អន្តរជាតិ
រាជធានីថៃ «បាងកក» នឹងមាន​ឈ្មោះផ្លូវ​ការមួយទៀតថា «ក្រុងទេពមហានគរ»
16, Feb 2022 , 7:29 pm        
រូបភាព
ទីក្រុងបាងកក។ រូបភាព៖ Unsplash
ទីក្រុងបាងកក។ រូបភាព៖ Unsplash
គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃទី១៥ ខែកុម្ភៈ បានឯកភាពជាគោលការណ៍លើសេចក្តីប្រកាស របស់ការិយាល័យ នាយករដ្ឋមន្រ្តីជុំវិញបញ្ជីឈ្មោះ ដែនដី តំបន់រដ្ឋបាល និងទីក្រុង ក្រោមការស្នើសុំដោយការិយាល័យសង្គមថៃ(ORST)។ ក្នុងការកែប្រែថ្មី រាជធានីថៃ ត្រូវហៅថា «ក្រុងទេពមហានគរ» (Krung Thep Maha Nakhon) សម្រាប់ប្រើផ្លូវការ ប៉ុន្តែឈ្មោះ «បាងកក» នៅតែបានដដែល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។


 
សេចក្តីប្រកាស ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីថៃ បានបញ្ជាក់ថា ការិយាល័យសង្គមថៃបានស្នើឱ្យធ្វើបច្ចុប្បន្នភាពឈ្មោះប្រទេស,​ ទីក្រុង និងតំបន់រដ្ឋបាលមួយចំនួនពីការហៅបែបបរទេស ទៅជាការហៅបែបថៃវិញ។ 
 
ក្នុងសំណើនោះ ឈ្មោះរាជធានីរបស់ថៃខ្លួនឯង ក៏ត្រូវហៅថាក្រុងទេពមហានគរវិញ។ តាមរយៈបណ្តាញសង្គម Facebook ថ្ងៃទី១៥ ខែកុម្ភៈ ការិយាល័យសង្គមថៃបានបញ្ជាក់យ៉ាងច្បាស់ថា ទាំងក្រុងទេពមហានគរ ទាំងបាងកក នៅតែអាចប្រើប្រាស់បានដូចគ្នានៅពេលហៅសំដៅឈ្មោះរាជធានីថៃ។ 
 
កាលពីឆ្នាំ២០០១ ស្ថាប័នដដែលនេះ បានកែការហៅឈ្មោះរាជធានីថៃទៅជាបាងកក។ តាមពិតទៅ ថៃ ក៏សរសេរ និងហៅឈ្មោះរាជធានីតាមភាសារបស់ខ្លួនថា ក្រុងទេពមហានគរ យូរមកហើយដែរ ឯពាក្យបាងកក (Bangkok) ត្រូវបានហៅ និងសរសេរតាមភាសាបរទេស។
 
គណៈកម្មការ ORST មានភារៈត្រួតពិនិត្យឈ្មោះតំបន់ ហើយមានសមាជិកមកពីផ្នែកភាសាវិទ្យា និងតំណាងក្រសួងការបរទេស ដើម្បីដាក់សំណើទៅការិយាល័យនាយករដ្ឋមន្រ្តីសម្រាប់ការអនុម័តពីគណៈរដ្ឋមន្រ្តី។ ក្នុងការកែប្រែឈ្មោះតំបន់នេះលើ ថៃក៏បានអនុម័តឱ្យហៅក្រុងរ៉ូមរបស់អ៊ីតាលីទៅជារ៉ូមា (Roma), រដ្ឋធានីយ៉ាំងហ្គោន ទៅណៃពិដោ, រាជាណាចក្រនេប៉ាល់ ត្រូវប្តូរជាសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ដែរ។ ចំណែករដ្ឋបាឡេស្ទីន ដែលមិនទាន់ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ត្រូវបានថៃដាក់បញ្ចូលក្នុងបញ្ជីប្រទេសផងដែរ។ 
 
យ៉ាងណាមិញ ឈ្មោះក្រុងទេពមហានគរនេះ មិនទាន់ចូលជាធរមានឡើយ ព្រោះត្រូវរង់ចាំការត្រួតពិនិត្យពីគណៈកម្មាធិការគ្រប់គ្រងសេចក្តីព្រាងច្បាប់ និងការអង្កេតបន្ថែមពីក្រសួងការបរទេសថៃសិន៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com