ជាតិ
ផ្សារផលិតផលកម្ពុជា នឹងបង្កើតផលិតផលថ្មីបន្ថែមទៀត ដើម្បីទាក់ទាញទេសចរជាតិ
20, Feb 2022 , 11:19 am        
រូបភាព
សៀមរាប៖ ផ្សារផលិតផលកម្ពុជា ជាផ្សារដំបូងគេដែលផ្តោតគោលដៅលើការលក់សម្ភារបង្កើតដោយស្នាដៃកូនខ្មែរ ឥឡូវបានផ្លាស់ប្ដូរទីតាំងថ្មី ស្ថិតនៅខាងត្បូងសណ្ឋាគារ សិន្តា មុន្នី។ ជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់អាជីវកម្មផ្សារនេះ តែបញ្ហានេះមិនបានបញ្ឈប់មហិច្ឆតារបស់ស្ថាបនិកផ្សារនេះទេ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក អ៊ុន សាវ៉ាន់ ស្ថាបនិកផ្សារផលិតផលកម្ពុជា ប្រាប់ថា លោកកំពុងរៀបចំរចនាសម្ព័ន្ធផ្សារឡើងវិញ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ក្នុងន័យទាក់ទាញទេសចរជាតិ លើកកម្ពស់ស្នាដៃកូនខ្មែរ។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាស រវាអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក អ៊ុន សាវ៉ាន់ ដូចតទៅនេះ៖ 





 
អ្នកគ្រប់គ្រងផ្សារផលិតផលកម្ពុជា កំពុងប្រញាប់រៀបចំទីតាំងផ្សារថ្មី ដែលគេដឹងថា ជាទីតាំងទី៣ហើយ ក្រោយផ្សារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣។ ផ្សារនេះកកើតដំបូងគេនៅបរិវេណសណ្ឋាគារ សិន្ដា មុន្នី បន្ទាប់មកដូរទៅបរិវេណផ្សារ ឃីងរ៉ូដ  ហើយចុងក្រោយនេះ មកកាន់ទីតាំងដីជួលមួយកន្លែង ក្បែរទីតាំងកំណើតផ្សារនេះតែម្ដង គឺខាងត្បូងសណ្ឋាគារ សិន្ដា មុន្នី។
 
លោក អ៊ុន សាវ៉ាន់ ស្ថាបនិក និងជាអ្នកគ្រប់គ្រងផ្សារផលិតផលកម្ពុជា ប្រាប់ថា លោកកំពុងបង្កើតស្ដង់លក់ផលិតផលថ្មីៗ ក៏ដូចជារៀបចំកន្លែងសិល្បៈបុរាណ និងកែលម្អសោភ័ណបរិវេណផ្សារថ្មី ដើម្បីឱ្យផ្សារមានភាពទាក់ទាញ និងជាទស្សនីយភាពថ្មីប្លែកសម្រាប់ទេសចរមកផ្តិតរូបកម្សាន្ត។ លោក សាវ៉ាន់ ប្រាប់ថា លោកចង់ឱ្យខ្មែរលើកតម្លៃផលិតផលខ្លួន ដើម្បីសេដ្ឋកិច្ចជាតិ ដោយព្យាយាមបង្កើតពាក្យស្លោក «លក់ដោយខ្មែរ ទិញដោយខ្មែរ»។
 


កន្លងមក ផ្សារផលិតផលកម្ពុជាដែលមានកំណើតនៅខេត្តសៀមរាបនេះ តែមានទេសចរបរទេសប៉ុណ្ណោះដែលស្គាល់ភាគច្រើន ខណៈដែលទេសចរក្នុងស្រុក ហាក់មិនសូវចាប់អារម្មណ៍ប៉ុន្មាននោះទេ។ ដោយសារមានការផ្សព្វផ្សាយខ្លាំងលើបណ្ដាញសង្គម និងការណែនាំតាមសណ្ឋាគារនានា ធ្វើឱ្យផ្សារដែលច្នៃសម្ភារពីការ៉ុងប្រើប្រាស់រួច គ្រាប់កាំភ្លើង អាចម៍រណា។ល។ មានការគាំទ្រ កោតសរសើរ និងឱ្យតម្លៃជាខ្លាំង។ សេវាកម្ម និងភាពរាក់ទាក់ ក៏ជាចំណុចពិសេសនៃហាងនេះផងដែរ ហើយអតិថិជន អាចដឹងពីដំណើរការច្នៃសម្ភារទាំងនោះដោយផ្ទាល់ពីម្ចាស់ហាង។ នេះជាការលើកឡើងរបស់លោក អ៊ុន សាវ៉ាន់។
 


ជាអតីតនិស្សិតផ្នែកទេសចរណ៍ និងធ្លាប់ធ្វើការជួបសិល្បៈករច្រើនរូប លោក អ៊ុន សាវ៉ាន់ មានគំនិតបង្កើតអ្វីដែលថ្មី ហើយផ្សារផលិតផលកម្ពុជាជាស្នាដៃដំបូងរបស់លោក បង្កើតឡើងក្នុងបំណងប្រមូលផ្ដុំសម្ភារកែច្នៃជាច្រើន ដោយស្នាដៃខ្មែរ។ លោកចង់ឱ្យប្រជាជនខ្មែរ ងាកមកគាំទ្រ និងឱ្យតម្លៃដល់ស្នាដៃខ្មែរ ដោយកុំគិតពីទីតាំង តូចធំ និងតម្លៃ ត្រូវយល់ពីតម្លៃនៃសម្ភារ ឬរបស់សិល្បៈទាំងនោះជាមុនសិន៕
 















 
 
 

Tag:
 ផ្សារផលិតផលកម្ពុជា
  វិចិត្រករ អ៊ុន សាវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com