អន្តរជាតិ
លោក ប្រាយុទ្ធ ប្រកែក ក្រោយបក្សប្រឆាំងរិះគន់រដ្ឋាភិបាលថាអសមត្ថភាពនិងពុករលួយ
18, Feb 2022 , 3:41 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី១៧ ខែកុម្ភៈ បានច្រានចោលការរិះគន់របស់បក្សប្រឆាំង ដែលចោទលោកជាប្រភពបង្កបញ្ហានៅថៃ និងការរំលោភអំណាច អំឡុកិច្ចពិភាក្សាក្នុងសភាថៃ។ លោក ប្រាយុទ្ធ បានចាត់ទុកខ្លួនជាព្រះរាមដែលតួអង្គល្អ និងបក្សប្រឆាំងជាតួអង្គយក្សទសកណ្ឌ ឬក្រុងរាពណ៍តាមរឿងរាមាយណទៅទៀត។

 
នាកិច្ចពិភាក្សាទូទៅរបស់សភាដែលចាប់ផ្ដើមនៅថ្ងៃទី១៧ ខែកុម្ភៈ លោក Chonlanan Srikaew មេដឹកនាំបក្សភឿថៃ និងមេដឹកនាំក្រមប្រឆាំង បានចោទលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តី ជាប្រភពនៃបញ្ហាដែលថៃកំពុងជួបប្រទះដូចជា ជំងឺកូវីដ-១៩, កំណើនសេដ្ឋកិច្ចយឺត, ការកើនឡើងលើការចំណាយក្នុងការរស់នៅ និងបរាជ័យក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចជាដើម។ មេដឹកនាំបក្សប្រឆាំង បានជំរុញឱ្យលោកប្រាយុទ្ធ ចុះចេញពីតំណែង ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។​
 
ជាការឆ្លើយតប លោក ប្រាយុទ្ធ ដែលបានចាត់ទុកខ្លួនជាព្រះរាម និងបក្សប្រឆាំងជាក្រុងរាពណ៍តាមរឿងបុរាណឥណ្ឌារាមាយណ បានច្រានចោលការរិះគន់ខាងលើ។ 
 
«យើងទាំងអស់គ្នា បានដឹងហើយថាក្រុងរាពណ៍មានវាសនាបែបណា»។ លោកប្រាយុទ្ធ បានបញ្ជាក់បែបនេះ ដោយបន្ថែមថា យ៉ាងណាមិញ ថៃមិនដូចក្នុងរឿងរាមាយណឡើយ។ បើតាមលោក ប្រាយុទ្ធ រដ្ឋាភិបាលថៃ បានធ្វើការជាមួយទីភ្នាក់ងារទាំងអស់ ដើម្បីដោះស្រាយបញ្ហាជាច្រើន ដែលកើតមាននៅក្នុងប្រទេស។ 
 
បន្ទាប់ពីការទល់មតិនៅថ្ងៃទី១៧ ខែកុម្ភៈ អ្នកសារព័ត៌មានបានសួរលោក ប្រាយុទ្ធ ជុំវិញការលើកពីរឿងរបស់ឥណ្ឌានេះ។ លោកប្រាយុទ្ធបានឆ្លើយថា កុំចង់ឱ្យលោកបាញ់ធ្នូញឹកញាប់ពេក។ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីថៃរូបនេះ មិនបានពន្យល់ពីការលើកឡើងរបស់លោកឡើយ។ 
 
តាមដំណើររឿងរាមាយណ ព្រះរាម បានដឹកនាំកងទ័ពស្វាទៅធ្វើសង្រ្គាមជាមួយក្រុងរាពណ៍ ដើម្បីនាំយកនាងសីតា ត្រលប់មកវិញ។ ចុងបញ្ចប់នៃរឿង ព្រះរាម បានយកឈ្នះលើក្រុងរាពណ៍ ដែលជាស្តេចយក្ស៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com