ជាតិ
កម្ពុជា នឹងពង្រឹងយុទ្ធនាការ «កម្ពុជាស្អាត» ត្រៀមស្វាគមន៍ទេសចរក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម២០២៣
27, Feb 2022 , 9:59 am        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដោយ:
ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន បានដាក់ចេញយុទ្ធនាការ «កម្ពុជាស្អាត» បន្ថែមលើប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» ក្នុងការអបអរទិវាទីក្រុងស្អាត។ លោកនាយករដ្ឋមន្រ្តី ក៏ឱ្យស្ថាប័នពាក់ព័ន្ធ ខិតខំធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានភាពបៃតង និងស្រស់ស្អាត ដើម្បីស្វាគមន៍ទេសចរក្នុងព្រឹតិការណ៍ ស៊ីហ្គេម២០២៣។

 
ទិវាទីក្រុងស្អាត លើកទី១០ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ  «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមដោយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023) ។ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខិតជិតមកដល់ដែរនោះ ប្រមុខរដ្ឋាភិបាលកម្ពុជាឱ្យអ្នកពាក់ព័ន្ធ ដាក់ចេញយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជាស្អាត» ឱ្យបានកាន់តែសកម្ម ដើម្បីទទួលភ្ញៀវទេសចរ ក្នុងព្រឹត្រិការណ៍កីឡាស៊ីហ្គេម។
 
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជន ចូលរួមជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ ដោយអនុវត្តតាមផែនការរបស់រដ្ឋាភិបាល។ ការជំរុញវិស័យទេសចរណ៍នេះគឺដើម្បីស្ដារសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ សម្ដេចថ្លែងបែបនេះក្នុងសារលិខិតអបអរទិវាទីក្រុងស្អាតលើទី១០ ។
 
ជាមួយគ្នានេះសម្ដេច ហ៊ុន សែន បានចេញសារលិខិត ចំនួន៣ទំព័រ ដើម្បីអបអរទិវាទីក្រុងស្អាត។ ក្នុងសាលិខិតនោះ សម្ដេចឱ្យ អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជន បន្តរួមគ្នា អនុវត្តផែនការ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងធ្វើឱ្យកម្ពុជាក្លាយ ជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងនិរន្តរភាព។ ការជំរុញវិស័យទេសចរណ៍នេះ ក្នុងគោលបំណងស្ដារសេដ្ឋជាតិ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
 
សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យ ប្រជាជន និងភ្ញៀវទេសចរ រៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ដោយបន្តអនុវត្តិធានសុវត្ថិភាព រក្សាអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

Tag:
 ទិវាទីក្រុងស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com