ជាតិ
សេដ្ឋកិច្ច
កម្ពុជាសម្រេចបើកទីផ្សារនាំចេញដំឡូងមីស្ងួត៤០ម៉ឺនតោន ទៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី
25, Feb 2022 , 10:48 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា បានសម្រេចបើកទីផ្សារនាំចេញដំឡូងមីស្ងួតចំនួន៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីនៃប្រទេសចិន។ បើតាមក្រសួពាណិជ្ជកម្ម ចំនួនកសិផលនេះ នឹងត្រូវនាំចេញក្នុងរយៈពេលមួយឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣។

 
ក្រសួងពាណិជ្ជកម្ម បានចុះកិច្ចព្រមព្រៀង ជាមួយ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មនៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី កាលពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២២។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាអាចនាំចេញដំឡូងមីស្ងួត ទៅតំបន់ជាំងក្វាងស៊ីនោះ ក្នុងបរិមាណ៤០ម៉ឺនតោន ក្នុងរយៈពេល១ឆ្នាំ។
 
ក្រៅពីសម្រេចបានទីផ្សារដំឡូងមីស្ងួតនេះហើយ លោក ប៉ាន សូរស័ក្តិ ក៏បានស្នើដល់ លោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ឱ្យជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូល អង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី តែម្តង។ 
 

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

រដ្ឋមន្ត្រីពាណិជ្ជកម្ម បានថ្លែងទៅកាន់ លោកLAN Tianli ថា  កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រីកជាបន្តបន្ទាប់ តាមរយៈការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគី កាលពីឆ្នាំ២០១០។ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀង(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន(CCTFA)។ លោក ប៉ាន សូរស័ក្តិ បាននិយាយដូច្នេះ៖ «ទាំងនេះសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន»។
 
ជាការឆ្លើយតប លោក LAN Tianli បានគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន នាពេលនេះ។ ចិនជាប្រទេសមានទីផ្សារក្នុងស្រុកដ៏ធំ ដែលតែងតែបើកចំហជានិច្ចសម្រាប់បណ្តាប្រទេសអាស៊ាន។ លោក បានបញ្ជាក់ថា៖« ចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផល ដែលមានគុណភាពកាន់តែច្រើនពីបណ្តាប្រទេសអាស៊ាន រួមទាំងការទិញផលិតផលកសិកម្ម ដែលមានតម្លៃដល់ទៅ១៥០ពាន់លានដុល្លារ ហើយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាទិញលក់ដំឡូងមីស្ងួតនៅថ្ងៃនេះ គឺជាសកម្មភាពជាក់ស្តែងមួយ ដើម្បីអនុវត្តសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន»។
 
បើតាមលោក LAN Tianli ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តក្វាងស៊ី បានឈានដល់ ១,០៥ ពាន់លានយន់ (ប្រមាណ១៦៦លានដុល្លារ) ដែលបានកើនឡើង ៦៣,៨ភាគរយ ធៀបនឹងឆ្នាំ២០២០។ លោកបាន បន្ថែមថា បច្ចុប្បន្ន  មានសហគ្រាស និងអង្គភាពក្វាងស៊ី ចំនួន៧១ ដែលបានវិនិយោគលើវិស័យមិនមែនហិរញ្ញវត្ថុនៅកម្ពុជា ជាមួយទំហំវិនិយោគ ៨៩ពាន់លានដុល្លារ។ 
 

លោកLAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី

លោក LAN Tianli បន្តនិយាយដោយសង្កត់ធ្ងន់ថា៖« ក្នុងនាមជាច្រកនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន តំបន់ស្វយ័តក្វាងស៊ី បានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ដោយទទួលបានលទ្ធផលជាផ្លែផ្កា»។
 
សូមជម្រាបថា នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនសម្រេចបាន ១១,១៩ពាន់លានដុល្លារ ជាមួយនឹងការកើនឡើងប្រមាណ ៣៨ភាគ បើធៀបនឹងឆ្នាំ ២០២០៕ 
 

Tag:
 ពាណិជ្ជកម្ម
  ដំឡូងមី
© រក្សាសិទ្ធិដោយ thmeythmey.com