ជាតិ
សេដ្ឋកិច្ច
ស្ពាន៧កន្លែង នៅក្រចេះនិងព្រៃវែង ដែលជាជំនួយរបស់ជប៉ុន ត្រូវបានដាក់ឱ្យប្រើប្រាស់
16, Feb 2022 , 6:59 pm        
រូបភាព
នេះជាស្ពានមួយក្នងចំណោមស្ពានទាំង៧នៃជំនួយ~ប៉ុន ដែលត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវ
នេះជាស្ពានមួយក្នងចំណោមស្ពានទាំង៧នៃជំនួយ~ប៉ុន ដែលត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវ
ភ្នំពេញ៖ ស្ពានចំនួន៧កន្លែង ដែលស្ថិតនៅគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ក្នុងភូមិសាស្រ្តនៃខេត្តក្រចេះ និងខេត្តព្រៃវែង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៦កុម្ភៈ។ ស្ពានទាំងនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ឱ្យកម្ពុជា ដែលមានតម្លៃប្រមាណ៣៥លានដុល្លារអាម៉េរិក។

 
ស្ពាន៥កន្លែង នៅខេត្តក្រចេះ និង២កន្លែងទៀត នៅខេត្តព្រៃវែង  ដែលជាជំនួយឥតសំណងរបស់ជប៉ុន ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ស្ពានទាំងនោះមាន ស្ពានព្រែកសណ្តាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់ឃ្លេ ស្ពានព្រែកឆ្លូង និងស្ពានពាមទេរ គឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៣ នៃខេត្តក្រចេះ ខណៈស្ពានបាបោងលេខ១ និងលេខ២  ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង។
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការធ្វើស្ពានទាំង៧កន្លែងឡើងវិញនេះ គឺដើម្បីឆ្លើយតបនឹងឥទ្ធិពលនៃគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ នៅក្នុងអំឡុងរដូវវស្សា ដោយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងបង្កផលលំបាកផ្សេងៗ ដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ភូមិសាស្រ្តនៃខេត្តទាំងពីរ។ បើតាមលោករដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ស្ពានទាំង៧កន្លែង ដែលបានចំណាយពេលអស់ជិត៣០ខែក្នុងការស្ថាបនានេះ គឺធ្វើឡើងដោយមានច្រាំងការពារការហូរច្រោះទឹកជំនន់ និងជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់១០សង់ទីម៉ែត្រ។ 


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
 
ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានទាំង៧កន្លែងនេះ នៅថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ៖«បច្ចុប្បន្ន ស្ពានទាំង៧កន្លែង ដែលមានប្រវែងសរុប៦៧០ម៉ែត្រនេះ បានក្លាយជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិលេខ៧៣ នៃខេត្តក្រចេះ និងផ្លូវជាតិលេខ១១ នៃខេត្តព្រៃវែង សម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀងសេដ្ឋកិច្ចកណ្តាល និងរបៀងសេដ្ឋកិច្ចខាងត្បូង»។ 
 
ពាក់ព័ន្ធនឹងការសាងសង់ស្ពានចំនួន៧កន្លែងឡើងវិញនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញនូវមោទកភាពជាខ្លាំង ដែលគម្រោងនេះអាចរួមចំណែក ដល់ការលើកស្ទួយជីវភាពប្រជាជននៅក្នុងតំបន់ ដែលបានរងគ្រោះដោយទឹកជំនន់ញឹកញាប់ និងកកស្ទះនៃការដឹកជញ្ជូននានា នៅពេលមានទឹកជំនន់។ ក្រៅពីស្ពានទាំង៧នេះ ជប៉ុនក៏ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដែរ ដូចជាផ្លូវជាតិនានា អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។ 


លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
 
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានលើកឡើងថា  ជប៉ុនបានជួយកម្ពុជា ដល់កម្រិតដៃគូយុទ្ធសាស្ត្រទៅហើយ នៅក្នុងដំណើរស្វែងសន្តិភាព និងក៏ជួយស្តារឡើងវិញសេដ្ឋកិច្ចកម្ពុជា។ សម្តេច បានបញ្ជាក់ថា មកទល់ពេលនេះ ជប៉ុនបានជួយកម្ពុជាក្នុងថវិកាប្រមាណ ១ ៤០០លានដុល្លារ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយក្នុងនោះ គឺមានស្ពានធំៗឆ្លងកាត់ទន្លេមេគង្គ ចំនួន២  គឺស្ពានគីហ្សូណា នៅខេត្តកំពង់ចាម  និងស្ពាន ត្សឹបាសា នៅអ្នកលឿង នៃខេត្តព្រៃវែង៕
 

សម្តេច​ ហ៊ុន សែន

 

Tag:
 ហ៊ុន សែន
  ស្ពាន
  ក្រចេះ
  ព្រៃវែង
  ស៊ុន ចាន់ថុល
  ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com