ជាតិ
សិស្ស១០រូប នៅតំបន់ជួរភ្នំក្រវាញ ទទួលបានអាហាររូបករណ៍ពីគម្រោងរេដបូក
28, Feb 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ អង្គការសម្ព័នមិត្តសត្វព្រៃ រួមជាមួយក្រសួងបរិស្ថាន ផ្ដល់អាហាររូបករណ៍ដល់សិស្សចំនួន១០រូប មកពីភូមិចំនួន៥ ក្នុងតំបន់ជួរភ្នំក្រវាញខាងត្បូង។ អាហាររូបករណ៍រយៈពេល៤ឆ្នាំ ត្រូវបានផ្ដល់ឱ្យសិស្សសិក្សាលើជំនាញផ្សេងៗ ដើម្បីយកទៅអនុវត្ត និងជួយសហគមន៍របស់ពួកគេ ក្រោយពេលបញ្ចប់ការសិក្សា។


 
លោក  ជួប ប៉ារីស​ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានបាលើកឡើងថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ បង្កើតឡើងនៅឆ្នាំ២០១៨។ គម្រោងនេះដឹកនាំដោយក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ លោក ប៉ារីស បានបញ្ជាក់ថា គោលបំណងនៃ គម្រោងនេះ ដើម្បីលើកកម្ពស់ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ជួយអភិរក្សព្រៃឈើ និងបង្កើតជីវភាពរស់នៅសហគមន៍មូលដ្ឋាន។ 
 
ចំណែកឯកញ្ញា ស៊ូ វណ្ណា ហ្គោនឡែត ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា ឥណទានកាបូនរេដបូកតំបន់ជួរភ្នំក្រវាញ ត្រូវបានទិញដោយក្រុមហ៊ុនអន្តរជាតិនានា ដើម្បីទូទាត់ការបំភាយឧស្ម័នកាបូនិច តាមរយៈការស្រូបយកកាបូន ពីតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ។  សម្រាប់ផលប្រយោជន៍ ដែលទទួលបានបន្ទាប់ពីការលក់កាបូន សហគមន៍នឹងទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ ស្ពាន អណ្ដូងទឹក  សាលា និងមណ្ឌលសុខភាព។ រីឯយុវជនជំនាន់ក្រោយ ទទួលបានឱកាសសិក្សាថ្នាក់ឧត្តមសិក្សា តាមរយៈកម្មវិធីអាហាររូបករណ៍គម្រោងរេដបូក តំបន់ជួរភ្នំក្រវាញ។ 
 
ជាមួយគ្នានេះ លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានពន្យល់ថា​ កម្មវិធីអាហាររូបករណ៍នេះ ផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ដល់សិស្សានុសិស្សនៃក្រុមគ្រួសារក្រីក្រ ដែលរស់នៅក្នុងតំបន់ទេសភាពព្រៃរងទឹកភ្លៀង។ បន្ទាប់ពីបញ្ចប់ការសិក្សា  ក្រុមសិស្សានុសិស្សទាំងនោះ នឹងនាំយកចំណេះដឹងត្រឡប់​ ជួយតាមសហគមន៍វិញ និងអភិវឌ្ឃន៍ក្នុងតំបន់របស់ពួកគេ។
 
សិស្សទាំង១០រូប ដែលទទួលបានអាហារូបករណ៍ទាំងនេះ មកពីគ្រួសារក្រីក្រ រស់នៅក្នុងតំបន់រងទឹកភ្លៀងជួរភ្នំក្រវាញខាងត្បូង ​ក្នុងភូមិជីផាត ភូមិសុវណ្ណាបៃតង់ ភូមិបាក់អង្រុត ភូមិអូរសោម និងភូមិចំណារ ។ ពួកគេ ទទួលបានអាហាររូបករណ៍រយៈពេល៤ឆ្នាំ ពីគម្រោងរេដបូក (REE+)នេះ៕

Tag:
 ក្រសួងបរិស្ថាន
  គម្រោងREE+
  ក្រវាញខាងត្បូង
  អង្គការសម្ព័ន្ធភាពសត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com