អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី៖ ឥឡូវនេះមិនមែនជាពេលប្រជែងភូមិសាស្រ្តនយោបាយឡើយ
17, Feb 2022 , 10:29 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ។ រូបភាព៖ Twitter-Joko Widodo
ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ។ រូបភាព៖ Twitter-Joko Widodo
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១៧ ខែកុម្ភៈ បានលើកឡើងថា ពេលនេះមិនមែនជាពេលប្រជែងភូមិសាស្រ្តនយោបាយ និងបង្កភាពតាងតឹងដូចដែលកំពុងកើតមាននៅអ៊ុយក្រែនឡើយ។ បើតាមលោកវីដូដូ ការប្រជែងភូមិសាស្រ្តនយោបាយ នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ដែលកំពុងតែងើបចេញពីជំងឺកូវីដ-១៩ ។

 
កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) បានចាប់ផ្តើមហើយនៅទីក្រុងហ្សាការតា នៅថ្ងៃទី១៧ ខែកុម្ភៈ ដោយរដ្ឋមន្រ្តីមួយចំនួន បានចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ។ ក្នុងជំនួបដ៏សំខាន់នេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានយល់ឃើញថា សេដ្ឋកិច្ចពិភពលោក នៅតែបន្តរងគ្រោះ ដោយសារជំងឺកូវីដ-១៩ និងគ្មានប្រទេសណាមួយ អាចរីកចម្រើនតែម្នាក់ឯងបានឡើយ។ បើតាមលោកប្រធានាធិបតីឥណ្ឌូណេស៊ី សេដ្ឋកិច្ចប្រទេសទាំងអស់ សុទ្ធតែពឹងផ្អែកលើគ្នាទៅវិញទៅមក។ 
 
ទន្ទឹមនេះ មេដឹកនាំឥណ្ឌូណេស៊ី ដែលត្រូវបានស្គាល់ជាទូទៅដោយឈ្មោះចូកូវីផងនោះ បានបន្ថែមថា​ នេះមិនមែនជាពេលត្រូវប្រឈមមុខដាក់គ្នាឡើយ។ 
 
«ក្នុងស្ថានភាពបែបនេះ វាមិនមែនជាពេលសម្រាប់ប្រជែងគ្នានោះទេ»។ មេដឹកនាំឥណ្ឌូណេស៊ី ក្នុងនាមជាប្រធាន G20 សម្រាប់ឆ្នាំ២០២២ ​បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា វាមិនមែនជាពេលវេលា ក្នុងការបង្កភាពតានតឹងថ្មី ដូចដែលកំពុងកើតមាននៅអ៊ុយក្រែន ដែលនាំឱ្យរំខានដល់ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកឡើយ ។ 
 
ក្នុងន័យនេះ លោក ចូកូវី បានអំពាវនាវឱ្យឱ្យបណ្តាប្រទេសទាំងអស់ផ្តោតលើភាពស៊ីសង្វាក់ និងការសហការជួយសង្រ្គោះពិភពលោក និងងើបចេញពីជំងឺឆ្លងសកលឱ្យបានឆាប់រហ័ស។ 
 
សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុG20 ត្រូវប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយបញ្ហាជំងឺកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ គោលនយោបាយហិរញ្ញវត្ថុ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម សុទ្ធតែជារបៀបវារៈដ៏សំខាន់៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  G20
© រក្សាសិទ្ធិដោយ thmeythmey.com