អន្តរជាតិ
លោកស្រី ការី ឡាំ ច្រានចោលជម្រើសបិទខ្ទប់ក្នុងក្រុង បើទោះករណីឆ្លងជំងឺកូវីដ-១៩ កើនខ្លាំង
15, Feb 2022 , 9:29 pm        
រូបភាព
ពលរដ្ឋហុងកុងតម្រង់ជួរផ្ដល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩។ រូបថត Xinhua
ពលរដ្ឋហុងកុងតម្រង់ជួរផ្ដល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩។ រូបថត Xinhua
ដោយ:
មេដឹកនាំក្រុងហុងកុងលោកស្រី ការី ឡាំ នៅថ្ងៃទី១៥ ខែកុម្ភៈ បានបដិសេធមិនចាត់វិធានការបិទខ្ទប់ទូទាំងក្រុងដើម្បីទប់ស្កាត់សន្ទុះឆ្លងជំងឺកូវីដ-១៩ឡើយ។ ប៉ុន្តែការកើនឡើងនៃការឆ្លងជាបន្តបន្ទាប់បែបនេះ ទំនងអាចពន្យារពេលការបោះឆ្នោតជ្រើសរើសប្រធានប្រតិបត្តិនាខែមីនាខាងមុខ។


 
ស្ថិតក្នុងខែកុម្ភៈនេះ អត្រាអ្នកជំងឺកូវីដ-១៩ក្នុងទីក្រុងហុងកុង បានកើនឡើងច្រើនលើសលុប។ រយៈពេល២សប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ បានហក់ឡើងគុណនឹង២០ដង បើប្រៀបធៀបចំនួនឆ្លងនៅដើមខែកុម្ភៈ។ នៅថ្ងៃទី១៤ខែកុម្ភៈ អាជ្ញាធរសុខាភិបាលក្រុងនេះ កត់ត្រាករណីឆ្លងថ្មីចំនួន២,០៧១ នាក់និងករណីវិជ្ជមានបឋមដោយឧបករណ៍តេស្តរហ័សមាន ៤៥០០ នាក់ផ្សេងទៀត។
 
ខណៈករណីឆ្លងផ្ទុះឡើងខ្លាំង ប្រមុខប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ និយាយថា អាជ្ញាធរមិនអាចរក្សាល្បឿនក្នុងការធ្វើតេស្តដើម្បីអ្នកឆ្លង និងការកំណត់ឱ្យដាក់ដោយឡែកបានទេ។ លោកស្រី ឡាំ ប្រធានក៏អះអាងថា មិនមានផែនការសម្រាប់បិទក្រុងដើម្បីទប់ស្កាត់ការរីករាលដាលឡើយ ប៉ុន្តែរដ្ឋាភិបាលលោកស្រី នឹងអនុវត្តយុទ្ធសាស្រ្តលុបបំបាត់ករណីឆ្លងដូចដែលចិនដីគោកប្រកាន់យកដើម្បីទប់ស្កាត់កន្លែងផ្ទុះករណីឆ្លងភ្លាមៗនៅពេលរកឃើញ។
 
«យើង មិនអាចុះចាញ់ជាមួយជំងឺនេះទេ។ វាមិនមានជាជម្រើសឡើយ។» លោកស្រី ឡាំ បញ្ជាក់បែបនេះដោយសំដៅវិធានការការបិទក្រុង។
 
ចំណែកទាក់ទិននឹងការបោះឆ្នោតជ្រើសរើសប្រធានប្រតិបត្តិនៅថ្ងៃទី២៧ខែមីនា លោកស្រី ឡាំ បានបញ្ជាក់ថា ផែនការមិនមានការផ្លាស់ប្តូរទេ ប៉ុន្តែស្ថានភាពអាចនឹងត្រូវបានពិនិត្យមើលឡើងវិញជាបន្តបន្ទាប់ទៀត។
 
ដើម្បីទប់ទល់ករណីឆ្លង រដ្ឋាភិបាលក្រុងហុងកុងក៏បានរឹតត្បិតវិធានការយ៉ាងតឹងតែងដោយក្នុងទីក្រុង ប្រជាជនត្រូវបានហាមប្រាមមិនឱ្យជួបជុំជាសាធារណៈដែលមានមនុស្សលើសពីរនាក់ឡើយហើយ សាលារៀន ព្រះវិហារ និងកន្លែងហាត់ប្រាណក៏ត្រូវបានបិទ។ ឯភោជនីយដ្ឋាន ត្រូវបានបញ្ជាឱ្យបិទនៅត្រឹមម៉ោង៦ល្ងាច និងបុគ្គលិកភាគច្រើនតម្រូវឱ្យធ្វើការពីផ្ទះ។
ជាមួយគ្នានេះ ហុងកុងនឹងអនុវត្តវិធានការតម្រូវឱ្យប្រជាជនខ្លួនបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ចាប់ពីថ្ងៃទី២៤ខែកុម្ភៈតទៅ មុនពេលចូលទៅខាងក្នុងភោជនីយដ្ឋាន ផ្សារទំនើប និងហាងទំនិញជាដើម។ 
 
គិតត្រឹមថ្ងៃទី១៥ខែកុម្ភៈ ហុងកុងរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩សរុប ២៥០៥១នាក់ និងស្លាប់២២១ នាក់៕
 

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com