អន្តរជាតិ
តំណាងអ៊ុយក្រែន៖ អង្គការសហប្រជាជាតិកំពុងមានជំងឺ ដែលចម្លងដោយរុស្ស៊ី
22, Feb 2022 , 9:29 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើវិបត្តិអ៊ុយក្រែននៅថ្ងៃទី២១ ខែកុម្ភៈ ។ រូបភាព៖ Xinhua
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើវិបត្តិអ៊ុយក្រែននៅថ្ងៃទី២១ ខែកុម្ភៈ ។ រូបភាព៖ Xinhua
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅយប់ថ្ងៃទី២១ ខែកុម្ភៈ (ម៉ោងនៅអាម៉េរិក) បានបើកកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីរុស្ស៊ីបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅអ៊ុយក្រែនជារដ្ឋឯករាជ្យ។ ក្នុងជំនួបដែលប្រទេសលោកខាងលិច និងរុស្ស៊ីចោទគ្នាទៅវិញទៅមកនោះ តំណាងអ៊ុយក្រែន បានយល់ឃើញថា អង្គការសហប្រជាជាតិកំពុងមានជំងឺ ដោយវីរុសបង្កជាជំងឺនោះ ត្រូវបានចម្លងដោយរុស្ស៊ី។

 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានរុស្ស៊ីជាប្រធានផ្លាស់វេនក្នុងខែកុម្ភៈ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយតាមសំណើរបស់ទីក្រុងកៀវ ដើម្បីជជែកពីវិបត្តិអ៊ុយក្រែន និងការទទួលស្គាល់សាធារណរដ្ឋប្រជាមានិតលូហាន និងសាធារណរដ្ឋប្រជាមានិតដូណេត្ស ជារដ្ឋឯករាជ្យ ពីសំណាក់រុស្ស៊ី រួមទាំងការបញ្ជូនកងទ័ពរុស្ស៊ីទៅទឹកដីទាំងពីរ។ 
 
ការទទួលស្គាល់នេះ បានធ្វើឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខ ដូចជា បារាំង ឥណ្ឌា ប្រេស៊ីល អាល់បានី បង្ហាញក្តីបារម្ភពីការវិវដ្ដស្ថានការណ៍នៅអ៊ុយក្រែន។ តំណាងអាល់បានី បានចាត់ទុកទង្វើរបស់រុស្ស៊ី គឺជាសកម្មភាពដែលធ្លាប់ធ្វើនៅហ្សកហ្ស៊ីឆ្នាំ២០១៤ និងគ្រីមេ ក្នុងឆ្នាំ២០១៤។ 
 
មកដល់វេនអាម៉េរិក លោកស្រី Linda Thomas-Greenfield តំណាងអាម៉េរិកប្រចាំនៅ UN បានចាត់ទុកការបញ្ជូនកម្លាំងថែរក្សាសន្តិភាពនៅក្នុងរដ្ឋផ្តាច់ខ្លួនទាំងពីរ គឺរឿនមិនអាចទទួលយកបាន ព្រោះវាជាការបំពានគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ និងធ្វើផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ។  លោកស្រី Thomas-Greenfield បានចោទរុស្ស៊ីដដែលៗថា នោះជាលេសរបស់រុស្ស៊ីដើម្បីឈ្លានពានអ៊ុយក្រែន។ 
 
ទន្ទឹមនេះ តំណាងអាម៉េរិករូបនេះ បានបញ្ជាក់ផងដែរថា អាម៉េរិក មិនមានបំណងបំពាក់អាវុធនុយក្លេអ៊ែរ លើដីអ៊ុយក្រែន ដូចការចោទប្រកាន់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនឡើយ។ ចំណែកតំណាងចិនវិញ បានត្រឹមតែជំរុញឱ្យភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយការទូត, តាមមធ្យោបាយសន្តិភាព និងដោយផ្អែកតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ 
 
ជាការឆ្លើយតបនឹងការរិះគន់របស់ប្រទេសលោកខាងលិច និងសមាជិក UNSC ផ្សេងទៀត លោក Vassily Nebenzia តំណាងរុស្ស៊ីនៅ បានអះអាងថា សេចក្តីថ្លែងការណ៍មួយចំនួនមុនៗ សុទ្ធដាក់អារម្មណ៍ខ្លាំង និងចោទរុស្ស៊ីចង់វាយប្រហារលើអ៊ុយក្រែន។ បើតាមលោក Nebenzia ពេលនេះ វាជាពេលត្រូវផ្តោតលើការបញ្ចៀសសង្រ្គាម និងបញ្ឈប់អ៊ុយក្រែនវាយប្រហារ និងបង្ករឿងដាក់សាធារណរដ្ឋប្រជាមានិតដូណេត្ស។ 
 
«យើងនៅតែបើកចំហចំពោះការចរចា ប៉ុន្តែរុស្ស៊ីមិនអនុញ្ញាតឱ្យមានការសម្លាប់រង្គាលនៅតំបន់ដុងបាស ដែលយើងមិនមានបំណងធ្វើឡើយ»។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងបែបនេះ ដោយបន្តថា តំបន់ភាគខាងកើតអ៊ុយក្រែន គឺស្ថិតលើចំណុចប្រថុយប្រថានរបស់យោធាអ៊ុយក្រែន ហើយរុស្ស៊ី នឹងមិនអនុញ្ញាតឱ្យមានការប៉ះទង្គិចកើតឡើងឡើយ។ មន្រ្តីរុស្ស៊ីរូបនេះ ក៏បានជំរុញឱ្យបស្ចឹមប្រទេស កុំធ្វើឱ្យវិបត្តិអ៊ុយក្រែនកាន់តែស្មុគស្មាញថែមទៀតផងដែរ។  
 
បន្ទាប់ពីរុស្ស៊ី តំណាងអ៊ុយក្រែនបានថ្លែងរិះគន់រុស្ស៊ី។ «អង្គការសហប្រជាជាតិ កំពុងមានជំងឺ ហើយនេះជាសេចក្តីថ្លែងការណ៍ពិតប្រាកដមួយ»។ លោក Sergiy Kyslytsya តំណាងអ៊ុយក្រែននៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា វីរុស ដែលបង្កជាជំងឺនោះ ត្រូវបានចម្លងដោយរុស្ស៊ី និងកំពុងស្ថិតនៅជាប់ដៃរបស់សមាជិកអង្គការសហប្រជាជាតិ។ យ៉ាងណាមិញ អគ្គរដ្ឋទូតអ៊ុយក្រែនរូបនេះ មិនបានពន្យល់ឱ្យបានច្បាស់លាស់ឡើយលើការយល់ឃើញរបស់ខ្លួន។ 
 
នៅចំពោះមុខមន្រ្តីរុស្ស៊ី និងបណ្តាសមាជិកUNSC លោក Kyslytsya បានចាត់ទុកការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការទទួលស្គាល់តំបន់ផ្តាច់ខ្លួនជាការខុសច្បាប់។ មិនតែប៉ុណ្ណោះ មន្រ្តីការទូតអ៊ុយក្រែនរូបនេះ បានបន្តថា អ៊ុយក្រែននៅតែបន្តកិច្ចចរចា ក្នុងការដោះស្រាយជម្លោះ ប៉ុន្តែខ្លួននឹងមិនខ្លាច, ជំពាក់បំណុល, ឬប្រគល់កម្មសិទ្ធិដែនដីរបស់ខ្លួនឱ្យប្រទេសណាមួយឡើយ។ 
 
ក្នុងកិច្ចប្រជុំបន្ទាន់នោះ លោកស្រី Rosemary A. DiCarlo អគ្គលេខាធិការរង UN ទទួលបន្ទុកកិច្ចការកសាងសន្តិភាព និងនយោបាយ និងជាតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងកិច្ចប្រជុំ បានថ្លែងថា លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានចាត់ទុកសេចក្តីសម្រេចរបស់រុស្ស៊ី ក្នុងការទទួលស្គាល់រដ្ឋផ្តាច់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ គឺជាការបំពានបូរណភាពដែនដី អធិបតេយ្យរបស់អ៊ុយក្រែន និងមិនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងន័យនេះ លោក ហ្គូតេរ៉េស បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង និងបារម្ភពីផលវិបាកកាន់តែធំសម្រាប់ពិភពលោក៕
 

Tag:
 អ៊ុយក្រែន
  UN
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com