អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក៖ លោកពូទីន បានសម្រេចចិត្តរួចហើយ ក្នុងការឈ្លានពានអ៊ុយក្រែន
19, Feb 2022 , 4:39 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសម្រេចចិត្តរួចហើយ ក្នុងការឈ្លានពានអ៊ុយក្រែន។ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានបញ្ជាក់ច្បាស់ៗបែបនេះ នៅថ្ងៃទី១៨ ខែកុម្ភៈ ដោយបន្តថា ក្រុងមូស្គូ បានបន្តផ្សាយព័ត៌មានមិនពិត ដើម្បីយកលេសវាយប្រហារលើក្រុងកៀវ។ ការលើកឡើងរបស់លោកបៃឌិនបែបនេះ ធ្វើឡើងស្របពេលមន្រ្តីអាម៉េរិកបានបញ្ចេញរបាយការណ៍មួយថ្មី ជុំវិញរុស្ស៊ីបង្កើនកម្លាំងទ័ពដល់ ១៩ម៉ឺននាក់ នៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន។

 
វិបត្តិអ៊ុយក្រែន កាន់តែតានតឹងឡើង បើទោះថ្នាក់ដឹកនាំបច្ចឹមលោក និងរុស្ស៊ី បានជួបគ្នាជាច្រើនលើកនាពេលកន្លងមកក្តី។ ទន្ទឹមនេះដំណោះស្រាយជុំវិញបញ្ហាអ៊ុយក្រែន នៅតែមិនទាន់មានឡើយ ខណៈប្រទេសលោកខាងលិច នៅតែបន្តចោទ និងបញ្ចេញរបាយការណ៍មួយចំនួន ជុំវិញការបង្កើនកម្លាំងទ័ពរុស្ស៊ី នៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន ក្នុងគោលបំណងវាយប្រហារ។ អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប នៅថ្ងៃទី១៨ ខែកុម្ភៈ បានអះអាងថា រុស្ស៊ី បានបង្កើនកម្លាំងទ័ពចាប់ពីជិត ១៧ម៉ឺននាក់ រហូតដល់ ១៩ម៉ឺននាក់។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មាន CNN។ 
 
ស្របពេលមន្រ្តីអាម៉េរិកបញ្ចេញរបាយការណ៍ខាងលើ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានអះអាងថា លោកវ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តរួចហើយ ក្នុងការឈ្លានពានអ៊ុយក្រែន។ «មកទល់ពេលនេះ ខ្ញុំជឿថា គាត់(ពូទីន) បានសម្រេចចិត្តឈ្លានពានរួចហើយ»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា លោក មានហេតុផលលើការឈ្លានពានរបស់រុស្ស៊ី។ នៅប៉ុន្មានថ្ងៃមុន លោកបៃឌិន​ បានអះអាងថា រុស្ស៊ី អាចវាយប្រហារអ៊ុយក្រែន ក្នុងរយៈពេល ៤ ឬ៥ថ្ងៃខាងមុខ។ 
 
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីលោកបៃឌិនបានទូរសព្ទជាមួយមេដឹកនាំបណ្តាប្រទេសលោកខាងលិចដូចជាអាល្លឺម៉ង, អ៊ីតាលី, ប្រមុខសម្ព័ន្ធយោធាណាតូ, និងអង់គ្លេសជាដើម។ ក្នុងកិច្ចសន្ទនានេះ មេដឹកនាំទាំងអស់ បានឯកភាពបន្តដាក់សម្ពាធលើរុស្ស៊ី ដើម្បីបង្ការការឈ្លានពានលើអ៊ុយក្រែន និងការគាំទ្រអធិបតេយ្យ និងបូរណភាពដែនអ៊ុយក្រែន។ 
 
មិនតែប៉ុណ្ណោះ លោកឡូយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ក្នុងថ្ងៃទី១៨ កុម្ភៈ ក៏បានជជែកតាមប្រព័ន្ធទូរសព្ទជាមួយសមភាគីរុស្ស៊ី​ លោក Sergey Shoygu ដែរ។ ក្នុងជំនួបនោះ លោកអូស្ទីន បានជំរុញឱ្យរុស្ស៊ីបន្ធូរបន្ថយភាពតានតឹង និងបញ្ជូនកម្លាំងយោធា ដែលមានវត្តមាននៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន ត្រលប់ទៅមូលដ្ឋានយោធាដើមវិញ។
 
ក្នុងថ្ងៃដដែលនេះ សន្និសីទសន្តិសុខនៅទីក្រុងមូនិក អាល្លឺម៉ង់ ដែលមានការចូលរួមពីរដ្ឋមន្រ្តីជាង ១០០រូប ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ៣០រូប និងតំណាងអង្គការអន្តរជាតិផ្សេងទៀត បានចាប់ផ្តើមបើក។ លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលចូលរួមក្នុងសន្និសីទផងនោះ បានលើកឡើងថា ពិភពលោក កំពុងស្ថិតក្នុងស្ថានភាពសន្តិសុខដ៏គ្រោះថ្នាក់ ជាងសង្រ្គាមត្រជាក់ទៅទៀត។ ក្នុងន័យនេះ ប្រមុខអង្គការសហប្រជាជាតិ បានជំរុញឱ្យក្រុងមូស្គូ និងក្រុងកៀវបន្ធូរបន្ថយភាពតានតឹង ដើម្បីកុំឱ្យធ្លាក់ក្នុងស្ថានការណ៍ក៏អាក្រក់៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com