COVID-19
ជាតិ
ពលរដ្ឋ​អាចទិញថ្នាំព្យាបាលកូវីដ-១៩ ត្រឹម២ប្រអប់ ហើយមន្ទីរពេទ្យឯកជន ត្រូវពន្យារពេលចែកចាយ
28, Feb 2022 , 11:29 am        
រូបភាព
 ពលរដ្ឋនាំគ្នាសម្រុកទិញថ្នាំប្រភេទ Molnupiravir Capsules 200mg ដើម្បីព្យាបាលជំងឺកូវីដ-១៩ នៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២២ កុម
ពលរដ្ឋនាំគ្នាសម្រុកទិញថ្នាំប្រភេទ Molnupiravir Capsules 200mg ដើម្បីព្យាបាលជំងឺកូវីដ-១៩ នៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២២ កុម
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៧កុម្ភៈ បានប្រកាសជាថ្មីពីគោលការណ៍កំណត់បរិមាណស្នើសុំទិញថ្នាំព្យាបាលមេរោគកូវីដ-១៩ ប្រភេទ Molnupiravir Capsules 200mg (ម៉ូលណាទ្រីស)។ បើតាមក្រសួង គោលការណ៍ថ្មីនេះ គឺពលរដ្ឋម្នាក់អាចស្នើសុំទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ បានពី១ប្រអប់ ទៅ២ប្រអប់ប៉ុណ្ណោះ ។

 
ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា ដើម្បីអាចបញ្ជារទិញថ្នាំព្យាបាលជំងឺកូវីដ-១៩បាន សាធារណជន ត្រូវស្នើសុំទិញថ្នាំម៉ូលណាទ្រីស នៅទីស្ដីការក្រសួង ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន។ ឯការទូទាត់ប្រាក់ទៀតសោត គឺប្រព្រឹត្តទៅតាមរយៈប្រព័ន្ធធនាគារ ABA។ 
 
ចំពោះមន្ទីរពេទ្យឯកជន ឱសថស្ថាន និងឱសថស្ថានរងវិញ ត្រូវភ្ជាប់ជាមួយលិខិតអនុញ្ញាតបើកអាជីវកម្ម ដើម្បីទិញថ្នាំពីក្រសួង។ ប៉ុន្តែមន្ទីរពេទ្យឯកជន ឱសថស្ថាន និងឱសថស្ថានរងទាំងនោះ ក៏ត្រូវពន្យាពេលចែកចាយថ្នាំព្យាបាលកូវីដ-១៩សិន រហូតដល់មានការផ្ដល់ដំណឹង។ ការផ្លាស់ប្ដូរគោលការណ៍នេះ ដោយសារមានការពន្យាពេលជើងហោះហើរ ដែលដឹកជញ្ជូនឱសថ ម៉ូលណាទ្រីស នេះ។ 


ថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Molnupiravir Capsules 200mg ។ រូបភាពពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
គួរបញ្ជាក់ផងដែរថា ថ្នាំព្យាបាលជំងឺកូវីដ-១៩ ម៉ូលណាទ្រីសនេះ គឺអាចប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងមធ្យម និងសម្រាប់មនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ចំណែកការប្រើប្រាស់វិញ លេប១ថ្ងៃ ២ដង ម្ដង៤គ្រាប់ ចន្លោះ១២ម៉ោងម្ដង ក្នុងរយៈពេល៥ថ្ងៃ លេបក្រោយទទួលទានអាហាររួច ឬពោះទទេរ និងគួរលេបទាំងមូល ដោយមិនត្រូវបើកគ្រាប់ កិនបំបែក ឬទំពារឡើយ។ រីឯបរិមាណថ្នាំវិញ ក្នុងមួយដូសមាន៤០គ្រាប់ និងមានតម្លៃ៥៥ដុល្លារ។ 
 
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រភេទម៉ូលណាទ្រីស ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល ពីព្រោះឱសថទាំងនោះមិនមានការធានាប្រសិទ្ធិភាព គុណភាព និងសុវត្ថិភាព ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន៕
 

Tag:
 ThmeyThmey25
  ក្រសួងប្រៃសនីយ៍
  ថ្នាំព្យាបាលជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com