ជាតិ
សេដ្ឋកិច្ច
លោក វង្សី វិស្សុត៖ ការបញ្ចុះពន្ធ «ប្រេងឥន្ធនៈ» មិនជាជម្រើសល្អទេ ខណៈរដ្ឋកំពុងមានសម្ពាធចំណាយ
19, Feb 2022 , 3:19 pm        
រូបភាព
ភ្នំពេញ៖ បច្ចុប្បន្នតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា បានហក់ដល់៥២០០រៀលសម្រាប់សាំងស៊ុបពែរ និង៤៧០០រៀលសម្រាប់សាំងធម្មតា។ បើតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច  ទោះបីតម្លៃប្រេងទាំងនេះឡើងថ្លៃ ក៏រដ្ឋាភិបាលមិនអាចបញ្ចុះតម្លៃពន្ធក្នុងការនាំចូលប្រេងឥន្ធនៈបានឡើយ។ លោកបានបញ្ជាក់ថា ពន្ធពីការនាំចូលប្រេងឥន្ធនៈ គឺជាចំណូលធំមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ខណៈរដ្ឋាភិបាលកំពុងចំណាយប្រមាណ៣០លានដុល្លារក្នុងមួយខែនៅក្នុងសេវាគាំពារសង្គម រួមទាំងចំណាយចាំបាច់ផ្សេងៗទៀត។



អត្ថបទទាក់ទង
 
ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបបក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប ឬកង់បី...ជាដើម កំពុងរងផលប៉ះពាល់ពីតម្លៃប្រេងឥន្ទនៈ ដែលបន្តឡើងថ្លៃឥតឈប់ឈរ។ ចំពោះការលំបាកនេះត្រូវបានលោក វង្សី វិស្សុត ទទួលស្គាល់ ផងដែរ។ ដ្បិតថា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះ ទទួលស្គាល់ក៏ពិតមែន ប៉ុន្តែលោកថា ជាគោលនយោបាយជាតិ ការបញ្ចុះពន្ធលើប្រេងឥន្ធនៈ មិនទាន់ជាជម្រើសល្អទេ ព្រោះធ្វើឱ្យចំណូលជាតិធ្លាក់ចុះ ខណៈរដ្ឋកំពុងរងសម្ពាធចំណាយ។
 
ដើម្បីជ្រាបច្បាស់សូមស្តាប់ប្រសាសន៍របស់លោក វង្សី វិស្សុត ខាងក្រោមដូចតទៅ៖ 



 
លោក វង្សី វិស្សុត បានថ្លែងក្នុងវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ» នាថ្ងៃទី១៨កុម្ភៈ ដូច្នេះ ៖ «ប្រសិនបើបញ្ចុះពន្ធបន្តទៅទៀត តើអ្នកក្រឬអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចប្រព័ន្ធហ្នឹង អាចធានាដល់ពួកគាត់រកស៊ីបានទៀតឬអត់? ឬយ៉ាងណា? ព្រោះកាលណា បញ្ចុះពន្ធ គឺធ្វើឱ្យប្រាក់ចំណូលថវិកាជាតិធ្លាក់។ ត្រូវដឹងថា ការបញ្ចុះពន្ធអ្វីមួយត្រូវទាក់ទងនឹងការធ្លាក់នៃសេដ្ឋកិច្ច»។ លោក បានសង្កត់ធ្ងន់ថា ប្រភពសម្រាប់ថវិកាជាតិ គឺធំណាស់បានពីផ្នែកពន្ធ។
 
ពាក់ព័ន្ធនឹងប្រេងឥន្ធនៈឡើងថ្លៃនេះ គឺជានិន្នាការរួម និងសកលដែលធ្វើឱ្យប៉ះពាល់ដល់គ្រប់គ្នា។ លោក វង្សី វិស្សុត បន្តលើកឡើងថា ដើម្បីទប់ស្កាត់នូវការឡើងថ្លៃនៃប្រេងឥន្ធនៈហួសប្រមាណ រដ្ឋាភិបាលគឺបានកំណត់អត្រាពន្ធមួយថេរ សម្រាប់សម្រួលដល់ជីវភាពប្រជាពលរដ្ឋ។ 
 
«រដ្ឋបានកំណត់ទំហំពន្ធច្បាស់លាស់ណាស់។ ដាក់តម្លៃជាមូលដ្ឋានមួយ បើទោះបីជាតម្លៃប្រេង[នាំចូលពីទីផ្សារអន្តរជាតិ] ឡើង-ចុះប៉ុន្មានក៏ដោយ គឺវានៅហ្នឹងរហូត។ ប្រេងឡើងថ្លៃដើមមែន ប៉ុន្តែពន្ធ គឺអត់ឡើងទេ! ប្រេងចុះមែន ប៉ុន្តែពន្ធអត់ចុះទេ!»។ នេះជាការបញ្ជាក់របស់លោក វង្សី វិស្សុត ដែលរដ្ឋាភិបាលកំពុងអនុវត្តសព្វថ្ងៃលើពន្ធនាំចូលប្រេងឥន្ធនៈ ដោយបានបន្ថែមថា លើសពីនេះទៅទៀត  រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បានតាមដានការលក់រាយប្រចាំខែ ដើម្បីកំណត់ថ្លៃប្រេងឥន្ធនៈលក់នៅតាមស្ថានីយនីមួយៗ កុំឱ្យមានកេងបន្លំផ្សេង និងឡើងចុះ ជាដើម។ បើតាមលោក វង្សី វិស្សុត យន្តការទាំងនេះ គឺជាចំណែកមួយយ៉ាងធំរបស់រដ្ឋក្នុងការដោះស្រាយបញ្ហានៃការឡើងថ្លៃប្រេងឥន្ធនៈនេះ។ 
 
លោកបានបន្តរៀបរាប់ដូច្នេះ៖ «យើងយល់ហើយការលំបាករបស់អ្នករកស៊ី អ្នកក្រីក្រ។ ប៉ុន្តែយើងខ្វះចំណូល! យើងមិនមែនខ្វះចំណូលតែអ្នករកស៊ី ពាក់ព័ន្ធនឹងប្រេងទេ យើងខ្វះចំណូលទៅចំណាយសម្រាប់ទ្រទ្រង់អ្នកក្រផ្សេងទៀតរាប់លាននាក់ ដែលយើងកំពុងឧបត្ថម្ភ»។ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ថា៖ «ឥឡូវនេះយើងកំពុងជួយអ្នកក្រីក្រមួយខែៗ ប្រមាណ៣០លានដុល្លារ។ ចុះបើបន្ថយពន្ធប្រេងហ្នឹង តើបានលុយឯណា[ទៅជួយអ្នកក្រ]? [...]ក្រៅពីហ្នឹង យើងនៅដោះស្រាយបញ្ហាកូវីដ-១៩ និងរឿងផ្សេងៗទៀត ដែលយើងកំពុងរងនូវសម្ពាធចំណាយ! តើយើងបានលុយពីណាដើម្បីដោះស្រាយ?»។ 
 
សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការដោះស្រាយលើបញ្ហាប្រេងឥន្ធនៈត្រូវមានកម្រិតមួយសម្រាប់អ្នករកស៊ីដែលពាក់ព័ន្ធនឹងប្រេងឥន្ធនៈនេះ ប៉ុន្តែគឺមិនមែនតាមរយៈការបន្ថយពន្ធនោះទេ។ លោកបាននិយាយថា នេះជាជម្រើសគោលនយោបាយមួយដ៏ពិបាក ហើយលោកជឿថា សភាពការណ៍នាពេលបច្ចុប្បន្ននេះ ការបន្ថយពន្ធលើប្រេងឥន្ធនៈមិនទាន់ជាជម្រើសល្អ ជាងការឧបត្ថម្ភប្រាក់ដល់អ្នកដែលលំបាក និងអ្នកដែលងាយរងគ្រោះនោះទេ។
 
បើតាមលោក វង្សី វិស្សុត សម្រាប់ឆ្នាំ២០២២ រដ្ឋាភិបាលគ្រោងចំណាយជាង១០០០លានដុល្លារ។ ក្នុងនោះ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន កម្ពុជាគ្រោងចំណាយពី៤០ទៅ៥០លានដុល្លារ , ការបោះឆ្នោតឃុំ-សង្កាត់ គ្រោងចំណាយ៧០លានដុល្លារ រួមទាំងចំណាយលើសុខភាពសាធារណៈ និងសេវាគាំពារសង្គម ផ្សេងៗជាដើម។ 
 
សូមជម្រាបថា កាលឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធពីការនាំចូលប្រេងឥន្ធនៈ បានជិត២៥០លានដុល្លារ៕ 
 

Tag:
 ពន្ធ
  លោក វង្សី វិស្សុត
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com