អន្តរជាតិ
រុស្ស៊ី បញ្ជូនទ័ពចូលបន្ទាយវិញ ក្រោយបញ្ចប់សមយុទ្ធយោធានៅគ្រីមៀ
16, Feb 2022 , 9:29 pm        
រូបភាព
កងទ័ពរុស្ស៊ី។ រូបភាព៖ TASS
កងទ័ពរុស្ស៊ី។ រូបភាព៖ TASS
រុស្ស៊ី នៅថ្ងៃទី១៦ ខែកុម្ភៈ ប្រកាសបញ្ចប់សមយុទ្ធយោធានៅគ្រីមៀ និងបញ្ជូនកម្លាំងទ័ពត្រលប់មកបន្ទាយអចិន្រ្តៃយ៍វិញ។ ការដកទ័ពនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានដកទ័ពនៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន។

 
ខណៈពេលប្រទេសលោកខាងលិច នៅតែបន្តចោទប្រកាន់រុស្ស៊ីធ្វើឱ្យស្ថានភាពកាន់តែតានតឹង ក្រុងមូស្គូបានប្រកាសបញ្ចប់ធ្វើសមយុទ្ធយោធាពីគ្រីមៀ និងបញ្ជូនកម្លាំងយោធាមកបន្ទាយវិញ។ នេះជាសញ្ញាមួយ ដែលរុស្ស៊ីចង់បង្ហាញថា ខ្លួនមិនមានចេតនាវាយប្រហារលើអ៊ុយក្រែន ដូចការចោទប្រកាន់របស់ប្រទេសលោកខាងលិចឡើយ។ 
 
«កងកម្លាំងយោធាភូមិភាគខាងត្បូង បានបញ្ចប់ការចូលរួមក្នុងសមយុទ្ធយុទ្ធសាស្រ្ត និងកំពុងធ្វើដំណើរត្រលប់ទៅបន្ទាយអចិន្រៃ្តយ៍ខ្លួនវិញ»។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៦ ខែកុម្ភៈ ដោយបន្តថា ទ័ពរុស្ស៊ី បានរៀបចំសម្ភារយោធា រថយន្តសម្រាប់វាយប្រហារទ័ពថ្មើរជើង រថពាសដែកដាក់លើរថភ្លើងរួចរាល់ហើយ។ ទន្ទឹមនេះ ទូរទស្សន៍រដ្ឋ បានផ្សាយពីរូបភាពកម្លាំងយោធារុស្ស៊ីឆ្លងស្ពានមួយដែលភ្ជាប់ពីរុស្ស៊ីទៅឧបទ្វីបគ្រីមៀផង។ 
 
ការប្រកាសនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីដកកម្លាំងទ័ពនៅតំបន់ក្បែរព្រំដែនជាប់ភាគខាងកើតរបស់អ៊ុយក្រែន។ បើទោះយ៉ាងណាក៏ដោយ បណ្តាប្រទេសលោកខាងលិច នៅតែបន្តអះអាងថា រុស្ស៊ីមិនបានបន្ធូរបន្ថយការរីកសាយនៃជម្លោះឡើយ ខណៈអាម៉េរិកជំរុញឱ្យរុស្ស៊ី បង្ហាញព័ស្តុតាង និងទំនុកចិត្តជុំវិញការដកទ័ពនោះ។ 
 
មិនតែប៉ុណ្ណោះ ការដកទ័ព និងការបញ្ចប់សមយុទ្ធយោធា ធ្វើឡើងស្របពេលរបាយការណ៍អាម៉េរិក បានចោទក្រុងមូស្គូថា អាចវាយប្រហារលើទីក្រុងកៀវ ក្នុងថ្ងៃទី១៦ ខែកុម្ភៈ។ ក្នុងជំនួបជាមួយមេដឹកនាំអាល្លឺម៉ង់ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ី មិនចង់មានសង្រ្គាមនៅអឺរ៉ុបឡើយ ហើយខ្លួននឹងបន្តចរចាលើវិបត្តិអ៊ុយក្រែន៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com