អន្តរជាតិ
កម្លាំងទ័ពរុស្ស៊ីមួយចំនួន ដកចេញពីតំបន់ក្បែរព្រំដែនអ៊ុយក្រែន
15, Feb 2022 , 8:29 pm        
រូបភាព
កងទ័ពរុស្ស៊ី។ រូបភាព៖ Moskva News Agency
កងទ័ពរុស្ស៊ី។ រូបភាព៖ Moskva News Agency
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី១៥ ខែកុម្ភៈ អះអាងថា កម្លាំងទ័ពមួយចំនួន ដែលបានពង្រាយនៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន បានចាប់ផ្តើមដកមកបន្ទាយវិញហើយ។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ពីចំនួនទ័ពដែលត្រូវបានដកឡើយ។  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax។

 
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ រុស្ស៊ីបានពង្រាយទ័ពជាង ១០ម៉ឺននាក់ នៅក្បែរព្រំដែនអ៊ុយក្រែន។ កន្លងមក អាម៉េរិក បានចោទរុស្ស៊ីថា បានបង្កើនចំនួនទ័ពជាលំដាប់ ក្នុងគោលបំណងវាយប្រហារលើអ៊ុយក្រែន។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ក្នុងថ្ងៃទី១៥ ខែកុម្ភៈ បានបញ្ជាក់ថា កម្លាំងទ័ពមួយចំនួន កំពុងរៀបចំដកចេញពីតំបន់ក្បែរព្រំដែនអ៊ុយក្រែន។ 
 
«កងកម្លាំងយោធាភូមិភាគខាងត្បូង និងខាងលិច បានបញ្ចប់កិច្ចការហើយ និងកំពុងរៀបចំសម្ភារដាក់រថភ្លើង និងរថយន្ត»។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់បែបនេះ ដោយបន្តថា ពួកគេនឹងវិញត្រលប់ទៅបន្ទាយវិញ។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ពីចំនួនទ័ពដែលត្រូវបានដក ឬទីតាំងបន្ទាយឡើយ។ 
 
ការដកទ័ពរបស់រុស្ស៊ីធ្វើឡើង ស្របពេលអធិការបតីអាល្លឺម៉ង់ Olaf Scholz ធ្វើដំណើរទស្សនកិច្ចទៅរុស្ស៊ី ដើម្បីជជែកជាមួយលោកប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន និងដោះស្រាយវិបត្តិ ដែលបានអូសបន្លាយជាច្រើនខែ។ ក្នុងអំឡុងទស្សនកិច្ចនៅអ៊ុយក្រែន លោក Scholz បានលើកឡើងពីការចរចាដ៏ម៉ត់ចត់មួយជាមួយរុស្ស៊ី ដើម្បីធានាសន្តិសុខនៅអឺរ៉ុប ប៉ុន្តែលោកក៏បានលើកឡើងពីទណ្ឌកម្មផងដែរ។ 
 
របាយការណ៍ស្តីពីការដកទ័ពនេះ បានធ្វើឱ្យភាពតានតឹងកាន់តែថមថយបន្តិច ស្របពេលអាម៉េរិក និងអ៊ុយក្រែន បានចោទរុស្ស៊ីថា អាចមានការវាយប្រហារលើអ៊ុយក្រែន ក្នុងថ្ងៃទី១៦ ខែកុម្ភៈ។ បញ្ហានេះ បានធ្វើឱ្យប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រកាសដាក់ថ្ងៃនោះ ជាទិវានៃការបង្រួបបង្រួម និងជំរុញឱ្យប្រជាជនការពារប្រទេស។ 
 
ដោយបារម្ភពីលទ្ធភាពផ្ទុះសង្រ្គាមនៅអ៊ុយក្រែន អាម៉េរិក បានប្តូរទីតាំងស្ថានទូតរបស់ខ្លួនពីក្រុងកៀវ ទៅក្រុង Lviv វិញ។ ទីក្រុង Lviv ដែលស្ថិតនៅភាគខាងលិច មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីប៉ូឡូញ។ កន្លងមក អូស្រ្តាលី ក៏បានប្រកាសប្តូរស្ថានទូតទៅក្រុង Lviv ដែរ ខណៈជប៉ុនបានរៀបចំការិយាល័យទំនាក់ទំនង ដើម្បីជួយប្រជាជនខ្លួននៅអ៊ុយក្រែន៕ 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com