COVID-19
ជាតិ
សេដ្ឋកិច្ច
២ឆ្នាំ កម្ពុជា ចាយប្រាក់សន្សំអស់ជាង១៦០០លានដុល្លារ ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីកូវីដ-១៩
20, Feb 2022 , 3:19 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល២ឆ្នាំមកនេះ រដ្ឋាភិបាល​បាន​ចាយ​ប្រាក់សន្សំ​អស់​ចំនួន១៦២៧លាន​ដុល្លារ  ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ទៅលើវិស័យសំខាន់ៗរបស់សេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់លោក រង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច ដោយបានបញ្ជាក់​ថា សម្រាប់ឆ្នាំ២០២២  រដ្ឋត្រៀមចាយថវិកាសន្សំចំនួន៥០០លានដុល្លារទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

 
នៅក្នុងឆ្នាំ២០២០ រដ្ឋបានចាយថវិកាសន្សំអស់២៤៦លានដុល្លារ និងឆ្នាំ២០២១ ចាយអស់រហូតដល់១៣៨១លានដុល្លារ។  លោក វង្សី វិស្សុត បានរៀបរាប់ដូច្នេះ នៅក្នុង​វេទិកាសាធារណៈ​ស្តីពី«ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ ២០២២» កាលពីថ្ងៃ​ទី​១៨​កុម្ភៈ។ 
 
ថវិកាសន្សំទាំងនោះ រដ្ឋបានចំណាយទៅលើការការពារអាយុជីវិតនិងរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ​ តាមរយៈការអន្តាគមន៍ការបង្កើតការងារ, ការឧបត្ថម្ភគ្រួសារក្រីក្រនិងរងគ្រោះ រួមទាំងការជួយដល់វិស័យធុរកិច្ចដែលទន់ខ្សោយ ឬលំបាក...ជាដើម។ នេះបើតាមលោក រង្សី វិស្សុត ដោយបានបញ្ជាក់ថា៖ «នេះជាបញ្ហាដែល យើង​នឹងខិតខំធ្វើ ហើយយើងក៏ធ្វើបានល្អនូវសមិទ្ធផលដែលធ្វើកន្លងមកនេះ។ កំណើន[សេដ្ឋកិច្ច] យើងងើបឡើងវិញ, ស្ថានភាពសង្គម​ក៏នៅល្អ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក៏នៅល្អ ហើយការធ្លាក់ទៅក្នុងភាពក្រីក្ររបស់យើងក៏មិនសូវខ្លាំង បើធៀបនឹង​ប្រទេសមួយចំនួន»​។  
 
សម្រាប់ឆ្នាំ២០២២ ក្រៅពីកិច្ចប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ-១៩ រួមទាំងការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញនោះ កម្ពុជាត្រូវចំណាយលើការរៀបចំធ្វើជាប្រធានអាស៊ានប្រមាណ៤០ទៅ៥០លានដុល្លារ និងចំណាយលើការរៀបចំបោះឆ្នោតឃុំ-សង្កាត់ក្នុងរង្វង់ថវិកា៧០លានដុល្លារទៀត។ លោករដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា  ចំពោះឆ្នាំនេះកម្ពុជាគឺមានភារកិច្ចធំ ប៉ុន្តែធនធានរបស់កម្ពុជាកាន់តែស្តួច ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវរឹតត្បឹតការចំណាយ និងកាត់បន្ថយចំណាយលើការវិនិយោគណាមិនចាំបាច់ច្រើនណាស់ ព្រមទាំងខិតខំកាត់បន្ថយចំណាយចរន្ត ថែមទាំង។ 
 
«ឥឡូវនេះបញ្ហាដោយសារយើងត្រូវចាយលុយធំអ៊ីចឹង!​ ហើយចំណូលរបស់យើងមានការលំបាកអ៊ីចឹង! យើងត្រូវការចាយប្រាក់សន្សំរបស់រដ្ឋច្រើន»។ លោក រង្សី វិស្សុត មានប្រសាសន៍បែបនេះដោយបានបន្ថែមថា ៖ « កាល​ពី​ឆ្នាំ​២០២០ យើង​គ្រោង​​ចាយ​ប្រាក់​សន្សំអស់​ប្រមាណ១០០០​លាន​ដុល្លារឯណោះ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​កូវីដ-​១៩ ប៉ុន្តែ​ចុងក្រោយ យើងចាយ​អស់​ត្រឹម ២៤៦​លាន​ដុល្លារទេ។ ឆ្នាំ២០២១ យើងគ្រោងចាយតែម្តុំ៨០០លានដុល្លារទេ ប៉ុន្តែជាក់ស្តែង យើងចាយអស់១៣៨១លានដុល្លារនៃប្រាក់សន្សំ ហើយ ក្នុងឆ្នាំ២០២២នេះ យើងគ្រោងចាយ៥០០លានដុល្លារទៀត។ ដូច្នេះ ប្រាក់សន្សំរបស់យើងដែលមានកន្លងមកនេះ[៣៥០០លានដុល្លារ​] វាចាប់ផ្តើមថមថយហើយ»។ 
 
ត្បិតថា កម្ពុជាមានការចំណាយច្រើនបែបនេះ​ក្តី ប៉ុន្តែរដ្ឋ​មន្រ្តី​ប្រតិភូ​អមនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ចរូបនេះ  នៅតែ​មាន​សុទិដ្ឋិ​និយម​ថា យ៉ាង​ហោច​ណាស់កម្ពុជាក៏មិន​ចាំ​បាច់​ខ្ចី​លុយ​ពីបរទេស​ដែរ ខណៈប្រទេសមួយចំនួនដែលមិនមានថវិកាសន្សំដូចកម្ពុជា បានខី្ចលុយពីបរទេសបន្ថែមដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យបំណុលរបស់ប្រទេសទាំងនោះកើនឡើង។ លោក រង្សី វិស្សុត បានអះអាងថា៖ «ការខ្ចីប្រាក់របស់កម្ពុជា ក្នុងអំឡុងពេលកូវីដ-១៩ គឺខ្ចីធម្មតា​។ អត់ច្រើនទេ។ អ្វីដែលយើងខ្វះ គឺយើងយកប្រាក់សន្សំទៅបំពេញ[...] ដូច្នេះ បំណុលកម្ពុជា គឺនៅល្អ»។
 
​ចំពោះឆ្នាំ២០២២ រដ្ឋាភិបាលគ្រោង​​ចំណាយ​សរុបប្រមាណ១០០០​លាន​ដុល្លារ ដោយថវិកាទាំងនេះ បន្ត​ចំណាយ​ទៅ​លើ​ការ​ឧបត្ថម្ភ​ដល់​ជន​ក្រីក្រនិងងាយរងគ្រោះ ការ​ឧបត្ថម្ភ​ប្រាក់ដល់អ្នកបាត់បង់ការងារក្នុងវិស័យទេសរណ៍ ចំណាយ​លើ​ផ្នែក​សុខាភិបាល និង​ការ​ទិញ​វ៉ាក់សាំង... ​ជាដើម៕
 

Tag:
 ហិរញ្ញវត្ថុ
  COVID-19
  លោក វង្សី វិស្សុត
© រក្សាសិទ្ធិដោយ thmeythmey.com