ជាតិ
CMAC នឹងសាងសង់សារមន្ទីររូបរាងគ្រាប់មីន នៅខេត្តសៀមរាប
26, Feb 2022 , 8:59 pm        
រូបភាព
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC នឹងសាងសង់សារមន្ទីរសន្តិភាពសកម្មភាពមីន ដែលមានរូបរាងជាគ្រាប់មីន នៅខេត្តសៀមរាប។ សារមន្ទីរនេះ សាងសង់ឡើង ដើម្បីបម្រើតម្រូវការវិស័យមីននៅកម្ពុជា និងដោះស្រាយវិបត្តិសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។


 
គម្រោងសាងសង់សារមន្ទីរនេះ គឺ CMAC សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិ JICA ហើយក៏បានចុះហត្ថលេខាលើកំណត់ហេតុគំនូសប្លង់បច្ចេកទេសសំណង់ ដែលត្រូវសាងសង់ និងកំណត់ភារកិច្ចទទួលខុសត្រូវរបស់ភាគីទាំងពីរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ។ 
 
បើតាមលោក ហេង រតនា អគ្គនាយក CMAC សំណង់អាគារសារមន្ទីរសន្តិភាពសកម្មភាពមីន នឹងមានរូបរាងជាគ្រាប់មីន ហើយបន្តបម្រើការវិស័យមីននៅកម្ពុជាពីឆ្នាំ២០២៥។ គោលដៅនៃការសាងសង់សារមន្ទីរនេះ ដើម្បីពង្រឹងសមត្ថភាពអង្គភាព CMAC ឱ្យបន្តបេសកកម្មដោះស្រាយវិបត្តិសំណល់យុទ្ធភណ្ឌសង្គ្រាមយូរអង្វែងមានដូចជា គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងឡាយផងដែរ។ 


រូបភាពពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន CMAC
 
«ប្រហែលជាលោកប្រធានក្រុមប្រឹក្សាយោបល់ JICA ឃើញខ្ញុំប្រឹងទាមទារផ្តល់សំណង់សារមន្ទីរ ត្រូវតែមានរូបរាងជាគ្រាប់មីនខ្លាំងក្លាពេក ក៏បានដឹកនាំក្រុមរបស់គាត់ធ្វើវត្ថុអនុស្សារីយ៍ឱ្យខ្ញុំ ជារូបភាពសំណង់រាងគ្រាប់មីនតែម្តងទៅ។ ដូចនេះបើទោះបីជាគ្មានការសាងសង់សំណង់រាងជាគ្រាប់មីនទេ ក៏សុំកុំអន់ចិត្តអី សុំត្រឹមស្រមៃរូបរាងសំណង់ជាគ្រាប់មីនជាការស្រេច»។ នេះជាការលើកឡើងរបស់លោក ហេង រតនា។
 
សូមបញ្ជាក់ថា កាលពីថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏បានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងជិត១,៨លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យផងដែរ។ ដើម្បីសុវត្ថិភាពពលរដ្ឋតាមសហគមន៍ CMAC ក៏បានបង្កើត កម្មវិធីមួយឈ្មោះថា CMAC Helps ដើម្បីបង្កើនភាពងាយស្រួលដល់ពលរដ្ឋរាយការណ៍នៅពេលប្រទះឃើញគ្រាប់មីន ឬសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ៕
 

រូបភាពពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន CMAC


Tag:
 CMAC
 មីន
 សារមន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com