ជាតិ
ក្រុមហ៊ុនអាកាសចរណ៍ថៃមួយ នឹងចាប់ផ្ដើមហោះហើរបាងកក-សៀមរាប នៅដើមខែក្រោយនេះ
27, Feb 2022 , 2:59 pm        
រូបភាព
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Smile នឹងបើកជើងហោះហើរផ្ទាល់ពីបាងកក ទៅសៀមរាប និង ពីសៀមរាន ទៅបាងកក នៅដើមខែមីនា ឆ្នាំ២០២២នេះ។ រូបភាពពី ទំព័រហ្វេសប៊ុក Thai Smile Airways។ (រូបខាងឆ្វេង)
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Smile នឹងបើកជើងហោះហើរផ្ទាល់ពីបាងកក ទៅសៀមរាប និង ពីសៀមរាន ទៅបាងកក នៅដើមខែមីនា ឆ្នាំ២០២២នេះ។ រូបភាពពី ទំព័រហ្វេសប៊ុក Thai Smile Airways។ (រូបខាងឆ្វេង)
ក្រុមហ៊ុនអាកាសចរណ៍របស់ថៃ Thai Smile នឹងចាប់ផ្ដើមជើងហោះពីទីក្រុងបាងកក មកកាន់ខេត្តសៀមរាប និងពីសៀមរាប ទៅបាងកកឡើងវិញ ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ បើតាមក្រសួងទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយនេះ នឹងបើកការហោះហើរត្រង់២ជើង ក្នុងមួយសប្ដាហ៍។

 
ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ កុម្ភៈ បានបញ្ជាក់ថា ការបើកដំណើរការជើងហោះហើររបស់អាកាសចរណ៍ថៃនេះ ដោយសារកម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព។ បើតាមក្រសួងទេសចរណ៍ ការបើកជើងហោះហើរនេះ ដោយសម្លឹងឃើញពីអត្រានៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅកម្ពុជាសម្រេចបាន ៩០ភាគរយ នៃប្រជាជនសរុប គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ 
 
បើតាមក្រសួងទេសចរណ៍ដដែល ការបើកទទួលទេសចរអន្តរជាតិមកកាន់កម្ពុជា ក៏មិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ក្នុងករណីដែលទេសចរពិនិត្យអវិជ្ជមានកូវីដ-១៩។ 
 
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនបន្តចូលរួមផ្សព្វផ្សាយ ក៏ដូចជាជំរុញទេសចរអន្តរជាតិ មកកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រនេះ។ 
 
យោងតាមទិន្នន័យភ្ញៀវទេសចរចុងសប្ដាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅតាមបណ្ដាតំបន់ទេសចរណ៍រាជធានី-ខេត្ត មិនទាន់មានវត្តមានទេសចរបរទេសនៅឡើយទេ ពោលគឺមានទេសបរទេសផ្ទៃក្នុងប៉ុណ្ណោះ។ ប៉ុន្តែទោះបែបនេះក្ដី ក៏ឃើញមានទេសចរណ៍ច្រើនកុះករ ដែលជាទេសចរក្នុងស្រុក ដើរលេងកម្សាន្តតាមគោលដៅទេសចរណ៍។
 
បើតាមទិន្នន័យដដែល កម្ពុជាទទួលបានទេសចរជិត២០ម៉ឺននាក់ ដើរកម្សាន្តនៅចុងសប្ដាហ៍ នៃសប្ដាហ៍ទី៣ខែកុម្ភៈនេះ។ ក្នុងនោះខេត្ត៥ដែលទទួលបានទេសចរច្រើនជាងគេ រួមមានខេត្តព្រះសីហនុ ស្ថិតលំដាប់លេខ២, រាជធានីភ្នំពេញ លេខ២, ខេត្តពោធិ៍សាត់លេខ៣, ខេត្តបាត់ដំបង លេខ៤ ខណៈសៀមរាបស្ថិតនៅលំដាប់លេខ៥៕
 

Tag:
 បើកជើងហោះហើរបាងកក-សៀមរាប
  ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com