ជាតិ
សង្គមជាតិ
អ្នកភូមិជប់ ឧបកិច្ចធ្វើជាស្លាប់ ដើម្បីរំដោះគ្រោះ
21, Feb 2022 , 10:30 pm        
រូបភាព
ពិធីឧបកិច្ចធ្វើជាស្លាប់ ដើម្បីរំដោះគ្រោះ ដែលរៀបចំឡើងក្នុងពេលរាត្រី នៅវត្តឈូកត្រសាលរស្មីមានជ័យ ស្ថិតក្នុងភូមិជប់ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ពិធីឧបកិច្ចធ្វើជាស្លាប់ ដើម្បីរំដោះគ្រោះ ដែលរៀបចំឡើងក្នុងពេលរាត្រី នៅវត្តឈូកត្រសាលរស្មីមានជ័យ ស្ថិតក្នុងភូមិជប់ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ប្រជាពលរដ្ឋមួយចំនួននៅភូមិជប់ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឧបកិច្ចធ្វើជាស្លាប់ ហើយនិមន្តព្រះសង្ឃ ឲ្យសូត្រមន្តជូន ដើម្បីរំដោះគ្រោះចង្រៃចេញពីក្នុងខ្លួន។ ទិដ្ឋភាពនៃកាធ្វើពិធីរំដោះគ្រោះដ៏កម្រឃើញនេះ ត្រូវបានបង្ហោះលើគណនីហ្វេសប៊ុកមួយឈ្មោះ Lanh Siemreap កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។



តាមរយៈវីដេអូ អ្នកភូមិជប់ បានដេកលើកន្ទេល ហើយគ្របកំណាត់សពីលើដងខ្លួន រួមទាំងអុជទៀនដាក់នៅចុងជើង ដែលមើលទៅដូចជាសាកសព។ ពួកគេ បានដេកតម្រៀបគ្នាមួយខ្សែ ព័ន្ធជុំវិញដើមឈរមួយដើម។

ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងវត្តឈូកត្រសាលរស្មីមានជ័យ ដែលជាវត្តមួយ ស្ថិតក្នុងភូមិជប់។ ពេលប្រជាពលរដ្ឋ កំពុងដេកលើកន្ទេល ដោយមានកំណាត់សគ្រប់លើដងខ្លួន ព្រះសង្ឃ បានសូត្រធម៌រំដោះគ្រោះជូនពួកគាត់ និងបានទាញយកកំណាត់សនោះចេញពីពួកគាត់។

ព្រះតេជគុណ ពៅ ផល្លី ព្រះគ្រូចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ មានសង្ឃដីកាជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ថា ជំនឿ ដែលអ្នកភូមិជប់ ធ្វើជាស្លាប់ ហើយឲ្យព្រះសង្ឃសូតមន្តរំដោះគ្រោះនេះ មានតាំងពីយូរមកហើយ។ ព្រះអង្គ មានថេរដីកាដូច្នេះថា៖«ហ្នឹង គឺជាជំនឿរបស់ញាតិញោមពុទ្ធបរិស័ទ ដែលមានតៗគ្នារៀងមក។ ធម្មតានៅក្នុងស្រុកភូមិនីមួយៗ តែងតែមានជំនឿផ្សេងៗគ្នា។ ទោះបីបុគ្គលណាមួយ ក៏មានជំនឿរៀងខ្លួនដែរ  មិនមែនថាអត់ទេ»។

កាលពីសម័យពុទ្ធកាល គឺកាលពីព្រះពុទ្ធ ទ្រង់នៅមានព្រះជន្ម ភាគច្រើនព្រះសង្ឃ ប្រើប្រាស់ស្បង់ចីពរ ដែលបានមកពីសាកសព។ ពេលប្រទះឃើញសាកសព ដែលរុំដោយកំណាត់សនៅក្នុងព្រៃ ព្រះសង្ឃ នឹងឆាកបង្សុកូលយកសំពត់សពីសាកសពនោះ។ ឆាកបង្សុកូល មានន័យថា ព្រះសង្ឃសូត្រធម៌ ហើយទាញយកកំណាត់ ដែលរុំសាកសព។ បន្ទាប់មក ព្រះសង្ឃ យកកំណាត់នោះ ទៅបោកទឹក និងជ្រលក់ថ្នាំ ធ្វើជាស្បង់ចីវរសម្រាប់គ្របដណ្តប់កាយ។ ព្រះសង្ឃព្រះពុទ្ធសាសនាក្នុងពេលបច្ចុប្បន្ន ភាគច្រើនប្រើស្បង់ចីពរ ដែលពុទ្ធបរិស័ទប្រគេន។

ក្នុងសម័យពុទ្ធកាល ការដែលពុទ្ធបរិស័ទ ឧបកិច្ចធ្វើជាស្លាប់ ហើយឲ្យព្រះសង្ឃសូត្រធម៌ និងឆាកបង្សុកូលទាញយកកំណាត់ស ដើម្បីរំដោះគ្រោះ ដូចដែលអ្នកភូមិជប់ធ្វើនោះ គឺមិនមាននោះទេ ហើយក៏មានចែងក្នុងគម្ពីរព្រះពុទ្ធសាសនាដែរ។

ព្រះតេជគុណ ពៅ ផល្លី មានថេរដីកា បែបនេះថា៖«កាលនោះ [កាលពីសម័យពុទ្ធកាល]  ឆាកតែពីបុគ្គលដែលស្លាប់ទេ ក្រោយមកទៀត ក៏មានញាតិញោមគាត់មានជំនឿថា បើសិនជាធ្វើជាស្លាប់ គ្របសំពត់សឲ្យព្រះសង្ឃ បកកំណាត់សហ្នឹងចេញ ប្រៀបដូចជាបកចង្រៃឧបទ្រពចេញដែរ ក៏ចេះតែធ្វើតៗមក»។

ព្រះអង្គ បន្តថា ថ្វីបើអ្នកភូមិជប់ ធ្វើពិធីឧបកិច្ចជាស្លាប់ ដើម្បីរំដោះគ្រោះ តាំងពីយូរមកហើយក្តី តែចំពោះវត្តឈូកត្រសាលរស្មីមានជ័យរបស់ព្រះអង្គ គឺទើបតែនឹងធ្វើពិធីនេះលើកទី១ប៉ុណ្ណោះ។ ព្រះអង្គ បន្ថែមថា ក្រៅពីវត្តរបស់ព្រះអង្គ វត្តផ្សេងទៀតក្នុងខេត្តសៀមរាប ក៏មានធ្វើពិធីនេះដែរ។ ព្រះអង្គ លើកឧទាហរណ៍ថា វត្តអារញ្ញ ដែលស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប បានធ្វើពិធីនេះជារៀងរាល់ឆ្នាំ។

លោក ឡម ឡាញ់ ជាអ្នកភូមិជប់ និងជាម្ចាស់គណនីហ្វេសប៊ុក Lanh Siemreap ដែលបង្ហោះវីដេអូអំពីពិធីឧបកិច្ចធ្វើជាស្លាប់ បាននិយាយដូចសង្ឃដីការបស់ព្រះតេជគុណ ពៅ ផល្លី ដែរថា ការរៀបចំពិធីឧបកិច្ចធ្វើជាស្លាប់ ដើម្បីរំដោះគ្រោះនេះ គឺជាជំនឿ ដែលមានក្នុងភូមិរបស់លោកតាំងពីយូរមកហើយ។ លោក ប្រាប់ថា ពិធីនេះ គឺអ្នកភូមិធ្វើដល់ទៅ៩ថ្ងៃ ឬ១០ថ្ងៃឯណោះ មិនមែនធ្វើតែ១ថ្ងៃ ក្នុងថ្ងៃ ដែលលោក ថតបង្ហោះលើបណ្តាញសង្គមនោះទេ។

លោក អះអាងថា ជួនកាល អ្នកភូមិរបស់លោក ធ្វើពីធីនេះនៅតាមផ្ទះរៀងៗខ្លួន។ លោក បន្តថា ការធ្វើពិធីនេះជាលក្ខណៈជុំគ្នា និងជាលក្ខណៈទ្រង់ទ្រាយធំ ដូចក្នុងវីដេអូ ដែលលោកបង្ហោះ គឺរយៈពេលយូរ ឬអាចឈានដល់១០ឆ្នាំ ទើបធ្វើម្តង។

លោក ឡម ឡាញ់ លើកឡើងទៀតថា អ្នកដែលធ្វើពិធីនេះ ជាទូទៅ គឺជាអ្នកមានគ្រោះឧបទ្រពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ជីវិត។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ អ្នកភូមិជប់រូបនេះ មានប្រសាសន៍ដូច្នេះថា៖«ជាជំនឿតាមតំបន់ ហើយនៅហ្នឹង គេ ធ្វើអ៊ីចឹង»។

អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ រិះគន់ថា ការធ្វើពិធីខាងលើ គឺជាជំនឿខ្វះបញ្ញា និងជាជំនឿមិនសមហេតុផល៕

Tag:
 ឧបកិច្ចធ្វើជាស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com