ជាតិ
ប្រមុខការទូតអាស៊ាន ព្រួយបារម្ភពីស្ថានភាពជម្លោះរុស្ស៊ី និងអ៊ុយក្រែន ហើយឱ្យគ្រប់ភាគីដោះស្រាយដោយសន្តិវិធី
27, Feb 2022 , 10:25 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមមួយ បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន ដែលវាយប្រហារដោយរុស្ស៊ី។ ប្រមុខការបរទេសអាស៊ាន ស្នើឱ្យគ្រប់ភាគីដោះស្រាយបញ្ហាដោយសន្តិវិធី។

 
រដ្ឋមន្រ្តីការបរទេសអាស៊ាន ស្នើឱ្យរុស្ស៊ី និងអ៊ុយក្រែន ព្យាយាមអត់ធ្មត់ និងស្វែងរកដំណោះស្រាយរួមគ្នា តាមរយៈគោលការណ៍អន្តរជាតិនានា។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន បានលើកឡើងដូច្នេះ៖យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍»។
 
ប្រមុខការទូតអាស៊ាន ជឿថា ភាគីជម្លោះទាំងពីរនេះ នៅមិនទាន់អស់ឱកាសសម្រាប់ការសន្ទនាដោយសន្តិវិធី ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យវិវត្តដល់ចំណុចគ្រប់គ្រងលែងបាន។ « ដើម្បីភាពឋិតថេរនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា  វាជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី  និងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់»។ នេះបើតាមរដ្ឋមន្រ្តីការបរទេសអាស៊ាន។
 
រដ្ឋាភិបាលរុស្ស៊ី បានបើកការវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ កុម្ភៈ​ ក្រោមហេតុផលជួយក្រុមរដ្ឋាភិបាលផ្ដាច់ខ្លួនភាគខាងកើត នៃប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលផ្ដាច់ខ្លួនពីអ៊ុយក្រែន មានតំបន់លូហាន និងតំបន់ដូណេត្ស ទៅបង្កើតរដ្ឋឯករាជ្យ ដែលមានការទទួលស្គាល់ពីរុស្ស៊ី។
 
អត្ថបទទាក់ទង
 
គិតត្រឹមថ្ងៃទី២៧ កុម្ភៈ មានប្រជាជនអ៊ុយក្រែនជាង២០០នាក់ហើយ បានស្លាប់ និងរបួសរាប់រយនាក់ ដោយសារការវាយប្រហារពីសំណាក់រុស្ស៊ីនេះ។ មកដល់ទីនេះ កងទ័ពរុស្ស៊ី ក៏បានគ្រប់គ្រងតំបន់ខ្លះ នៃទីក្រុង Kyiv ដែលជាបេះដូងនៃប្រទេសអ៊ុយក្រែន និងបានដណ្តើមយកអាវុធយុទ្ធភណ្ឌជាច្រើនដែល​ត្រូវបានផ្គត់ផ្គង់ឱ្យទាហានអ៊ុយក្រែនពីសំណាក់បស្ចិមលោកប៉ុន្មានខែចុងក្រោយ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានអះអាងថា អាវុធជ័យភណ្ឌដែលរុស្ស៊ីដកហូតបាននោះមានទាំងប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះរបស់អាមេរិក និងអង់គ្លេសថែមទៀតផង។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។
 
ជុំវិញការប្រហារនេះ មេដឹកនាំជុំវិញពិភពលោក បានចេញមុខថ្កោលទោស និងដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ។ ចំណែកប្រធានាធីបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញបញ្ជាហាមឃាត់ប្រជាជនអ៊ុយក្រែនប្រុសៗមានវ័យចន្លោះពី ​១៨ដល់ ៦០ ឆ្នាំ ចាកចេញពីប្រទេស ក្នុងបំណងកេណ្ឌ ប្រជាជនទាំងនោះដើម្បីច្បាំងប្រឆាំងសត្រូវ។ មេដឹកនាំរូបនេះក៏សន្យាផ្តល់អាវុធ ដល់ពលរដ្ឋណាដែលស្ម័គ្រចិត្តផងដែរ។ ដើម្បីទទួលយកអាវុធមកប្រើប្រាស់បាន ប្រជាជនអ៊ុយក្រែន ចាំបាច់ត្រូវមានតែអត្តសញ្ញណបណ្ណសម្គាល់ខ្លួនមួយមុខប៉ុណ្ណោះ៕
 

Tag:
 អាស៊ាន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com