ជាតិ
អ្នកស្រី ដួង ឆេងហួ ប្រកាសទិញថង់ប្លាស្ទិក យកទៅកែច្នៃជាវត្ថុធាតុដើមផលិតរបស់ប្រើប្រាស់ប្រចាំថ្ងៃ អ្នកស្រី ដួង ឆេងហួ ប្រកាសប្រមូលទិញថង់ប្លាស្ទិក ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រូបភាពផ្ដល់ដោយ អ្នកស្រី ដួង ឆេងហួ។
× អ្នកស្រី ដួង ឆេងហួ ជាម្ចាស់សហគ្រាសកែច្នៃថង់ប្លាស្ទិកប្រើប្រាស់រួច ទៅជាវត្ថុធាតុដើមសម្រាប់ ផលិតរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ ស្ត្រីវ័យ៣១ឆ្នាំរូបនេះ ក៏ប្រកាសប្រមូលទិញថង់ប្លាស្ទិកពីសាធារណជនដែរ ដើម្បីបម្រើដល់ការងារផលិតក្នុងសហគ្រាសខ្លួន ដែលមានសមត្ថភាពកែច្នៃប្លាស្ទិក ក្នុងបរិមាណ១-២តោន ក្នុងសប្តាហ៍។ បើតាមអ្នកស្រី ដួង ឆេងហួ ការប្រមូលថង់ប្លាស្ទិកនេះ មិនត្រឹមតែចូលរួមកាត់បន្ថយការបោះចោលថង់ប្លាស្ទិកគ្មានសណ្ដាប់ធ្នាប់ និងសម្អាតបរិស្ថាននោះទេ តែក៏បានចូលរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនដែរ។
នៅពាក់កណ្តាលឆ្នាំ២០២១ អ្នកស្រី ដួង ឆេងហួរ បានចាប់ផ្តើមដំណើរការសហគ្រាសកែច្នៃប្លាស្ទិក ទៅជាគ្រាប់ជ័រប្លាស្ទិក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ មានទីលំនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នកស្រី ដួង ឆេងហួរ ដែលមានវ័យ៣១ឆ្នាំ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុដែលខ្លួនចាប់ផ្តើមការងារកែច្នៃថង់ប្លាស្ទិកនេះ ព្រោះចង់ចូលរួមសម្អាតបរិស្ថាន ដែលកំពុងរងការបំពុល និងបាត់សោភ័ណភាពដោយសារតែសំណល់ប្លាស្ទិក។ អ្នកស្រី ដួង ឆេងហួ រៀបរាប់ដូច្នេះ៖«ខ្ញុំឃើញសំរាមច្រើន អ៊ីចឹងខ្ញុំមានគំនិតថា ប្រសិនបើយើងយកសំរាមយកមកកែច្នៃ វាជួយសម្អាតបរិស្ថានយើងផង និងសង្គមផង»។
ក្នុងមួយសប្ដាហ៍ សហគ្រាសកែច្នៃប្លាស្ទិករបស់ស្ត្រីរូបនេះ អាចកែច្នៃ និងប្រមូលទិញថង់ប្លាស្ទិកដែលប្រើរួច ចន្លោះពី១តោន ទៅ២តោន ពីប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញសហគ្រាសខ្លួន។ តម្លៃថង់ប្លាស្ទិកដែលអ្នកស្រីប្រមូលទិញពីពលរដ្ឋ គឺចន្លោះពី៣០០រៀល ទៅ៤០០រៀល ក្នុងមួយគីឡូក្រាម។ ក្រៅពីចូលរួមកាត់បន្ថយសំរាមថង់ប្លាស្ទិកដែលនៅរាយប៉ាយពាសវាលពាសកាលក្នុងមូលដ្ឋានខ្លួន អ្នកស្រី ឆេងហួ អះអាងថាអាជីវកម្មខ្លួន ក៏កំពុងផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាសហគមន៍ដែរ។ «ខ្ញុំកែច្នៃនេះ ក៏អាចជួយដល់ពលរដ្ឋដែរ ដោយសារពលរដ្ឋដែលនៅជិតហ្នឹង អាចយកសំរាម(ប្លាស្ទិក)អស់ហ្នឹង។ គាត់អាចមានកម្រៃប្រចាំថ្ងៃ សម្រាប់ពួកគាត់»។
បើតាមសម្ដីអ្នកស្រី ឆេងហួ ថង់ប្លាស្ទិក ដែលប្រមូលទិញពីពលរដ្ឋ ត្រូវយកផលិតទៅជា គ្រាប់ប្លាស្ទិក រួចយកទៅលក់ដល់សហគ្រាសកែច្នៃបន្ទាប់ ក្នុងស្រុក និងក្រៅប្រទេស។ ចំណែកគ្រាប់ប្លាស្ទិកដែលកែច្នៃបាន គឺជាវត្ថុធាតុដើមសម្រាប់ផលិតរបស់របរប្រើប្រាស់ប្រចាំថ្ងៃរួមមានកញ្ច្រែងជ័រ ធុងជ័រជាដើម៕
Tag:
ទិញថង់ប្លាស្ទិក
កំពង់ស្ពឺ
ដួង ឆេងហួ
© រក្សាសិទ្ធិដោយ thmeythmey.com