ជាតិ
រមណីយដ្ឋានរាជិនីលង្វែក មានកន្លែងកម្សាន្តជាច្រើនសម្រាប់ទេសចរលម្ហែកាយចុងសប្ដាហ៍
26, Feb 2022 , 4:59 pm        
រូបភាព
ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលមានចម្ងាយ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គេឃើញមានស្លាកសង់ពីថ្មភក់ដំធំ ដែលមានអក្សរថា «រាជិនីលង្វែក»។ ស្លាកនេះ ជាខ្លោងទ្វារចូលរមណីយដ្ឋានទេសចរណ៍វប្បធម៌ ពាណិជ្ជកម្ម មួយ ដែលមានទេសភាពស្រស់ស្អាត។ ទេសចរ អាចមកលេងកម្សាន្តនៅរមណីយដ្ឋានដោយឥតគិតថ្លៃ​ ក្នុងឱកាសខួប១ឆ្នាំនៃការសាង់សង់។

 
 
និយាយពីបន្ទាយលង្វែក គេនឹកឃើញដល់ព្រៃឫស្សី និងប្រាក់ឌួង។ នៅក្នុងសម័យលង្វែកនេះ ព្រះមហាក្សត្រ ចន្ទរាជា ឬអង្គចន្ទទី១ (១៥១៦-១៥៦៦) គឺជាបិតាស្ថាបនិកបន្ទាយលង្វែក ហើយត្រូវស្គាល់ថាជាក្សត្រខ្លាំងពូកែ ក្រោយសម័យអង្គរ។ នៅក្នុងរមណីយដ្ឋាននេះ មានដើមឫស្សីរាប់ម៉ឺនដើម, ចម្លាក់ថ្មធ្វើប្រាក់ឌួង និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរដែលមកកម្សាន្តក្នុងរមណីយដ្ឋានបានយល់ និងស្គាល់ទិដ្ឋភាពរាជធានីលង្វែក។ 
 
 
លោកស្រី សៀង ចាន់ហេង ស្ថាបនិករមណីយដ្ឋានរាជិនីលង្វែក បានបញ្ជាក់ថា មូលហេតុដែលលោកស្រីមកកសាងរមណីយដ្ឋាននៅទីនេះ ព្រោះវាជាស្រុកកំណើតរបស់លោកស្រី។​ ម្យ៉ាងទៀត ទីតាំងរមណីយដ្ឋាន នៅជិតបន្ទាយលង្វែករបស់ព្រះមហាក្សត្រ ចន្ទរាជា។ 
 
ស្ថាបនិករមណីយដ្ឋានរូបនេះ ថ្លែងដូច្នេះ៖ «ដើម្បីផ្សារភ្ជាប់សម័យលង្វែក ខ្ញុំបានរើសទីតាំងទីនេះរៀបចំជារមណីយដ្ឋានរាជិនីលង្វែក។ ខ្ញុំបម្រើវិស័យវប្បធម៌ជាវិស័យអ្វីទាំងអស់។ ពាណិជ្ជកម្ម គឺតូចតាច! ខ្ញុំបានយកថ្មភក់ មកធ្វើជាប្រាសាទ ជារូបដំរី និងប្រាក់ឌួង ដើម្បីជាអត្តសញ្ញាណរបស់យើង។» 


 
លើសពីវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋាន រាជិនីលង្វែក មានឡូរីសម្រាប់ទេសចរជិះកម្សាន្ត និងសួនព្រហ្មចារី ដែលមានដើមឈើ និងផ្កាជាច្រើនប្រភេទលម្អក្នុងសួន។ នៅជិតសួនព្រហ្មចារី ក្នុងរមណីដ្ឋាននេះ ក៏មានខ្យុះសម្រាប់ភ្ញៀវទេសចរអង្គុយ លក្ខណៈគ្រួសារផងដែរ ។ ខ្យុះនីមួយៗ ត្រូវបានដាក់តាមមាត់ទឹក ដែលទេសចរអាចជិះទូកលេងកម្សាន្តបាន។ ទេសចរ អាចអាំងសាច់ សម្រាប់ពិសានៅតាមកញ្ចុះនីមួយៗ និងអាចទិញម្ហូបអាហារដ៏ឆ្ងុយឆ្ងាញ់ជាច្រើនមុខ ដែលចម្អិនដោយចុងភៅជំនាញ ពីរមណីយដ្ឋាន។
 
រមណីយដ្ឋានរាជិនីលង្វែក គឺជារមណីយដ្ឋានបែបវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម​ ដែលស្ថិតនៅលើផ្ទៃដីប្រមាណ២៥០ហិកតា។ តំបន់ទេសចរណ៍មួយនេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ តាមគម្រោង ការដ្ឋានរមណីយដ្ឋានរាជិនីលង្វែកនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៣៕ 













Tag:
 រាជិនីលង្វែក
© រក្សាសិទ្ធិដោយ thmeythmey.com