ជាតិ
សេដ្ឋកិច្ច
IFAD ផ្តល់១៥០លានដុល្លារដល់កម្ពុជា ដើម្បីបន្តប្រើបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ
20, Feb 2022 , 5:59 pm        
រូបភាព
 លោក សេង ហួរ  ជាកសិកម្មមួយរូបក្នុងខេត្តរតនគិរី កំពុងដាំបន្លែក្នុងផ្ទះសំណាញ់ នៃកម្មវិធី ASPIRE។ រូបថត៖ ASPIRE
លោក សេង ហួរ ជាកសិកម្មមួយរូបក្នុងខេត្តរតនគិរី កំពុងដាំបន្លែក្នុងផ្ទះសំណាញ់ នៃកម្មវិធី ASPIRE។ រូបថត៖ ASPIRE
ភ្នំពេញ៖ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) នឹងបន្តអនុវត្តកម្មវិធីស្តីពីការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE នៅកម្ពុជា ក្រោមទំហំថវិកាចំនួន១៥០លានដុល្លារ។ បើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការអនុវត្តកម្មវិធីនេះ គឺស្ថិតនៅក្នុងជំហានទី២ ដែលមានរយៈពេល៥ឆ្នាំ។

 
 
មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ត្រៀមចំណាយថវិកា១៥០លានដុល្លារទៀត សម្រាប់បន្តការអនុវត្តកម្មវិធីASPIRE2 ដោយផ្តោតជាសំខាន់លើកសិករដែលមានទំហំផលិតកម្មតូចក្នុងការទាញប្រយោជន៍ពីផលិតកម្មកសិកម្ម ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកនិងនាំចេញ ប្រកបដោយគុណភាព និងសុវត្ថិភាព។ 
 
ការបន្តអនុវត្តកម្មវិធីដែលមានរយៈពេល៥ឆ្នាំទៀតចាប់ពីឆ្នាំ២០២២ដល់២០២៧នេះ គឺធ្វើឡើង បន្ទាប់ពីការអនុវត្តកម្មវិធីក្នុងជំហានទីមួយ ទទួលបានជោគជ័យតាមរយៈការចងក្រងបណ្តុំផលិត, ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា, ការអនុវត្តកសិកម្មល្អ(CamGAP), ការប្រើប្រាស់ផ្ទះសំណាញ់, ប្រព័ន្ធតំណក់ទឹក, ការប្រើថ្នាំជីកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀត ទៅតាមបច្ចេកទេសត្រឹមត្រូវ និងការរៀបចំទីផ្សារលក់ផលិតផលនៅតាមសហគមន៍។
 

លោក ម៉េង សាក់ពូសិទ្ធ តំណាងពីមូលនិធិ IFAD 

តំណាងពីមូលនិធិ IFAD  លោក ម៉េង សាក់ពូសិទ្ធ បានលើកឡើងថា ការទទួលបាននូវកិច្ចសហការយ៉ាងល្អប្រសើរពីក្រសួងកសិកម្ម ក្នុងការជំរុញ គាំទ្រនិងលើកទឹកចិត្តគ្រប់បែបយ៉ាង បានធ្វើឱ្យកម្មវិធី ASPIRE សម្រេចទទួលបានជោគជ័យគួរជាទីមោទនៈ។ លោកបានថ្លែងប្រាប់លោក វេង សាខុន ដែលជារដ្ឋមន្ត្រីកសិកម្ម កាលពីថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០២២ ថា តាមការសិក្សា និងវាយតម្លៃពីប្រសិទ្ធភាពសេដ្ឋកិច្ច សម្រាប់ការវិនិយោគរបស់កម្មវិធីASPIRE ចំនួន១ដុល្លារ អ្នកទទួលផល(កសិករទូទាំង២៣ខេត្ត) ទទួលបានចំណូលចំនួន៦៥ដុល្លារ តាមរយ:ការលក់ផលិតកម្មកសិកម្ម (បន្លែសុវត្ថិភាព) សត្វបក្សី (មាន់ពង និងសាច់) និងត្រី។ ចំណូលទាំងនោះ គឺបានពីការអនុវត្តបច្ចេកទេសថ្មី សមស្របធន់នឹងការប្រែប្រួលអាការធាតុ ដែលទទួលបានពីកម្មវិធី ASPIRE។
 
បើតាមលោក សាក់ពូសិទ្ធ សម្រាប់ការបន្តបេសកកម្មរយៈពេល៥ឆ្នាំទៀតនេះ ក្រុមការងាររបស់ASPIRE  នឹងរៀបចំកម្មវិធី៖ កាលានុវត្តភាពយុទ្ធសាស្ត្រប្រចាំប្រទេស(កម្មវិធីការងារនៅកម្ពុជា), កម្មវិធី៖ ផ្តល់សេវាកម្មកសិកម្មដើម្បីកំណើនសេដ្ឋកិច្ចនៅទីជនបទប្រកបដោយ បរិយាប័ន្ន និងដើម្បីបង្កើនពាណិជ្ជកម្មកសិកម្ម។ ជាមួយគ្នានេះ ក៏មានការបង្កើតគម្រោងស្តីពីការកសាងសមត្ថភាពបន្ស៊ាំអាកាសធាតុ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃកម្ពុជា ក្នុងជំហានទី២ ផងដែរ។
 
អ្នកតំណាងពីមូលនិធិ IFADរូបនេះ បានបញ្ជាក់ថា ចំពោះកម្មវិធីការងារនៅកម្ពុជា(Country Strategy Opportunities Programme_COSOP)សម្រាប់ឆ្នាំ២០២២-២០២៧ នឹងត្រូវធ្វើឱ្យស្របគ្នាជាមួយក្របខ័ណ្ឌគោលនយោបាយថ្មី និងផ្តោតឱ្យកាន់តែស៊ីជម្រៅលើការអភិវឌ្ឍវិស័យកសិកម្មឱ្យស្របគ្នានឹងតម្រូវការក្នុងការធ្វើកសិពាណិជ្ជកម្ម។ លើសពីនេះកម្មវិធី ASPIRE 2 ដែលគ្រោងអនុវត្តបន្តចាប់ពីឆ្នាំ២០២៣-២០២៧ ដោយផ្តោតជាសំខាន់លើកសិករដែលមានទំហំផលិតកម្មតូច អាចទទួលបានប្រយោជន៍ពីកំណើរផលិតកម្មកសិកម្ម តាមរយ:តម្រូវការទីផ្សារក្នុងស្រុកនិងនាំចេញ ដោយធានាបានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារតម្រូវ។ 


 លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់ និងនេសាទ

សម្រាប់លោក វេង សាខុន កម្មវិធីASPIRE កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងដាំបន្លែសុវត្ថិភាព ដោយប្រើប្រាស់បច្ចេកទេស និងធាតុចូលកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ ជាពិសេសកម្មវិធីនេះ  គឺសមស្របតាមគន្លងប្រក្រតីភាពថ្មី ក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ 
 
រដ្ឋមន្រ្តីកសិកម្មរូបនេះ បានកត់សម្គាល់ដូច្នេះ៖ «បច្ចុប្បន្នយើងឃើញមានហាងលក់បន្លែសុវត្ថិភាពបាននិងកំពុងរីកដុះដាលនៅតាមទីក្រុង ទីប្រជុំជន និងក្នុងសហគមន៍ ដែលភាគច្រើនជាផលិតផលបន្លែ ផ្លែឈើ ត្រី មាន់ ផលិតចេញពីសហគមន៍ និងបណ្តុំផលិត ស្ថិតនៅក្រោមជំនួយបច្ចេកទេសពីកម្មវិធី ASPIRE និងអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានកសិកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាន់ថ្នាក់»៕ 
 

Tag:
 កសិកម្ម
  IFAD
  ASPIRE
© រក្សាសិទ្ធិដោយ thmeythmey.com