០១៩អ៊ីចឹង។ នៅថ្ងៃនេះ មិត្តភក្តិទាំងពីរ ជជែកគ្នារឿងសង្គមមួយ ដែលតែងតែកើតឡើង និងវាអាចបង្កឲ្យមានទំនាស់រវាងគ្នា និងគ្នា។ រឿងនោះ គឺជាការបង្កសំឡេង ពីអ្នកជិតខាង ឬការប្រើប្រាស់ចំណត ដោយមិនគិតពីផលប៉ះពាល់ចំពោះអ្នកជិតខាងជាដើម។

 
សុធីរ៖ ក្នុងរយៈពេលចុងក្រោយនេះ អញលឺគេរអ៊ូច្រើនណាស់ រឿងអ្នកជិតខាងបង្កសំឡេងរំខាន ទៅកាន់អ្នកជិតខាងដទៃទៀត។ រឿងនេះ វាកើតឡើងច្រើនដែរឬទេ? 
សំណាង៖ រឿងនេះ មើលទៅដូចជារឿងតូចតាចទេ។ តែតាមពិត រឿងតូចនេះ ក៏បង្កទៅជាជម្លោះធំដែរពេលខ្លះ។ រឿងនេះ វាអញ្ចេះណាអា សម្លាញ់។ អ្នកខ្លះ ស៊ីផឹក ស្រែកឡូឡាដល់យប់ជ្រៅ រំខានអ្នកជិតខាង រកតែដេកពួនក៏មិនកើតដែរ។ ពេលខ្លះ អ្នកជិតខាងជាអ្នកជំងឺ ក៏មិនអាចសម្រាកឲ្យស្រួលបួលបានឡើយ។ 
 
សុធីរ៖ អានេះរឿងអ្នកផឹកស៊ីស្រែកឡូឡា ចុះមានអ្នកស្រែកច្រៀងខារ៉ាអូខេឬទេ?  
សំណាង៖ តែគេផឹកស៊ីហើយ ពេលខ្លះ ក៏គេនាំគ្នាច្រៀងលេងថែមទៀតផង។ អាច្រៀងលេងហ្នឹងហើយ វារំខានសេចក្តីសុខដល់អ្នកដទៃនោះ។ បើយូរៗម្តង វាមិនស្អីទេ។ តែអាយូរៗរាល់ថ្ងៃហ្នឹង ធុញទ្រាន់ណាស់។ រំខានណាស់លោកព្រះ! 
 
សុធីរ៖ ចុះអាសំឡេងសត្វត្រចៀកកាំ សិប្បនិម្មិតនោះ វាយ៉ាងម៉េចដែរ? 
សំណាង៖ រឿងនេះ ក៏រញ៉េរញ៉ៃណាស់ដែរឥឡូវនេះ។ អ្នកទីក្រុងភ្នំពេញខ្លះ នៅកណ្តាលក្រុងសោះ ក៏បង្កើតជំនួញនេះដែរ។ សំឡេងសិប្បនិម្មិត ទាក់ទាញសត្វត្រចៀកកាំនេះ រំខានអ្នកជិតខាងណាស់។ សំឡេងស្រែកតាំងពីព្រឹកព្រលឹម រហូតដល់យប់តែម្តង។ បើឈប់បាន ក៏ឈប់ទៅ។ 
 
សុធីរ៖ ចុះក្រៅពីរឿងសំឡេងរំខាន រឿងចំណតក៏ជាបញ្ហាដែរ មិនថាអ៊ីចឹង អា សំណាង? 
សំណាង៖ រឿងចំណតនេះ បង្កបញ្ហាច្រើនណាស់។ អ្នករកស៊ីខ្លះ បើកជំនួញរកប្រាក់ចំណេញខ្លួនឯងសោះ តែមិនដែលខ្វល់រឿងចំណតឡើយ។ ពេលខ្លះ អ្នកជំនួញនោះ យកទីធ្លាអ្នកជិតខាងមកប្រើប្រាស់ ដោយគ្មានរអែងចិត្តគេបន្តិចណាឡើយ។ 
 
សុធីរ៖ ចុះអ្នកខ្លះ យកចិញ្ចើមផ្លូវធ្វើចំណតនោះយ៉ាងម៉េចដែរអាសម្លាញ់?  
សំណាង៖ អើ! អ៊ីចឹងហើយបានជាអ្នកថ្មើរជើង រកកន្លែងដើរគ្មានហ្នឹងអ្ហា! នៅក្នុងសេចក្តីដែលអញបានប្រាប់អ្ហែង តាំងពីខាងដើមមកនេះ អញចង់និយាយថា លោកអ្នកធ្វើអីធ្វើចុះ វាជាសិទ្ធិសេរីភាពរបស់លោកអ្នក. ប៉ុន្តែសូមកុំឲ្យទង្វើរបស់លោកអ្នក ប៉ះពាល់ ឬរំខានសិទ្ធិអ្នកដទៃឲ្យសោះ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com