ពីនេះ ពីនោះ
អន្តរជាតិ
បាត់ធ្មេញដាក់មួយក្រាសនៅអេស្ប៉ាញ ១១ឆ្នាំក្រោយមក បុរសអង់គ្លេសម្នាក់ទទួលបានវិញតាមប្រៃសណីយ៍
12, Feb 2022 , 10:29 pm        
រូបភាព
ដោយ: ធីតា
តាមរយៈប្រៃសណីយ៍ បុរសអង់គ្លេសម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានកញ្ចប់មួយពីអេស្ប៉ាញ ដែលនោះ គឺជាធ្មេញដាក់មួយក្រាសដែលគាត់បានបាត់ នាពេញស្រវឹងខ្លាំង កាលពី១១ឆ្នាំមុន។ នេះបើតាមការផ្សាយរបស់ BBC។

 
លោក Paul Bishop ជនជាតិអង់គ្លេស ដែលបច្ចុប្បន្នមានអាយុ៦៣ឆ្នាំ បានអះអាងថា គាត់បានមានអាការៈមិនសូវស្រួលខ្លួន ក្រោយផឹកស្រាផ្លែឈើ នារាត្រីនៃពិធីជប់លៀងមួយនៅតំបន់មាត់សមុទ្រនៃក្រុង Benidorm ប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ២០១១។
 
លោក Paul បានរំលឹកកាលជាង១០ឆ្នាំមុនថា លោកមានស្ថានភាពស្រវឹង ហើយលោកបានដើរទៅតំបន់ចាក់សំរាម និងក្អួតនៅទីនោះ។ ពេលបន្តដំណើរទៅកន្លែងផឹកស៊ីមួយទៀត ស្រាប់តែមិត្តភក្តិរបស់លោកសួរថា ឯណាធ្មេញ លោកក៏វិលត្រឡប់ទៅរកមើល ពិសេសក្នុងធុងសំរាម ដើររកមិនឃើញ។
 
លោក Paul បានរាយការណ៍ទៅអាជ្ញាធរអេស្ប៉ាញ ពីការបាត់ធ្មេញរបស់ខ្លួននៅតំបន់ចាក់សំរាម។ លោកបានប្រាប់សារព័ត៌មានថា៖ «បន្ទាប់មក អ្នកដឹងទេ ពួកគេបានរកឃើញ DNA និងអាស័យដ្ឋានទំនាក់ទំនងរបស់ខ្ញុំនៅអង់គ្លេស ហើយផ្ញើធ្មេញមកឲ្យខ្ញុំ»។
 
តាម BBC អាជ្ញាធរអេស្ប៉ាញ បានរកឃើញធ្មេញនៅតំបន់ចាក់សំរាម ហើយបានផ្ញើទៅលោក Paul តាមអាសយដ្ឋាននៅ Stalybridge, Greter Manchester ក្រុងប្រទេសអង់គ្លេស។ សម្រាប់លោក Paul វាជារឿងដ៏ភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ដោយដំបូងឡើយ លោកគិតថា មានធ្វើលេងសើច (prank) ដាក់ខ្លួន ប៉ុន្តែទីបំផុតទើបឃើញច្បាស់ថា វាជាធ្មេញមួយក្រាសដែលលោកបានបាត់នៅអេស្ប៉ាញ កាលពីជាង១ទសវត្សរ៍មុន។
 
លោកនិយាយបែបកំប្លែងថា៖ «អ្នកទាំងអស់គ្នាបានដឹងលឺពីព័ត៌មានធ្មេញដ៏ល្បីល្បាញរបស់ខ្ញុំ ដូច្នេះខ្ញុំគួរតែបើកសារមន្ទីរធ្មេញមួយនៅ Stalybridge តែម្តង»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com