អន្តរជាតិ
អង់គ្លេសនិងអូស្រ្តាលីថា កិច្ចព្រមព្រៀងសង់នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ កំពុងដំណើរការល្អ
17, Feb 2022 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ជាមួយសមភាគីអូស្រ្តាលី លោក ស្កុត មូរីសុន។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ជាមួយសមភាគីអូស្រ្តាលី លោក ស្កុត មូរីសុន។ រូបភាព៖ AFP
តាមការសន្ទនាទ្វេភាគី នាយករដ្ឋមន្រ្តីអង់គ្លេស និងអូស្រ្តាលី នៅថ្ងៃទី១៧ ខែកុម្ភៈ បានអះអាងថា កិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ កំពុងមានដំណើរការយ៉ាងល្អ។ មេដឹកនាំប្រទេសទាំងពីរ ក៏បានប្តេជ្ញាខិតខំអភិវឌ្ឍយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយការបើកចំហ និងបរិយាប័ន្នផងដែរ។

 
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន នៅថ្ងៃទី១៧ ខែកុម្ភៈ បានជួបជាមួយសមភាគីអូស្រ្តាលី ស្កុត មូរីសុន តាមប្រព័ន្ធវីដេអូដើម្បីជជែកពីពាណិជ្ជកម្ម ការវិនិយោគ អាកាសធាតុ បរិស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាដើម។ កិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកដែលអាម៉េរិក និងអង់គ្លេសជួយអូស្ត្រាលី ក៏ជារបៀបវារៈដ៏សំខាន់ផង។ 
 
ក្នុងជំនួបទ្វេភាគី មេដឹកនាំអង់គ្លេស និងអូស្រ្តាលី បានប្តេជ្ញាចំពោះសម្ព័ន្ធភាព AUKUS ដោយសហការជាមួយអាម៉េរិក ក្នុងកិច្ចខិតខំលើកតម្កើងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយការបើកចំហ និងការរួមបញ្ចូល។ 
 
«ភាគីទាំងបី បានជួយឱ្យមានដំណើរការយ៉ាងសំខាន់ សម្រាប់កិច្ចខិតខំផ្តល់ឱ្យកងទ័ពជើងទឹកអូស្រ្តាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ»។ សេចក្តីថ្លែងការណ៍រួមលើជំនួបមេដឹកនាំអង់គ្លេស និងអូស្រ្តាលី បានបញ្ជាក់បែបនេះ។ 
 
ទន្ទឹមនេះ មេដឹកនាំប្រទេសទាំងពីរ បានសាទរការចូលជាធរមាននៃកិច្ចព្រមព្រៀងដោះដូរព័ត៌មានបច្ចេកវិទ្យានុយក្លេអ៊ែរ (ENNPIA) នៅថ្ងៃទី៨ ខែកុម្ភៈ កន្លងមកផងដែរ។ ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យអាម៉េរិក ជាមួយអង់គ្លេស ផ្ទេរព័ត៌មានបច្ចេកវិទ្យានុយក្លេអ៊ែរទៅអូស្រ្តាលី។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូនោះ មេដឹកនាំទាំងពីរ បានស្វាគមន៍វត្តមានរបស់មន្រ្តីអាម៉េរិក និងអង់គ្លេស នៅអូស្រ្តាលី ដើម្បីណែនាំលើការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ លោក មូរីសុន ក៏បានពិចារណាពីប្រភេទអាវុធលើនាវាមុជទឹកនេះដែរ។ 
 
សូមបញ្ជាក់ថា សម្ព័ន្ធភាព AUKUS ត្រូវបានបង្កើតឡើង ស្របពេលចិនកំពុងពង្រឹងឥទ្ធិពលខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សម្ព័ន្ធភាព ដែលត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងមក បានរងការរិះគន់យ៉ាងខ្លាំងពីប្រទេសមួយចំនួនដូចជា ចិន និងបារាំង៕ 
 

Tag:
 អង់គ្លេស
  អូស្រ្តាលី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com