អន្តរជាតិ
លោក បៃឌិន ថា រុស្ស៊ីអាចវាយអ៊ុយក្រែនឆាប់ៗ ខណៈក្រុមផ្តាច់ខ្លួនប៉ះទង្គិចនឹងទ័ពអ៊ុយក្រែន
18, Feb 2022 , 12:00 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១៧ ខែកុម្ភៈ បានព្រមានថា លទ្ធភាពនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែខ្ពស់ ដោយសារទ័ពរុស្ស៊ីជាច្រើនបានរុលទៅក្បែរព្រំដែនរបស់អ៊ុយក្រែន។ ការព្រមាននេះ ធ្វើឡើងស្របពេលក្រុមឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែន បានប៉ះទង្គិចជាមួយកម្លាំងយោធាអ៊ុយក្រែន។ បើតាមលោក បៃឌិន នេះអាចជាលេសដែលរុស្ស៊ីប្រើដើម្បីឈ្លានពានអ៊ុយក្រែន។

 
បើទោះរុស្ស៊ី បានប្រកាសដកទ័ពមួយចំនួនក្តី ប៉ុន្តែមេដឹកនាំបណ្តាប្រទេសលោកខាងលិច នៅតែអះអាងថា គ្មានឡើយសញ្ញានៃការបន្ធូរបន្ថយជម្លោះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP រុស្ស៊ី ត្រូវបានបណ្តាប្រទេសអឺរ៉ុបចោទថា បានបង្កើនកម្លាំងទ័ពរហូតទៅ ១៥ម៉ឺននាក់​ នៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន ខណៈពេលក្រុងមូស្គូ បានការពារជាច្រើនលើកថា ខ្លួនគ្មានបំណងវាយប្រហារលើអ៊ុយក្រែនឡើយ។ 
 
ស្របពេលវិបត្តិអ៊ុយក្រែន កំពុងស្ថិតលើមាត់ជ្រោះនៃសង្រ្គាម មេដឹកនាំអាម៉េរិក បានលើកឡើងជាថ្មីថា រុស្ស៊ីអាចនឹងឈ្លានពានអ៊ុយក្រែន ក្នុងពេលឆាប់ៗខាងមុខ។ 
 
«យើងមានការកាត់សម្គាល់ថា ពួកគេ(រុស្ស៊ី) ត្រៀមខ្លួនរួចរាល់ដើម្បីវាយប្រហារអ៊ុយក្រែន»។ លោកប្រធានាធិបតី ចូ បៃឌិន បានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅសេតវិមានអាម៉េរិកបែបនេះ ដោយបន្តថា អាម៉េរិកមានហេតុផលជឿថា រុស្ស៊ីអាចនឹងប្រើល្បិច និងយកលេស ដើម្បីរុលទៅក្នុងដីអ៊ុយក្រែន។ 
 
បើតាមលោកប្រធានាធិបតី ប្រតិបត្តិការក្រុងមូស្គូ អាចនឹងកើតឡើងក្នុងរយៈពេល៤ឬ៥ថ្ងៃខាងមុខ។ មេដឹកនាំអាម៉េរិករូបនេះ ក៏បានបញ្ជាក់ផងដែរថា លោក មិនមានបំណងជជែកជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីក្នុងពេលឆាប់ៗខាងមុខជាថ្មីម្តងទៀតឡើយ។ 
 
ដោយបារម្ភពីការផ្ទុះឡើងនៃសង្រ្គាម លោកបៃឌិន បានបញ្ជាឱ្យ លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ប្តូរគម្រោងទស្សនកិច្ចមួយចំនួន និងទៅចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី១៧ ខែកុម្ភៈវិញ។ ក្នុងកិច្ចប្រជុំនោះ លោក ប្លីងខិន បានពន្យល់ពីយុទ្ធសាស្រ្តរបស់រុស្ស៊ី ដែលអាចយកលេស ដើម្បីវាយប្រហារលើអ៊ុយក្រែន។ 
 
បើទោះមិនបានបង្ហាញផែនការឱ្យបានលម្អិត លោក ប្លីងខិន បានពន្យល់ថា វាអាចមានការបំផ្ទុះគ្រាប់បែកភេរវករនៅរុស្ស៊ី ឬការប្រើប្រាស់យន្តហោះដ្រូន ដើម្បីប្រឆាំងប្រជាជនស៊ីវិល។ ជាការឆ្លើយតប ក្រុងមូស្គូ អាចវាយប្រហារតាមអ៊ីនធឺណិត មីស៊ីល និងទម្លាក់គ្រប់បែកលើក្រុងកៀវ។ លោក ប្លីនខិន បានបន្តថា បន្ទាប់ពីនោះ កងទ័ព និងរថពាសដែករបស់រុស្ស៊ី នឹងវាយប្រហារលើអ៊ុយក្រែន។  
 
ការព្រមានពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននេះ ធ្វើឡើងស្របពេលកម្លាំងផ្តាច់ទឹកដីនៅភាគខាងកើតអ៊ុយក្រែន បានបាញ់គ្នាជាមួយកម្លាំងយោធាអ៊ុយក្រែន ដែលអាម៉េរិកជឿថា ជាលេសដែលរុស្ស៊ីប្រើដើម្បីវាយអ៊ុយក្រែនពេលខាងមុខ។ ក្នុងការប៉ះទង្គិចចុងក្រោយនេះ កម្លាំងដែលមាននិន្នាការទៅរករុស្ស៊ី បានបាញ់កាំភ្លើងធំក្នុងតំបន់ Donbas និងបានបំផ្លាញអាគារមួយភាគតូច។ ការបាញ់គ្នាជាថ្មីនេះ ត្រូវបានកម្លាំងគាំទ្រផ្តាច់ទឹកដី អះអាងថា កម្លាំងយោធាអ៊ុយក្រែន បានបាញ់មកលើពួកគេមុនរហូតដល់ទៅ ៤លើក ក្នុងរយៈពេល ២៤ម៉ោង។ 
ប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកសកម្មភាពកម្លាំងគាំទ្រផ្តាច់ទឹកដី ជាទង្វើបង្ករឿងដ៏ខ្លាំងមួយ ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង បានបង្ហាញពីក្តីបារម្ភ ជុំវិញការវាយប្រហារគ្នានេះ។ 
 
ស្របពេលវិបត្តិអ៊ុយក្រែន កំពុងតែតានតឹងបែបនេះ ទំនាក់ទំនងការទូតរវាងរុស្ស៊ី និងអាម៉េរិក ក៏មិនសូវល្អប៉ុន្មានដែរ។ អាម៉េរិក បានអះអាងនៅថ្ងៃទី១៧ ខែកុម្ភៈថា រុស្ស៊ី បានបណ្តេញអគ្គរដ្ឋទូតអាម៉េរិករងប្រចាំនៅរុស្ស៊ី លោក Bartle Gorman។ ក្រុងវ៉ាស៊ីនតោន បានប្រកាសសងសឹកនឹងចំណាត់ការរុស្ស៊ីវិញ៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com