ជាតិ
លោក វេង សាខុន គាំទ្រឲ្យសាងសង់សាលារៀន និងមណ្ឌលសុខភាពក្នុងចម្ការកៅស៊ូ
26, Feb 2022 , 9:19 am        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រចំពោះគម្រោងសាងសង់សាលារៀន និងមណ្ឌលសុខភាពក្នុងចម្ការកៅស៊ូ របស់ក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញ ហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ។

 
នៅក្នុងកិច្ចពិភាក្សាជាមួយលោក Eugene នាយកប្រតិបត្តិក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញ ហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូកាលពីថ្ងៃទី២៣កុម្ភៈ លោក វេង សាខុន មានប្រសាសន៍ថា គម្រោងបង្កើតសាលារៀននេះ នឹងក្លាយជាផ្នែកមួយជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត ពិសេសតាមជនបទ ដែលអាចឲ្យពលរដ្ឋបញ្ឈប់ការធ្វើចំណាកស្រុក។ ដោយឡែក ការសាងសង់មណ្ឌលសុខភាព គឺចាំបាច់បំផុតសម្រាប់បុគ្គលិក កម្មករដែលបម្រើការឲ្យក្រុមហ៊ុន ដើម្បីធានាឲ្យការអភិវឌ្ឍដំណើរការទៅដោយរលូន និងជោគជ័យ។ 
 
លោក លើកឡើងដូច្នេះថា៖«ខ្ញុំសូមគាំទ្រចំពោះការកសាងសាលារៀនសម្រាប់កុមារ និងយុវជន និងការបង្កើតមណ្ឌលសុខភាពនេះ ព្រោះនេះជាការអភិវឌ្ឍធនធានមនុស្សដោយចាប់ផ្តើមពីការសិក្សារៀនសូត្រចំណេះដឹងទូទៅ បន្ទាប់មកចំណេះជំនាញបច្ចេកទេស មុនចូលបម្រើការងារឲ្យក្រុមហ៊ុននាពេលអនាគត។ ពិតណាស់វាជាការអភិវឌ្ឍធនធានមនុស្សនៅហ្នឹងកន្លែងទៀតផង ជៀសវាងការធ្វើចំណាកស្រុក»។ 
 
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូជាង៤០ម៉ឺនហិកតា ក្នុងនោះកៅស៊ូឧស្សាហកម្មមានជាង២៤ម៉ឺនហិកតា និងលក្ខណៈគ្រួសារជាង១៦ម៉ឺនហិកតា។ ផ្ទៃដីកៅស៊ូចៀរជ័របានមានជាង៣១ម៉ឺនហិកតា។ 
 
កម្ពុជាមានរោងចក្រ-សិប្បកម្មកែច្នៃកៅស៊ូចំនួន ១៦៨ ស្ថិតក្នុងខេត្តចំនួន១១ ដែលអាចនាំចេញផលិតផលកៅស៊ូជាង ៣៧ម៉ឺនតោន ទទួលបានចំណូលជាង ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង១,៥លានដុល្លារ៕ 

Tag:
 ក្រសួងកសិកម្ម
  កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com