ជាតិ
សេដ្ឋកិច្ច
USAID និងក្រុមហ៊ុន២ រួមគា្នបំពេញខ្សែច្រវ៉ាក់ផ្គត់ផ្គង់វិស័យកសិកម្ម ក្នុងដើមទុន៣លានដុល្លារ
23, Feb 2022 , 7:59 pm        
រូបភាព
លោកស្រី_Nancy_J_Eslick_នាយិកានៃទីភ្នាក់ងារ_USAID_នៅកណ្តាល
លោកស្រី_Nancy_J_Eslick_នាយិកានៃទីភ្នាក់ងារ_USAID_នៅកណ្តាល
ភ្នំពេញ៖ ទីភ្នាក់ងារជំនួយអាមេរិក(USAID) បានសហការជាមួយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុនខ្មែរខូលឆេន ឯ.ក. (Khmer Cold Chain)  ដើម្បីវិនិយោគលើច្រវ៉ាក់ផ្គត់ផ្គង់ត្រជាក់ (cold chain) ដែលមានសមត្ថភាពផ្ទុកផលិតផលកសិកម្ម និងភស្តុភារនៅកម្ពុជា។ ការវិនិយោគលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ត្រជាក់ របស់ក្រុមហ៊ុនទាំងពីរនេះ គឺមានទំហំទឹកប្រាក់ប្រមាណ៣លានដុល្លារ ដោយក្នុងនោះ មាន១,៤លានដុល្លារ ជាការគាំទ្ររបស់USAID។

 
USAID បានប្រកាសភាពជាដៃគូ ជាមួយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុនKhmer Cold Chain បង្កើតឃ្លាំងត្រជាក់ សម្រាប់ទុកដាក់ និងដឹកជញ្ជូនផលិតផលកសិកម្មនៅកម្ពុជា។ ភាពជាដៃគូនេះ គឺដើម្បីរួមគ្នាដោះស្រាយឧបសគ្គនៃប្រព័ន្ធទីផ្សារ ចំពោះឱកាសនាំចេញនិងនាំចូលផលិតកម្ម ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើការធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពជ្រៀតចូលទីផ្សារ សម្រាប់កសិករខ្នាតតូច និងធុរកិច្ចដែលដឹកនាំដោយស្ត្រី និងយុវជន ។
 
លើសពីនេះទៅទៀត ភាពជាដៃគូរវាងទីភ្នាក់ងារជំនួយអាម៉េរិក និងក្រុមហ៊ុនឯកទាំងពីរនេះ  នឹងជំរុញដល់ការប្រកួតប្រជែងសេដ្ឋកិច្ចរបស់កម្ពុជា និងបរិយាបន្ន ដោយបំពេញនូវចន្លោះប្រហោង នៃច្រវ៉ាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម។ ទាំងនេះជាអ្វីដែល USAID បានអះអាងឡើង កាលពីថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមការផ្សាយរបស់ USAID។ 
 
លោកស្រី Nancy J. Eslick នាយិកានៃទីភ្នាក់ងារ USAID បាននិយាយថា៖ «ភាពជាដៃគូរបស់ USAID ជាមួយក្រុមហ៊ុនកម្ពុជា គឺជួយកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ។ ដូចនេះ ពួកគេអាចធ្វើតេស្ត និងលើកកម្ពស់ដំណោះស្រាយជោគជ័យ ព្រមទាំងជំរុញការវិនិយោគលើវិស័យកសិកម្ម ដើម្បីបង្កើនសមាហរណកម្មពាណិជ្ជកម្ម ក្នុងតំបន់និងអន្តរជាតិ»។ ភាពជាដៃគូរយៈពេល២ឆ្នាំនេះ USAID បានគាំទ្រហិរញ្ញវត្ថុ ចំនួន ១,៤លានដុល្លារ ដល់ក្រុមហ៊ុនAmru Rice និងក្រុមហ៊ុន Khmer Cold Chain។ 
 
Amru Rice ជាក្រុមហ៊ុនផលិតចំណីអាហារ និងជាពាណិជ្ជករដែលនាំចេញកសិផល ដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី និងម្រេច នឹងបង្កើតបន្ទប់ត្រជាក់រក្សាកសិផលទាំងនោះ ទុកត្រជាក់នៅជិតការិយាល័យកណ្តាលរបស់ខ្លួន និងនៅជិតបណ្តាសហគមន៍អភិវឌ្ឍកសិកម្ម ដោយបង្កើតកន្លែងទុកដាក់ត្រជាក់ និងបណ្តាញភស្តុភារ ដល់អ្នកផ្គត់ផ្គង់កសិករខ្នាតតូច។ ការបង្កើតបន្ទប់ត្រជាក់ដើម្បីរក្សាកសិផលនេះ គឺមានទំហំវិនិយោគចំនួន ១លានដុល្លារ ដោយក្នុងនោះ Amru Rice បានចំណាយទុនវិនិយោគផ្ទាល់ខ្លួន ប្រមាណ ៦០ម៉ឺនដុល្លារ ខណៈ៤០ម៉ឺនដុល្លារទៀត គាំទ្រដោយ USAID។ 
 
ជាមួយគ្នានេះ ក្រុមហ៊ុនKhmer Cold Chain ដែលបម្រើសេវាកម្មការភស្តុភារទុកដាក់ត្រជាក់នោះ ក៏ទទូលបានមូលនិធិពី USAIDចំនួន ១លានដុល្លារ ដើម្បីដំណើរការនូវប្រព័ន្ធទុកដាក់ត្រជាក់ ដែលផ្តល់ឱ្យកសិករទទួលបានតម្លៃប្រសើរជាងមុន លើទំនិញរបស់ពួកគេ។ លើសពីនេះទៅទៀត កសិករក៏អាចលក់ផលិតផលរបស់ខ្លួន ទៅកាន់អន្តរជាតិ និងធានាដល់អ្នកប្រើប្រាស់ ទទួលបាននូវទំនិញប្រកបដោយគុណភាពខ្ពស់។ បើតាមUSAID ដំណើរការនូវប្រព័ន្ធទុកដាក់ត្រជាក់ របស់ក្រុមហ៊ុន Khmer Cold Chainនេះ គឺស្ថិតនៅក្រោមទំហំទឹកប្រាក់ សរុប២លានដុល្លារ ដោយក្នុងនោះ ក្រុមហ៊ុនបានចំណាយទុនវិនិយោគផ្ទាល់ ចំនួន១លានដុល្លារផងដែរ។ 
 
USAID បានបញ្ជាក់ថា៖ «វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ចំពោះច្រវ៉ាក់ផ្គត់ផ្គង់បន្លែនេះ នឹងបង្កើនសក្តានុពលរបស់កសិករកម្ពុជា ក្នុងការផលិតកសិផលប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ក្នុងបំណងកែលម្អសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់កសិករផលិត និងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជា លើការនាំចូលបន្លែពីក្រៅប្រទេស»។
 
សហវិនិយោគរបស់ទីភ្នាក់ងារ USAID មានគោលបំណងពង្រីកការអភិឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ទៅដល់គ្រួសារកសិករតាមទីជនបទ ដែលងាយរងគ្រោះពីកង្វះសន្តិសុខស្បៀង ដោយសារការចូលទៅកាន់ទីផ្សារផ្លូវការក្នុងប្រទេស និងក្រៅប្រទេស នៅមានកម្រិត។ ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការសម្របសម្រួល ភាពជាដៃគូ និងសកម្មភាពនានា ដែលបង្កើនការលក់ និងឱកាសការងារ ក្នុងវិស័យកសិកម្មនៅកម្ពុជា។
 
ពាក់ព័ន្ធនឹងការវិនិយោគរបស់វិស័យឯកជន និងដៃគូអភិវឌ្ឍខាងលើនេះ ត្រូវបានក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ កោតសរសើរ​ ក្នុងការចូលរួមកសាងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ពិសេសការសាងសង់ឃ្លាំងត្រជាក់សម្រាប់ស្តុកនិងដឹកជញ្ជូនផលិតផលកសិកម្ម។ 
 
លោក ស្រី វុឌ្ឍី ដែលជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា អភិក្រមដែលក្រសួងកសិកម្ម ដាក់ឱ្យអនុវត្តក្នុងគោលនយោបាយនេះ គឺត្រូវពង្រឹងភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងផលិតករឬហគមន៍កសិកម្ម។ លោកបានបញ្ជាក់ប្រាក់សារព័ត៌មានថ្មីៗ នាថ្ងៃទី២៣កុម្ភៈ ថា ការវិនិយោគពីវិស័យឯកជនត្រូវបានជំរុញ និងចាត់ទុកថា វិស័យឯកជនគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយរុញកំណើននៃវិស័យកសិកម្ម និងជួយដល់កសិករនិងសហគមន៍កសិកម្មភ្ជាប់ទីផ្សារតាមយន្តការផលិតកម្មតាមកិច្ចសន្យា។ 
 
លោក ស្រី វុឌ្ឍី បានអះអាងថា៖ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រដល់ការចូលរួមពីគ្រប់ដៃគូអភិវឌ្ឍន៍ក្នុងការបង្កើនសមត្ថភាពផលិត កែច្នៃ និងនាំចេញផលិតផលកសិកម្ម»៕ 
 
 
 

Tag:
 កសិកម្ម
  USAID
  Khmer Cold Chain
  Amru Rice
© រក្សាសិទ្ធិដោយ thmeythmey.com