ជាតិ
អាជ្ញាធរជាតិអប្សរាគ្រោងរៀបចំវង់ទស្សនាសម្រាប់ជនពិការនៅប្រាសាទនាគព័ន្ធ
20, Feb 2022 , 10:39 am        
រូបភាព
សៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំវង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ ក្នុងនោះ ក៏មានការរៀបចំសម្រាប់ជនពិការផងដែរ។

 
អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ លោក សេង សុធារ៉ា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងរៀបចំវង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ ខណៈអាជ្ញាធរកំពុងរៀបចំកែលម្អសោភ័ណភាព ក៏ដូចជាស្ពានថ្មីនៅប្រាសាទនេះ។ តាមការបញ្ជាក់ពីមន្រ្តីរូបនេះ វង់ទស្សនានេះក៏បានគិតគូរដល់ជនពិការ (ពិការជើង) ផងដែរ ដែលនឹងជួយឱ្យពួកគេមានអារម្មណ៍សុវត្ថិភាពពេលចូលទស្សនាក្នុងប្រាសាទនាគព័ន្ធ។
 

ក្រៅពីរៀបចំវង់ទស្សនានៅខាងក្នុង និងខាងក្រៅ ក្នុងនោះអាជ្ញាធរជាតិអប្សរា គ្រោងរៀបចំឱ្យមានការជិះទូកពីផែខាងកើតប្រាសាទព្រះខ័ន មកប្រាសាទនាគព័ន្ធផងដែរ ដែលកន្លងមកធ្លាប់បានរៀបចំរួចហើយ តែដោយសារបញ្ហាកូវីដ-១៩ សហគមន៍ទូកនេះបានផ្អាកមួយរយៈ។ លោក សុធារ៉ា យល់ថា ការរៀបចំឡើងវិញនេះ នឹងជួយបង្កើតចំណូលដល់សហគមន៍បន្ថែមក្នុងកាលៈទេសៈដ៏លំបាកនេះ។
 
ចំណុចពិសេសរបស់ប្រាសាទនាគព័ន្ធ គឺស្រះទាំង៤ និងមានស្រះធំអមស្រះទាំង៤ទៀត ទើបមានបារាយណ៍នៅផ្នែកខាងក្រៅ។ ប្រាសាទនេះ ក៏ជាទីទស្សនាសម្រាប់ទេសចរដែលនិយមមើលថ្ងៃរះ និងថ្ងៃលិចបានផងដែរ។


 
យ៉ាងណាមិញ វង់ទស្សនាថ្មីនេះ អាចនឹងដាក់ឱ្យដំណើរការ បន្ទាប់ពីស្ពានថ្មីឆ្លងបារាយណ៍ជ័យតដាក ត្រូវបានស្ថាបនារួចរាល់ និងមានការឯកភាពពីថ្នាក់ដឹកនាំ។ បច្ចុប្បន្ន ស្ពានថ្មី មានទំហំធំទូលាយ កំពុងស្ថាបនាបានមួយផ្នែកធំ និងរំពឹងថា អាចនឹងរួចរាល់ឆាប់ៗខាងមុខនេះ៕
 


 



Tag:
 នាគព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com