អន្តរជាតិ
លោក ពូទីន ប្រាប់រដ្ឋជិតខាងរុស្ស៊ីកុំឱ្យបារម្ភ ឯអ៊ុយក្រែនជាករណីផ្សេង ព្រោះមានអ្នកនៅពីក្រោយ
23, Feb 2022 , 6:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២២ ខែកុម្ភៈ បានផ្ដល់ការធានាដល់អតីតរដ្ឋសហភាពសូវៀតទាំងអស់កុំឱ្យបារម្ភអ្វី ស្របពេលដែលរុស្ស៊ីប្រឈមមុខជាមួយអ៊ុយក្រែន ហើយបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនោះ។ លោកបញ្ជាក់ថា មិនមានគម្រោងការកសាងចក្រភពរុស្ស៊ី​ដូចការលើកឡើងខ្លះ​ឡើយ ហើយលោកនៅតែគោរពឯករាជ្យប្រទេសអតីតសហភាពសូវៀត ឯរឿងជាមួយអ៊ុយក្រែន​ជា​ករណី​ផ្សេង​។

 
វិបត្តិអ៊ុយក្រែនហាក់មិនថមថយនោះឡើយ ខណៈដែលលោក វ៉្លាឌីមៀ ពូទីន បានប្រកាសទទួលស្គាល់​តំបន់ផ្ដាច់ខ្លួនអ៊ុយក្រែន Donetsk និង Luhansk ហើយព្រមទាំងបានបញ្ជាឱ្យដាក់ពង្រាយទ័ព​ទៅ​តាមតំបន់ផ្ដាច់ខ្លួនភាគខាងកើតអ៊ុយក្រែននោះផងដែរ។ យ៉ាងណាមិញ លោក ពូទីន បែរជាបញ្ជាក់​ពី​ជំហររបស់ខ្លួនថា លោកមិនចង់ក្ដោបយកប្រទេសអតីត សហភាពសូវៀត​ហើយបង្កើតជាចក្រភពរុស្ស៊ី​ឡើងវិញនោះឡើយ។
 
«ការព្យាការណ៍ថា រុស្ស៊ីមានគម្រោងការស្ដារអាណាចក្ររបស់ខ្លួនឡើងវិញតាមព្រំដែន មិនស្រប​នឹង​ការពិតនោះឡើយ»។ លោក ពូទីន បានសង្កត់ធ្ងន់បែបនេះអំឡុងជំនួបថ្ងៃទី២២ ខែកុម្ភៈជាមួយ​ប្រធានាធិបតីអាស៊ែបៃហ្សង់ អ៊ីលហាម អាលីយេវ នៅវិមានក្រឹមឡាំង។ 
 
ទន្ទឹមនេះ ប្រធានាធិបតីរុស្ស៊ីរូបនេះបានលើកឡើងថា ទីក្រុងមូស្គូទទួលស្គាល់ការពិតនៃ ភូមិសាស្ត្រ​នយោបាយថ្មីបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត និងការធ្វើការជាមួយ ប្រទេសឯករាជ្យ​ទាំង​អស់​ផងដែរ។ ក៏ប៉ុន្តែប្រមុខរដ្ឋបញ្ជាក់ថា អ៊ុយក្រែន​ជា​ករណី​លើកលែងដោយសារប្រទេសមួយនេះត្រូវបាន​ប្រទេស​ទីបី​ប្រើ​ប្រាស់ដើម្បី​បង្កើត​ការ​គំរាមចំពោះ​រុស្ស៊ី។ ត្រង់នេះ ទោះមិនបញ្ចេញឈ្មោះ លោក ពូទីន ចង់សំដៅលើអាម៉េរិក និងលោកខាងលិចតែម្ដង។
 
ដោយសំដៅបដិវត្តន៍ដែលនាំឱ្យអ៊ុយក្រែនងាកទៅលោកខាងលិចឆ្នាំ២០១៤ លោក ពូទីន ក៏បាន​បន្ត​ថា បន្ទាប់ពីមានរដ្ឋប្រហារនៅអ៊ុយក្រែនមក ទីក្រុងមូស្គូ និងទីក្រុង ក្រៀវមិនមានទំនាក់ទំនង​ល្អនឹងគ្នា​នេះ​ឡើយ។ 
 
លើការទទួលស្គាល់តំបន់ផ្ដាច់ខ្លួនលោក ពូទីន បានប្រកាសការសម្រេចចិត្តនេះ​ដោយ​យោង​តាមឯកសារប្រវត្តិសាស្ត្រ។ នៅក្នុងនោះលោកអះអាងថា អ៊ុយក្រែន​ត្រូ​វបានបង្កើ​តឡើង​ដោយ​រុស្ស៊ី​ទាំង​ស្រុង ហើយលោកក៏បានចោទសួរអំពីអធិបតេយ្យភាពរបស់អ៊ុយក្រែន៕
 
 
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com