ភ្នំពេញ៖ អ្នកស្រី ស៊ុំ ធី ជាអ្នករើសអេតចាយមួយរូប រស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជាមេផ្ទះផង និងជាអ្នករ៉ាប់រងបន្ទុកគ្រួសារទាំងមូលផង ដោយសារប្ដីមានជំងឺប្រចាំកាយ ស្ត្រីរូបនេះសុខចិត្តលំបាកដើររើសអេតចាយ ដើម្បីរកប្រាក់ទ្រទ្រង់ការចំណាយប្រចាំថ្ងៃ និងផ្ចុងផ្តើមឱ្យកូនស្រី អាចបន្តការសិក្សាបានខ្ពង់ខ្ពស់ដូចគេ និងគេចផុតពីភាពអវិជ្ជា។
អ្នកស្រី ស៊ុំ ធី មានរបរជាអ្នករើសអេតចាយ រយៈពេលប្រមាណ១៥ឆ្នាំមកហើយ។ សព្វថ្ងៃគ្រួសារអ្នកស្រី រស់នៅក្នុងបន្ទប់ជួលដ៏តូចចង្អៀតមួយ ទំហំប្រមាណ ៣ គុណនឹង៤ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាមួយស្វាមីដែលមានជំងឺប្រចាំកាយ និងកូនប្រុសស្រី២នាក់។ កូនប្រុសច្បងរបស់អ្នកស្រី ក៏ជាអ្នករើសអេតចាយដែរ ខណៈកូនស្រីវ័យ១៤ឆ្នាំ កំពុងសិក្សាថ្នាក់ទី៨ នៅសាលាឯកជនមួយ ក្នុងខណ្ឌច្បារអំពៅ។
ជារៀងរាល់ថ្ងៃ នៅប្រមាណ៧ព្រឹក អ្នកស្រី ធី តែងចាកចេញពីទីជម្រកដ៏តូចរបស់ខ្លួន ជាមួយនឹងម៉ូតូចាស់ពណ៌ក្រហមក្រមៅមួយគ្រឿង ដែលមានសណ្ដោងរ៉ឺម៉កនៅពីក្រោយផង ចេញស្វែងរករើសអេតចាយ តាមផ្ទះល្វែងដែលនៅបរិវេណកន្លែងស្នាក់នៅរបស់ខ្លួន តាមមាត់បឹង និងនៅគំនរសំរាមនានា ដែលខ្លួនបានឆ្លងកាត់។ ជាទូទៅ ក្នុងមួយថ្ងៃ អ្នកស្រីអាចរកចំណូលបានពី ៣-៤ម៉ឺនរៀល ពីរបរនេះ ដើម្បីទ្រទ្រង់ការចំណាយក្នុងគ្រួសារ។ ជួនកាល ក៏បានកម្រៃតិចជាងនេះ ដែលសឹងតែមិនគ្រប់ចំណាយម្ហូបមួយថ្ងៃផង។
ប៉ុន្តែទោះបីជាត្រូវរស់នៅ ក្នុងស្ថានភាពលំបាកយ៉ាងណាក្តី ប៉ុន្តែស្ត្រីវ័យ ៤៣ឆ្នាំរូបនេះឥតរួញរាឡើយ ក្នុងការផ្ចុងផ្តើមកូនស្រីខ្លួន ឱ្យរៀនសូត្របានខ្ពស់ខ្ពង់ដូចគេ។ អ្នកស្រី ស៊ុំ ធី បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុដែលអ្នកស្រី សម្រេចចិត្តឱ្យកូនស្រី រៀននៅសាលាឯកជន ព្រោះគាត់ចង់ឱ្យកូនទទួលបានចំណេះល្អដូចគេ។ មូលហេតុម្យ៉ាងទៀត គឺអ្នកស្រី មិនចង់ឱ្យកូនស្រីជួបរឿងអសុវត្ថិភាព ដូចធ្លាប់ជួបកាលពីអំឡុងឆ្នាំ២០២១កន្លងទៅ ត្រូវជនអនាមិកដាក់ថ្នាំ បំណងយកទ្រព្យសម្បត្តិ ។
កំពុងអង្គុយលើកៅអីជ័រ ក្រោមដើមទ្រលឹងទឹង មុខផ្លូវចូលបន្ទប់ស្នាក់នៅ អ្នកស្រី ស៊ុំ ធី បញ្ជាក់ក្នុងសម្តីច្បាស់ៗដូច្នេះ៖«គេនិយាយថាអ៊ីចេះ ចុះបើក្រហើយតស៊ូឱ្យកូនរៀនធ្វើអី! ខ្ញុំថាខ្ញុំក្រ កុំឱ្យកូនខ្ញុំមកពិបាកដូចខ្ញុំ ព្រោះជីវិតខ្ញុំតាំងពីដើមមកពិបាកមកដល់ឥឡូវហើយ ខ្ញុំអាចស៊ូបាន ខ្ញុំអាចទ្រាំតស៊ូ ទៅមុខទៀតបាន»។
គួររំឭកបន្តិចថា ក្រោយហេតុការណ៍កូនស្រី ត្រូវគេដាក់ថ្នាំនោះមក អ្នកស្រីមិនឱ្យកូនស្រីខ្លួនទៅរៀនទៀតនោះទេ ព្រោះដោយបារម្ភពីសុវត្ថិភាពកូន។ ប៉ុន្តែដោយសារកូនចេះតែទទូចអង្វរចង់ទៅរៀនវិញ អ្នកស្រី ធី បានពិភាក្សាជាមួយអ្នកជិតខាង ដែលស្ម័គ្រចិត្តជួយចេញថ្លៃសិក្សានៅសាលាឯកជនឱ្យពាក់កណ្តាល។ «ខ្ញុំក៏ពិភាក្សាជាមួយអ្នកជិតខាង ដើម្បីឱ្យកូនខ្ញុំបានទៅរៀន ដោយសារគាត់សុំខ្ញុំរៀន តែខ្ញុំប្រាប់ថាខ្ញុំអត់មានលុយទេ ហើយបានតាបារាំងគាត់ឃើញ អាណិតអ៊ីចឹងទៅគាត់ជួយ សុំខ្ញុំសុំអី សុំឱ្យរៀននៅ BELTEIទៅ គាត់ជួយខ្លះ។ ឱ្យតែយើងមានទឹកចិត្ត ម្ដាយជួយ(ចេញ) គាត់ខ្លះទៅ»។ អ្នកស្រី ស៊ុំ ធី រៀបរាប់ដូច្នេះ។
ដ្បិតសម្រេចចិត្តបញ្ជូនកូនស្រីទៅរៀនវិញ ប៉ុន្តែអ្នកម្តាយរូបនេះ មិនបណ្តោយឱ្យកូនធ្វើដំណើរ ទៅរៀនដោយខ្លួនឯងដូចមុនទេ។ អ្នកស្រី ធី សុខចិត្តឌុបជូនកូនទៅរៀន មុននឹងទៅរើសអេតចាយ និងទៅទទួលពេលកូនចេញពីរៀន ដើម្បីធានាពីសុវត្ថិភាពរបស់គេ។
អ្នកស្រី អ៊ុក ស្រីរ័ត្ន ជាអ្នកជិតខាងដែលបានជួយចេញថ្លៃសិក្សាពាក់កណ្តាល ឱ្យ ស្រីនិច។ អ្នកស្រី អ៊ុក ស្រីរ័ត្ន រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា រយៈពេល២ឆ្នាំហើយ ដែលអ្នកស្រី និងស្វាមីជាជនជាតិបារាំង បានស្គាល់ និងរាប់អានម្តាយរបស់ស្រីនិច ដែលតែងតែទៅយកសម្ភារៈអេតចាយពីផ្ទះខ្លួន។ ស្ត្រីរូបនេះ ពន្យល់ថាមូលហេតុដែលខ្លួន និងស្វាមី ជួយចេញថ្លៃសិក្សា៥០ភាគរយឱ្យស្រីនិច ព្រោះតែអ្នកស្រី មានចិត្តអាណិតគ្រួសារស្រីនិចដែលក្រលំបាក តែមានចិត្តចង់ឱ្យកូនបន្តការសិក្សា។ អ្នកស្រី និងស្វាមីផ្ទាល់ ក៏ចង់ឃើញស្រីនិច បានរៀនខ្ពស់ដូចបំណងនាងដែរ។
អ្នកស្រី អ៊ុក ស្រីរ័ត្ន រៀបរាប់ដូច្នេះ៖«យើងមិនមែនជាអ្នកមានអីទេ ប៉ុន្តែគ្រាន់តែថា អ្វីដែលយើងអាចចែករំលែកបាន គឺយើងអាចចែករំលែកបាន បន្តិចក៏ដោយ ច្រើនក៏ដោយ ចេះតែចែកគ្នាអ៊ីចឹងទៅ។ ណាមួយខ្ញុំ ហើយនឹងប្ដីចូលចិត្តក្មេងដែលរៀន។ កូនគាត់ក៏ធ្លាប់ទៅរៀនអង់គ្លេសផ្ទះខ្ញុំដែរ ហើយយើងចាប់ផ្ដើមស្គាល់កូនគាត់ ពីហ្នឹងមកទៅ ហើយយើងស្គាល់ចរិត ហើយពេលមានបញ្ហាហ្នឹង កូនគាត់ចង់រៀន។ បើសិនយើងមិនជួយទេ អនាគតកូនគាត់គឺចប់»។
ស្រ៊ន់ ស្រីនិច កូនស្រីអ្នករើសអេតចាយ ប្តេជ្ញាខំប្រឹងរៀន យកចំណេះជួយឪពុកម្តាយវិញ
យុវតី ស៊្រន់ ស្រីនិច ទើបបានចូលរៀនថ្នាក់ទី៨ នៅសាលាប៊ែលធី ក្នុងដើមឆ្នាំ២០២២នេះប៉ុណ្ណោះ។ កំពុងកំពុងអង្គុយបន្ទប់ជួលផ្ទាល់នឹងឥដ្ឋធ្វើកិច្ចការសាលា យុវសិស្សរូបនេះ រៀបរាប់ថា នាងរីករាយខ្លាំងណាស់ ដែលខ្លួនអាចត្រឡប់ទៅសិក្សាវិញ។ សម្បុរស្រអែម ស្រីនិច មិនភ្លេចរំឭកគុណបំណាច់របស់ឪពុក ម្តាយ ដែលបានលះបង់ និងតស៊ូលំបាក ដើម្បីឱ្យខ្លួនបានសិក្សានោះឡើយ។ យុវសិស្សរូបនេះ ប្តេជ្ញាខំសិក្សារៀនសូត្រ មិនឱ្យគ្រួសារខកបំណងនោះទេ ហើយនាងបានប្តេជ្ញាយកចំណេះដឹងទាំងនោះ ជួយជ្រោមជ្រែង និងសម្រាលគ្រួសារវិញនៅថ្ងៃអនាគត។ «ខ្ញុំអត់ចង់ឱ្យដូចពួកគាត់ ចង់ឱ្យអនាគតខ្ញុំល្អជាងគាត់ ហើយនៅថ្ងៃមុខ ខ្ញុំនឹងជួយគាត់ អត់ឱ្យពិបាកអ៊ីចឹងទៀតទេ និងសម្រេចគោលដៅថ្ងៃមុខ ចង់ក្លាយជាអ្នកបកប្រែ»។ នេះជាការតាំងចិត្តរបស់ យុវតី ស្រ៊ន់ ស្រីនិច។
លោក វ៉េង ស្រ៊ន់ វ័យ៤៧ឆ្នាំ ដែលជាឪពុកស្រីនិច ក៏ត្រេកអរមិនចាញ់កូនស្រីប៉ុន្មាននោះឡើយ។ លោក ស្រ៊ន់ ថ្លែងប្រាប់សារព័ត៌មានថ្មីៗពីក្នុងបន្ទប់ជួលថា លោកសប្បាយខ្លាំងណាស់ ដែលឃើញកូនស្រី បានចូលសាលារៀនល្អដូចគេឯង។ លោកនិយាយទាំងទឹកភ្នែកដូច្នេះ៖«ខ្ញុំសប្បាយចិត្តណាស់! ខ្ញុំអរ! កូនទ្រហោយំ! ខ្ញុំថាកូនអើយកូន កូនឯងប្រឹងរៀន»។
សម្រាប់អ្នកស្រី ស៊ុំ ធី វិញ សង្ឃឹមថា ការសម្រេចចិត្តវិនិយោគលើការអប់រំកូននាពេលនេះរបស់ខ្លួន នឹងធ្វើឱ្យអនាគតកូន និងគ្រួសារ មានភាពប្រសើរ។ ដ្បិតថាការរកប្រាក់ចំណូលរបស់អ្នកស្រីនៅពេលអនាគតមានភាពស្រពេចស្រពិល ប៉ុន្តែស្ត្រីរូបនេះ ប្តេជ្ញាចិត្តតស៊ូ ដើម្បីកូនស្រីខ្លួនទទួលបានការអប់រំល្អប្រសើរ។ អ្នកស្រីនិយាយដូច្នេះ៖ «អនាគតទៅមុខទៅ ខ្ញុំចង់ឃើញកូនខ្ញុំមានការងារល្អៗ ហើយឱ្យរៀនចប់ចុងចប់ដើមហ្មងទៅណា។ ចង់បានចឹង ខ្ញុំអត់ចង់បានអីទេ ខ្ញុំចង់ឱ្យបានកូនរៀនតទៅមុខ កុំឱ្យពិបាកដូចខ្ញុំ»៕