អន្តរជាតិ
លោក បៃឌិន ព្រមជួបលោក ពូទីន តែដាក់លក្ខខណ្ឌឱ្យរុស្ស៊ីមិនត្រូវវាយប្រហារអ៊ុយក្រែនឡើយ
21, Feb 2022 , 10:45 am        
រូបភាព
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ជជែក ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ជជែក ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងជាគោលគារណ៍ដើម្បីជួបចរចាលើបញ្ហាអ៊ុយក្រែន។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនដាក់លក្ខខណ្ឌថា លុះត្រាតែក្រុងមូស្គូមិនវាយប្រហារទីក្រុងកៀវសិន។ ប្រធានាធិបតីបារាំង ជាអ្នកសម្របសម្រួលភាគីទាំងពីរ ទើបឈានដល់ការវិវឌ្ឍវិជ្ជមានបែបនេះ។

 
វិបត្តិអ៊ុយក្រែន ដែលអូសបន្លាយជាច្រើនខែ នៅតែតានតឹងឡើង និងមិនទាន់មានច្រកចេញឡើង បើទោះបស្ចិមលោក និងរុស្ស៊ី បានចរចាជាមួយគ្នាជាច្រើនលើកក្តី។ ស្របពេលរុស្ស៊ី បានបញ្ជាក់ពីការដកទ័ពមួយចំនួន ក្រុមប្រទេសលោកខាងលិច បានបញ្ចេញរបាយការណ៍មួយ ដោយចោទរុស្ស៊ីថា បានបន្ថែមកម្លាំងយោធានៅតំបន់ក្បែរព្រំដែនអ៊ុយក្រែនយ៉ាងហោចណាស់១៥ម៉ឺននាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
ដើម្បីបន្ធូរបន្ថយវិបត្តិដែលកំពុងស្ថិតលើមាត់ជ្រោះនៃសង្រ្គាម ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ឱ្យបន្តការចរចា។ លោក ម៉ាក្រុង បានជជែកតាមប្រព័ន្ធទូរសព្ទជាថ្មីទៀតជាមួយមេដឹកនាំទាំងពីរនៅថ្ងៃទី២០ ខែកុម្ភៈ។
 
ក្រោយជំនួបនេះ វិមាន Elysee ប្រកាសពីការត្រៀមរៀបចំជំនួបកំពូលមួយដែលនឹងមានវត្តមានលោក បៃឌិន និងលោក ពូទីន សំដៅរកច្រកចេញពីវិបត្តិអ៊ុយក្រែន។ 
 
ក្នុងកិច្ចសន្ទនាប្រមាណ១០៥នាទី លោក ម៉ាក្រុង និងលោក ពូទីន ជជែកពីការផ្គត់ផ្គង់អាវុធរបស់សម្ព័ន្ធយោធាណាតូទៅអ៊ុយក្រែន និងដំណោះស្រាយ។ លោក ពូទីន ក៏ប្រាប់លោក ម៉ាក្រុង ច្បាស់ៗ ពីការមិនសប្បាយចិត្ត ហើយបន្ទោសណាតូដែលបញ្ជូនអាវុធទំនើបៗ និងគ្រាប់កាំភ្លើងទៅឱ្យអ៊ុយក្រែន និងស្នើឱ្យឆ្លើយតបឱ្យបានច្បាស់លាស់លើសំណើរបស់រុស្ស៊ីដែលបានដាក់ចេញកាលពីខែធ្នូ កន្លងទៅ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង។ 
 
ចំណែកសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីបារាំងចេញថ្ងៃទី២១ ខែកុម្ភៈវិញ បានបញ្ជាក់ថា ជំនួបលោក ពូទីន និងលោក ម៉ាក្រុង ជាកិច្ចខិតខំការទូតចុងក្រោយ ក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍នេះ មិនបានលម្អិតជុំវិញជំនួបមេដឹកនាំបារាំង និងរុស្ស៊ីឡើយ។ 
 
ដោយមានការសម្របសម្រួលពីប្រធានាធិបតីបារាំង សេតវិមានអាម៉េរិក បានអះអាងថា លោកប្រធានាធិបតី បៃឌិន បានព្រមព្រៀងជាគោលការណ៍ ដើម្បីជួបជាមួយលោកពូទីន លុះត្រាតែរុស្ស៊ីមិនវាយប្រហារលើអ៊ុយក្រែន។ អ្នកនាំពាក្យសេតវិមាន លោកស្រី  Jen Psaki បានអះអាងថា រដ្ឋបាលអាម៉េរិក នៅតែជំហររក្សាកិច្ចចរចា។ បន្ថែមពីនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងអាម៉េរិក គ្រោងនឹងជួបគ្នាផងដែរ នៅថ្ងៃទី២៤ ខែកុម្ភៈ។ 
 
ស្របគ្នានេះ អ្នកនាំពាក្យសេតវិមានអាម៉េរិក បានព្រមានជាថ្មីថា រុស្ស៊ីនឹងរងផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើក្រុងមូស្គូ ជ្រើសយកសង្រ្គាមជាមួយក្រុងកៀវ។ បើតាមលោកស្រី Psaki រុស្ស៊ីទំនងជាកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងពេលឆាប់ៗខាងមុខ។ 
 
ស្របពេលវិបត្តិអ៊ុយក្រែនកំពុងតែតានតឹង រុស្ស៊ី និងបេឡារុស បានបន្តការធ្វើសមយុទ្ធយោធា​ ដែលត្រូវបញ្ចប់នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ។ ការបន្តសមយុទ្ធយោធានេះ ត្រូវបានប្រទេសលោកខាងលិច បារម្ភពីលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែនបន្ថែមទៀត៕
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com