ជាតិ
សុខភាព
សម្តេច ហ៊ុន សែន សម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់កុមារពីអាយុ៣ដល់ក្រោម៥ឆ្នាំ សម្តេច ហ៊ុន សែន
× សម្តេច ហ៊ុន សែន បានសម្រេចឱ្យកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំ ទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ ការសម្រេចនេះ បន្ទាប់ពីមានកុមារក្រោមអាយុ៥ឆ្នាំបានឆ្លង«អូមីក្រុង» ប្រមាណជា២៥ភាគរយ។ នេះបើយោងតាមសារសំឡេងពិសេសរបស់សម្តេច។
ដើម្បីបង្ការវីរុសឆ្លងអូមីក្រុងនេះ សម្តេច ហ៊ុន សែន បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នូវដូសទី១-ទី២(ដូសមូលដ្ឋាន) សម្រាប់កុមារនៅទូទាំងប្រទេស ដែលមានអាយុពី៣ដល់ក្រោម៥ឆ្នាំ។ តាមរយៈសារសំឡេងនាយប់ថ្ងៃទី១៧កុម្ភៈ សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ៖ «ចៅទី២១ របស់ខ្ញុំដែលមានអាយុមិនដល់២ខួប ក៏បានឆ្លងជំងឺនេះ ផងដែរ។ ដូចនេះ យើងមានភាពចាំបាច់ក្នុងការការពារកុមាររបស់យើង កុំឱ្យឆ្លងនូវមេរោគបំប្លែងថ្មីអូមីក្រុងនេះ»។
សម្តេច បានបញ្ជាក់ថា គ្មានអ្វីដែលជាជម្រើសល្អជាងការចាក់វ៉ាក់សាំងដូសមូលដ្ឋាន សម្រាប់កុមារអាយុក្រោម៥ឆ្នាំនេះទេ ដែលនៅទូទាំងប្រទេសកម្ពុជាមានប្រមាណជា៧០ម៉ឺននាក់។
ជាមួយគ្នានេះ សម្តេច ក៏បានអនុញ្ញាតឱ្យកុមារដែលមានអាយុពី៥ឆ្នាំឡើងទៅ គឺអាចទទួលវ៉ាក់សាំងបង្ការកូវីដ-១៩នូវដូសជំរុញ(ដូសទី៣)បានផងដែរ។
បើតាមសេចក្តីជូនដំណឹងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នូវដូសជំរុញដល់កុមារពីអាយុ៥ឆ្នាំឡើង នឹងអនុវត្តចាប់ពីថ្ងៃទី២១កុម្ភៈ។ រីឯការចាក់សាំងនូវដូសមូលដ្ឋានដល់កុមារពីអាយុ៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ នឹងអនុវត្តចាប់ពីថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២២ តទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com