ជាតិ
សេដ្ឋកិច្ច
កម្ពុជាលែងតម្រូវឱ្យមានលិខិតបញ្ជាក់គ្មានកូវីដ-១៩លើការនាំ​សាច់ និងទំនិញ​បង្កក
25, Feb 2022 , 8:59 pm        
រូបភាព
លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
ភ្នំពេញ៖  ចំពោះសាច់ និងទំនិញបង្កក ដែលត្រូវនាំចូលសម្រាប់ចរាចរនៅលើទីផ្សារកម្ពុជា​ គឺត្រូវលែងឱ្យធ្វើ​វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ ថា គ្មានវីរុសកូវីដ-១៩។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន របស់លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។​

 
លោកគុណ ញឹម  សម្រេចលើកលែងការតម្រូវឱ្យមានវិញ្ញាបនបត្រឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់និងទំនិញបង្កក ដែលត្រូវនាំចូលកម្ពុជាទៀតឡើយ។ ការសម្រេចនេះ ត្រូវបានអគ្គនាយកដ្ឋានគយអះអាងថា ធ្វើឡើងបន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសវីវុសបំប្លែងថ្មី ប្រភេទដែលតា( Delta)នៅតាមបណ្តាប្រទេសប្រភពនាំចូលសាច់បង្កកនិងទំនិញបង្កកផ្សេងទៀតចូលមកកម្ពុជា គឺមានភាពធូរស្រាល ហើយលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកនាពេលកន្លងមក ក៏ពុំឃើញមានវត្តមានវីរុសកូវីដ-១៩ទៀតដែរ។
 
ទោះបីជាយ៉ាងណាក៏ដោយ អគ្គនាយកពន្ធរូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន​របស់ខ្លួន នាថ្ងៃទី២៤កុម្ភៈ ថាចំពោះមុខទំនិញត្រជាក់ និងទំនិញបង្កក ដែលនាំចូលពីប្រទេសជិតខាង មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវបន្តអនុវត្តវិធានការអនាម័យ និងវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ ដោយបាញ់ថ្នាំសម្លាប់មេរោគលើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ។
 
សូមជម្រាបថា កាលថ្ងៃទី១៩កក្កដា ក្រសួងសុខាភិបាល បានប្រកាស​ពីការរកឃើញ​វីរុស​កូវីដ-១៩​នៅក្នុងសាច់ក្របី​បង្កក​ចំនួន៣កុងតឺន័រ​ក្នុងចំណោម​៥កុងតឺន័រ​ដែលនាំចូល​មកពី​ប្រទេស​ឥណ្ឌា។​ បន្ទាប់ពីរកឃើញដូច្នេះ  អាជ្ញាធរកម្ពុជាបានសម្រេចបើកបិទការនាំចូលសាច់បង្កកពីបឥណ្ឌាមួយរយៈ។ រហូតដល់ទី២២មិថុនា ឆ្នាំ២០២១ កម្ពុជា បានបើកឱ្យមានការនាំចូលផលិតផលទាំងនោះវិញ។ ប៉ុន្តែ បើទោះជាបើកឡើងវិញក៏ដោយ គឺរាល់ទំនិញ និងសាច់បង្កកដែលមកពីប្រទេសឥណ្ឌាចាំ​បាច់​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ ​និង​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩​ជា​មុន​សិន​ ទើប​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចូល​៕​
 

Tag:
 គយ
  កូវីដ-១៩
  លោក គុណ ញឹម
© រក្សាសិទ្ធិដោយ thmeythmey.com