ជាតិ
ពីនេះ ពីនោះ
វិបត្តិ នៃការធ្វើឧស្សាហកម្មរ៉ែហួសហេតុ
14, Feb 2022 , 8:29 am        
រូបភាព
ភ្នំពេញ៖ ធនធានរបស់ផែនដី មិនអាចបង្កើនឱ្យច្រើនទេ ប៉ុន្តែតម្រូវការរបស់មនុស្ស កើនឡើងកាន់តែច្រើនៗឡើង។ ការប្រែក្លាយដីចម្ការ ទៅជារោងចក្រ ការធ្វើឧស្សាហកម្មនានា និងការធ្វើអាជីវកម្មរ៉ែ កំពុងផ្សោះផែនដីបន្តិចម្តងៗ និងប៉ះពាល់យ៉ាងខ្លាំង ដល់បម្រែបម្រួលអាកាសធាតុផងដែរ។

 
បើតាមសៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា«បរិស្ថានយើង» នៅសតវត្សទី១៩ បស្ចិមប្រទេសបានស្គាល់បដិវត្តន៍សេដ្ឋកិច្ច និងសង្គមពិតប្រាកដមួយ។ អ្នកមាន មិនមែនមានត្រឹមតែដីធ្លីប៉ុណ្ណោះទេ តែក៏ជាអ្នកដែលបង្កើតរោងចក្រ និងអភិវឌ្ឍឧស្សាហកម្ម ដោយសារការរីកចម្រើនខាងបច្ចេកវិទ្យា។
 
អ្នកមាន បានយកកម្មករ មកពីជនបទឱ្យមកធ្វើការ និងធ្វើអាជីវកម្ម លើធនធានធម្មជាតិ។ នៅសម័យនោះ លក្ខខណ្ឌរស់នៅមានការប្រសើរឡើង មនុស្សហូបចុកគ្រាន់បើជាងមុន ចេះគិតគូរពីអនាម័យ ទទួលបានព្យាបាលល្អ ទៅសាលារៀន ប៉ុន្តែរហូតដល់ពេលនេះសង្គមមានការប្រែប្រួល។ នៅក្នុងបរិបទនេះ ឧស្សាហករ ចង់មានស្តុកស្តម្ភ។ ចំណែកកម្មករត្រូវការស្លៀកពាក់ ហូបចុក មានផ្ទះសម្បែង និងមធ្យោបាយធ្វើដំណើរជាដើម។ 
 
មនុស្សបង្កើតបច្ចេកវិទ្យា ផលិតម៉ាស៊ីន បង្កើតរោងចក្រ និងរៀបចំការងារ ដើម្បីផលិតឱ្យកាន់តែលឿន និងកាន់តែល្អ។ មនុស្សបានប្រើប្រាស់ប្រភពថាមពលថ្មីៗ ដូចជាធ្យូងថ្ម និងក្រោយមកទៀតប្រើប្រេង។ ឧស្សាហកម្មដំបូងៗ ដែលត្រូវបានអភិវឌ្ឍឡើង គឺឧស្សាហកម្មកប្បាស និងរ៉ែ បន្ទាប់មកគឺឧស្សាហកម្មគីមី យានយន្ត និងអគ្គិសនី។ 
 
នៅឆ្នាំ១៨០០ ចាប់ផ្តើមមានការបង្កើតកីតម្បាញស្វ័យប្រវត្តិ ហើយឆ្នាំ១៨២៧ មានការបង្កើតផ្លូវដែកសាធារណៈលើកដំបូង។ នៅឆ្នាំ១៨៣០ ក៏ចាប់ផ្តើមលេចរូបរាងម៉ាស៊ីនដេរ និងឆ្នាំ១៨៧៦ មានការផលិតទូរសព្ទ។ នៅឆ្នាំ១៨៧៩ គេចាប់ផ្តើមផលិតចង្កៀងអគ្គិសនី និងឆ្នាំ១៩០១ ក៏មានម៉ាស៊ីនបោកខោអាវអគ្គិសនី។ រថយន្តហ្វតតេ (Ford T) ជារថយន្តទី១ ដែលគេផលិត ក្នុងទ្រង់ទ្រាយធំ នាឆ្នាំ១៩០៨។ នៅឆ្នាំ ១៩២៣ ប្រកាសនីយបត្រសម្រាប់ទូរទស្សន៍អេឡិចត្រូនិកសុធ្ធសាធត្រូវបានផលិត ហើយឆ្នាំ១៩៤៥ កុំព្យូទ័រអេឡិចត្រូវនិកសុទ្ធសាធ ក៏បានលេចរូបរាងជាលើកដំបូង។ រហូតដល់ឆ្នាំ ១៩៥៧ ផ្កាយរណបទី១ នៅលើពិភពលោក ក៏ត្រូវបង្កើតឡើង។
 
ដើម្បីឱ្យបានផលច្រើន វិស័យកសិកម្ម ចាប់ផ្តើមប្រើជីគីមី និងម៉ាស៊ីនដែលគេបានផលិតឡើងនៅក្នុងរោងចក្រ។ ធនាគារ និងពាណិជ្ជកម្ម ចាប់ផ្តើមអភិវឌ្ឍឡើង។ ទីក្រុង ក៏រីកធំដែរ ព្រោះមនុស្សមករកការងារធ្វើ ដើម្បីឱ្យមានជីវភាពប្រសើរ។ សព្វថ្ងៃ ចលនានេះកំពុងបន្ត នៅតាមបណ្តាប្រទេសជាច្រើន មានជាអាទិ៍ ប្រទេសកម្ពុជា ដែលជាកំពុងអភិវឌ្ឍវិស័យឧស្សាហកម្មកាត់ដេរ។
 
ចាប់តាំងពីសតវត្សទី២០មក យើងបានប្រើប្រាស់គគ្រឹកគគ្រេង នូវរូបធាតុដែលភពផែនដីចំណាយពេលរាប់លានឆ្នាំដើម្បីបង្កើត។ រូបធាតុសំខាន់ៗ ត្រូវបានគេទាញចេញពីក្រោមដី ដូចជា ប្រេងកាត ឧស្ម័ន ធ្យូងថ្ម និងរ៉ែផ្សេងៗទៀត។ ធនធានទាំងនេះមានកំណត់ ដូច្នេះហើយជួនកាលវាបង្កឱ្យមានសង្គ្រាមទៀតផង។ ឧទាហរណ៍ នៅក្នុងទ្វីបអាព្រិក នៅភាគខាងកើតនៃប្រទេសកុងហ្គោ មនុស្សច្បាំងគ្នា ដើម្បីគ្រប់គ្រងកន្លែងធ្វើអាជីវកម្មរ៉ែកុលតង់។ រ៉ែប្រភេទនេះ គេប្រើសម្រាប់ផលិតទូរសព្ទដៃ និងកុំព្យូរទ័រជាដើម។
 
ប្រទេសកម្ពុជា ក៏មានធនធានធម្មជាតិច្រើន សម្រាប់ធ្វើឧស្សាហកម្មផងដែរ ដូចជាប្រេងកាតនៅក្នុងដែនសមុទ្រ ឧស្ម័ន និងរ៉ែផ្សេងៗទៀត។ ក្រៅពីនេះ គេក៏ឃើញមានរ៉ែទង់ដែង ស្ពាន់ធ័រ និងបុកស៊ីត (ប្រើសម្រាប់ធ្វើអាលុយមីញ៉ូម) ក្នុងតំបន់ផ្សេងៗ ជាពិសេសភាគពាយ័ព្យ និងភាគបូព៌ានៃប្រទេស៕

Tag:
 បរិស្ថាន
  អាជីវកម្មរ៉ែ
  អង្គការស៊ីប៉ា
  ខ្ញុំចង់ដឹង
© រក្សាសិទ្ធិដោយ thmeythmey.com