ជាតិ
សេដ្ឋកិច្ច
EU ផ្តល់ថវិកាជាង៨,៣លានដុលា្លរ ​ដល់ ILO, Oxfam និងUNICEF ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជា
22, Feb 2022 , 5:59 pm        
រូបភាព
រថយន្តមួយគ្រឿងកំពុងដឹកកម្មករទៅធ្វើការងាររោងចក្រនៅខេត្តកំពង់ស្ពឺ
រថយន្តមួយគ្រឿងកំពុងដឹកកម្មករទៅធ្វើការងាររោងចក្រនៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ សហភាពអឺរ៉ុប(EU) ផ្តល់ជំនួយ៧,៤លានអឺរ៉ុប (ប្រមាណ៨,៤លានដុល្លារអាម៉េរិក) ដល់អង្គការ អង្គការOxfam,​ យូនីសេហ្វ(UNICEF) និងអង្គការពលកម្មអន្តរជាតិ(ILO) ដើម្បីចូលរួមពង្រឹងប្រព័ន្ធគាំពារសង្គមនៅកម្ពុជាក្នុងវិបត្តិកូវីដ-១៩។ ស្ថាប័នអន្តរជាតិទាំង៤នេះ នឹងអនុវត្តគម្រោងលើកកម្ពស់ប្រព័ន្ធគាំពារសង្គមបែបបរិយាបន្ន និងឆ្លើយតបចំពោះគ្រោះអាសន្ននៅកម្ពុជា និងគម្រោងកម្ពស់សេវាគំាពារសង្គមនៅកម្ពុជា។ គម្រោងពួកគេរហូតដល់ឆ្នាំ២០២៤។ ​ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់អង្គការOxfam។​

 
ការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះកម្មវិធីកែទម្រង់ប្រព័ន្ធគាំពារសង្គម គឺមានគោលបំណងរួមចំណែកដល់ការឆ្លើយតបភ្លាមៗ ចំពោះជំងឺកូវីដ​-១៩នៅកម្ពុជា។ គម្រោងទាំងនេះ នឹងគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់កម្ពុជា ខណៈក្រុមប្រឹក្សាជាតិគាំពារសង្គម បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងកម្មវិធីនេះ ជាមួយដៃគូពាក់ព័ន្ធនានា នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​បេឡាជាតិសន្តិសុខសង្គម សង្គមស៊ីវិល និងវិស័យឯកជនផងដែរ។ 
 
លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា សហភាពអឺរ៉ុបបានសហការជាមួយអង្គការ ILO យូនីសេហ្វ និង Oxfam ដើម្បីគាំទ្រដល់កម្ពុជា​ឱ្យសម្រេចគោលដៅរយៈពេលវែងរបស់ខ្លួន ក្នុងការពង្រីកបរិយាបន្ននៃប្រព័ន្ធគាំពារសង្គម ដោយរួមបញ្ចូលទាំងកម្មករ/និយោជិត ដែលមិនទាន់​ទទួលបានការការពារនៅឡើយ។ 
 
សេចក្តីប្រកាសព័ត៌មានរបស់Oxfam កាលពីថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២២ បានបន្ថែមថា ជាជំហានបន្ទាប់ សហភាពអឺរ៉ុប នឹងគាំទ្រដល់តំណភ្ជាប់រវាងសេវាគាំពារសង្គម ការងារសមរម្យ និងកំណើនបៃតងប្រកបដោយចីរភាពនៅកម្ពុជា។


កម្មករចេញពីធ្វើការរោងចក្រ

ជាមួយគ្នានេះ លោក ចន ណារិទ្ធ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា កម្ពុជា ទទួលស្គាល់ពីតួនាទីដ៏សំខាន់ នៃសេវាគាំពារសង្គមប្រកបដោយបរិយាបន្ន រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាព ជាពិសេសការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងជំរុញស្ថិរភាពហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច។ ការបង្កើតប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ធ្វើឡើងក្រោមការដឹកនាំ និងការសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម​ ដែលមានតួនាទីវាយតម្លៃ និងតាមដានពីវឌ្ឍនភាព និងការអនុវត្ត ដោយមានគណនេយ្យភាព និងតម្លាភាព។ 
 
លោក បាននិយាយដូច្នេះ៖ « យើងខ្ញុំសូមថ្លែងអំណរគុណដល់ការគាំទ្រ និងការជឿទុកចិត្ដ ផ្តល់ដោយដៃគូអភិវឌ្ឍន៍របស់យើង ដែលបានរួមចំណែកដល់ការរីកចម្រើននៃប្រព័ន្ធគំាពារសង្គមនៃ​ប្រទេសយើង»។
 
កម្មវិធីគាំទ្រដល់កំណែទម្រង់ប្រព័ន្ធគាំពារសង្គមរបស់សហភាពអឺរ៉ុប គឺមាន២គម្រោងដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ក្នុងនោះមាន គម្រោងទីមួយ៖ ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គមបែបបរិយាបន្ន និងឆ្លើយតបចំពោះគ្រោះអាសន្ននៅកម្ពុជា (ហៅកាត់ថា FIRST) ដឹកនាំអនុវត្តដោយអង្គការ Oxfam កំពុងធ្វើការងារជាមួយនឹងដៃគូចំនួន១១ ដែលក្នុងនោះរួមមាន អង្គការសង្គមស៊ីវិល សហជីព និងសមាគមក្នុងស្រុក។ 
 
គម្រោង FIRST បង្កើតឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងកាប្រើប្រាស់របបគាំពារសង្គម លើកកម្ពស់ការចូលរួមក្នុងកិច្ចសន្ទនាសង្គម និងធ្វើឱ្យកាន់តែប្រសើរនូវយន្តការគណនេយ្យភាពសង្គម។  សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា Oxfam ទទួលបានជំនួយឥតសំណងចំនួន១,៨លានអឺរ៉ូ(ប្រមាណ២លានដុល្លារ) ពីសហភាពអឺរ៉ុប សម្រាប់អនុវត្តគម្រោងនេះ ដល់ឆ្នាំ២០២៣។ 
 
បើតាមនាយិកាអង្គការOxfam លោកស្រី ភាណ សោភ័ណ  ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានជួយឱ្យពលរដ្ឋកម្ពុជា កាន់តែដឹងពីភាពងាយរងគ្រោះរបស់ខ្លួន និងបានផ្តល់ឱកាសដ៏ល្អបំផុត ដើម្បីលើកកម្ពស់កិច្ចសហការគ្នា ក្នុងចំណោមដៃគូពាក់ព័ន្ធនានា ដែលកំពុងផ្តល់ការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា​ ក្នុងគោលដៅកសាងប្រព័ន្ធគាំពារសង្គមមួយ ដែលកាន់តែមានលក្ខណៈបែបរិយាបន្ន និងឆ្លើយតបចំពោះវិបត្តិ។ 
 
លោកស្រី បាននិយាយដូច្នេះ៖ « Oxfam មានក្ដីសោមន្សរីករាយ ក្នុងការធ្វើការងារជាមួយនឹងសង្គមស៊ីវិល ស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា ដើម្បីពាំនាំសំឡេងពលរដ្ឋ ដែលងាយរងគ្រោះ ជាពិសេសសំឡេងរបស់ស្ត្រីឱ្យតួអង្គពាក់ព័ន្ធនានាបានដឹងឮ និងរួមចំណែកដល់ការកសាងប្រព័ន្ធគាំពារសង្គមមួយ ដែលកាន់តែមានលក្ខណៈបរិយាបន្ន គណនេយ្យភាព និងតម្លាភាព»។ 
 
ដោយឡែក គម្រោងទីពីរ៖ គឺការលើកកម្ពស់សេវាគំាពារសង្គមនៅកម្ពុជា ដែលដឹកនាំដោយក្រុមប្រឹក្សាជាតិគាំពារសង្គម​ និងអនុវត្តដោយអង្គការ ILO និង យូនីសេហ្វ ក្រោមជំនួយជិត៥,៦លានអឺរ៉ូ( ប្រមាណ៦,៣លានដុល្លារ)។ គម្រោងនេះអនុវត្តរហូតដល់ឆ្នាំ២០២៤​ ក្នុងគោលដៅជាក់សំខាន់ៗចំនួន៣ ដែលត្រូវសម្រេចឱ្យបាន។ ក្នុងនោះ ការលើកកម្ពស់ការផ្តល់សេវានិងការសម្របសម្រួលនៃប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម តាមរយៈប្រព័ន្ធដែលធ្វើទំនើបកម្ម, ការពង្រីកវិសាលភាពនៃប្រព័ន្ធសនិ្តសុខសង្គមដល់កម្មករនិយោជិត ឱ្យបានកាន់តែច្រើន និងការបង្កើនគុណភាព, និងភាពស៊ីជម្រៅនៃសេវាជំនួយសង្គមដល់ពលរដ្ឋ ដែលរស់នៅក្នុងស្ថានភាពក្រីក្រ-ភាពងាយរងគ្រោះ។ ​ទន្ទឹមគ្នានេះ ការបង្កើនសមត្ថភាពនៃកម្មវិធីគាំពារសង្គម គឺសំដៅពង្រឹងមុខរបរចិញ្ចឹមជីវិត​ និងការចូលរួមក្នុងទីផ្សារការងាររបស់ពួកគេ។
 
លោក Graeme Buckley នាយកការិយាល័យ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានលើកឡើងថា  សេវាគាំពារសង្គម គឺមានគោលដៅកាត់បន្ថយ និងបង្ការភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គម រួមទាំងភាពក្រីក្រ។ វិបត្តិកូវីដ-១៩ បានរំលេចឱ្យឃើញពីសារៈសំខាន់នៃសេវាគាំពារសង្គមក្នុងការលើកកម្ពស់ភាពធន់ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ 
 
លោកបាននិយាយថា៖ «គម្រោងនេះនឹងរួមចំណែកដល់ការពង្រីកសេវាគំាពារសង្គម ដល់ស្ត្រី បុរស និងក្រុមគ្រួសាររបស់គេឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ក៏ដូចជាបង្កើនការគ្របដណ្តប់នៃរបបសន្តិសុខសង្គមដល់កម្មករនិយោជិត ដែលមិនទាន់ទទួលបាន ដើម្បីឈានទៅកសាងប្រព័ន្ធគាំពារសង្គម ឆ្លើយតបចំពោះយេនឌ័រ ដែលកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល គណនេយ្យភាព និងចីរភាព គ្របដណ្ដប់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងវដ្តជីវិតទាំងមូល ក៏ដូចជារួមចំណែកដល់ការសម្រេចបានការងារសមរម្យ ព្រមទាំងកំណើនសេដ្ឋកិច្ចប្រកបដោយ    បរិយាបន្ន និងប្រសិទ្ធភាព»។
 



សម្រាប់លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ប្រព័ន្ធគាំពារសង្គម គឺជាឧបករណ៍មួយ ក្នុងចំណោមឧបករណ៍សំខាន់ជាងគេដែលយើងមាន ដើម្បីដោះស្រាយភាពក្រីក្រដែលចាក់ឫសគល់យ៉ាងជ្រៅ ហើយដែលបន្តកើនឡើង ដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គម ពីជំងឺកូវីដ-១៩ មកលើពលរដ្ឋដែលងាយរងគ្រោះជាងគេនៅកម្ពុជា»។ 
លោកស្រី បានបន្ថែមថា ការវិនិយោគរបស់រដ្ឋាភិបាលកម្ពុជាលើសេវាគាំពារសង្គមនៅពេលមុន​ និងក្នុងអំឡុងពេលនៃការរាតត្បាតជាសកល បានជួយគាំទ្រដល់សុខមាលភាពរបស់ពលរដ្ឋ ដោយរួមចំណែកដល់ការធានាបាននៅស្ថេរភាពសេដ្ឋកិច្ច និងជួយរក្សាលទ្ធផលនៃការអភិវឌ្ឍសម្រាប់កុមារ ដោយរួមបញ្ចូលទាំងតាមរយៈការទទួលបានសេវាអប់រំ និងសេវាថែទាំសុខភាពជាដើម។
 
ស្របពេលដែលកម្ពុជាផ្លាស់ទៅរកការស្តារឡើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការកាត់បន្ថយភាពក្រីក្រ និងការកសាងភាពធន់រឹតតែមានសារៈសំខាន់ទៅទៀត។ «ការគាំទ្ររបស់សហភាពអឺរ៉ុបមានសារៈសំខាន់ណាស់ ដើម្បីជួយយើងទាំងអស់គ្នា ក្នុងការពង្រឹងវិស័យគាំពារសង្គម ដើម្បីឱ្យវិស័យនេះមិនត្រឹមតែជួយគាំទ្រឱ្យស្ត្រី និងកុមារនៅកម្ពុជាអាចស្តារឡើងវិញពីការរាតត្បាតជាសកលប៉ុណ្ណោះទេ ថែមទាំងបន្តរីកចម្រើនក្រោយវិបត្តិនេះទៀតផង»។ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បានបន្ថែមដូច្នេះ​នៅក្នុងសេចក្តីនប្រកាសព័ត៌មានដដែលរបស់Oxfam៕ 
 

Tag:
 គាំពារសង្គម
  EU
  Oxfam
 ​ ILO
 ​ UNICEF
© រក្សាសិទ្ធិដោយ thmeythmey.com