ជាតិ
សេដ្ឋកិច្ច
ជប៉ុន ផ្តល់ជំនួយឥតសំណងជាង២០លានដុល្លារ ដើម្បីសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក
22, Feb 2022 , 6:59 pm        
រូបភាព
គម្រោងនៃការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់​ ជើងឯក។ រូបថត៖ ផេក ហ្វេសប៊ុក សម្តេច​ ហ៊ុន សែន​
គម្រោងនៃការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់​ ជើងឯក។ រូបថត៖ ផេក ហ្វេសប៊ុក សម្តេច​ ហ៊ុន សែន​
ភ្នំពេញ៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក តម្លៃជាង២០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី២២កុម្ភៈ។  ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ឱ្យកម្ពុជា ដើម្បីរក្សាអនាម័យបរិស្ថាន នៅរាជធានីភ្នំពេញ។

 
រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនJICA បានផ្តល់ជំនួយឥតសំណងចំនួន២ ៣៤០លានយេន (ជាង២០លានដុល្លារ) ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនៅលើផ្ទៃដី៣ហិកតា ដែលស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ត្រូវសាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture)។ 
 

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

ពីពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា គម្រោងនេះ គឺមានការសាងសង់ផ្លូវកៅស៊ូប្រភេទAC សម្រាប់ថែទាំប្រឡាយ ដែលមានទទឹងផ្លូវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១៦៩០ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវលេខ២៧១ រហូតដល់មហាវិថី អ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង។ លោក បានបញ្ជាក់ថា ផ្លូវនេះ នឹងជីកដាក់បំពង់លូសម្រាប់បង្ហូរទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ទំហំមុខកាត់០.៣ ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។
 
បើតាមលោក ឃួង ស្រង ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ក្រោយបញ្ចប់ការសាងសង់ នៅថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២៣។ អភិបាលរាជធានីភ្នំពេញរូបនេះ បានបន្ថែមថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គឺមានបឹងបម្រុងទុកប្រមាណ១៩ហិកតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានឆ្កៀលសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។ ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ផងដែរ។
 

លោក មិកាមិ ម៉ាសាហ៊ីរូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា

សម្រាប់ លោក មិកាមិ ម៉ាសាហ៊ីរូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ប្រព័ន្ធបង្ហូរទឹកកង្វក់ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ទីក្រុងទាំងអស់ ប៉ុន្តែវាមិនងាយស្រួលទេ ក្នុងការធានាបាននូវទីតាំងសម្រាប់សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងទីក្រុង ដែលកំពុងមានការអភិវឌ្ឍ និងមានការពង្រីក។ 
 
បើតាមលោក មិកាមិ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនេះ សាងសង់ឡើងដោយប្រើបច្ចេកវិទ្យារបស់ជប៉ុន ដែលជាប្រព័ន្ធអាចធ្វើប្រតិបត្តិការបាន ក្នុងទីតាំងតូចជាងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ធម្មតា។ លោកបានបញ្ជាក់ថា ៖ «ប្រព័ន្ធនេះ មានគុណសម្បត្តិច្រើនដែលត្រូវការថាមពលតិច សម្រាប់ដំណើរការរចនាសម្ព័ន្ធនៃប្រតិបត្តិការនិង មានការថែទាំងាយស្រួល ផងដែរ»។ 
 
លើសនេះ ជប៉ុនក៏បានផ្តល់ជំនួយផ្នែកបច្ចេកទេស ក្នុងការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក តាមរយៈការបង្កើតអង្គភាពគ្រប់គ្រងទឹកកង្វក់ និងការបង្កើតរៀបចំច្បាប់ពីអ្នកជំនាញពីJICA។ លោកមិកាមិ បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធតែមួយមុខ គឺមិនអាចដំណើរការបាននោះទេ។ 


ការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក​

ការធ្វើប្រតិបត្តិការ និងការថែរក្សាឱ្យបានល្អតាមច្បាប់និងមានអង្គភាពត្រឹមត្រូវ គឺពិតជាមានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។ លោក មិកាមិ មានប្រសាសន៍ដូច្នេះ ដោយបានបន្តថា ៖ «ខ្ញុំចង់ឱ្យប្រជាជនទាំងអស់ស្គាល់អំពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ព្រមទាំងពង្រឹងការរៀបចំនិងប្រតិបត្តិការទាំងវិស័យទឹកកខ្វក់ទាំងមូលផងដែរ។ ខ្ញុំសង្ឃឹមថា តាមរយៈការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងកិច្ចសហការបច្ចេកទេសនេះ នឹងអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យទឹកកខ្វក់នៅកម្ពុជា នាពេលអនាគត»៕
 

Tag:
 ជំនួយឥតសំណង
  ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់
  បឹងជើងឯក
© រក្សាសិទ្ធិដោយ thmeythmey.com