ភ្នំពេញ៖ ក្រុមអ្នកជំនួញចិនតាមរយៈសភាពាណិជ្ជកម្មចិននៅកម្ពុជា បានស្នើដល់អាជ្ញាធរឱ្យបង្ក្រាបឧក្រិដ្ឋកម្ម«ខុសច្បាប់ដ៏កាចសាហាវ» ដែលពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសភាពាណិជ្ជកម្មចិននៅកម្ពុជា សង្កេតឃើញថា មានករណីឧក្រិដ្ឋកម្មជាច្រើន បានកើតមានលើជនជាតិចិននៅកម្ពុជា នាពេលថ្មីៗនេះ។
សភាពាណិជ្ជកម្មចិននៅកម្ពុជា បានបង្ហាញនូវក្តីកង្វល់ដល់អ្នកធុរជនរបស់ខ្លួន ដែលកំពុងធ្វើពាណិជ្ជកម្ម ឬអាជីវកម្មនៅកម្ពុជា ខណៈករណីបាញ់ប្រហារ ចាប់ជំរិត ការគំរាមកំហែងយកប្រាក់ជាដើមនោះ គឺមានជាហូរហែរមកលើជនជាតិចិន។ សភាពាណិជ្ជកម្មចិននៅកម្ពុជា នាថ្ងៃទី២៤កុម្ភៈ បានអំពាវនាវដល់អាជ្ញាធរកម្ពុជា ឱ្យបង្ក្រាបការខុសច្បាប់ដ៏កាច់សាហាវ ពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា។
«វិធីសាស្ត្រនៃឧក្រិដ្ឋជនមួយចំនួនរបស់គេ ពិតជាឃោរឃៅបំផុត និងទង្វើរព្រៃផ្សៃ វាបានធ្វើឱ្យផ្ទុះកំហឹង ហើយបានជំរុញឱ្យមានជនរួមជាតិនៅកម្ពុជា និងនៅចិន មានកំហឹងយ៉ាងខ្លាំង»។ នេះជាការអះអាងរបស់សភាពាណិជ្ជកម្មចិននៅកម្ពុជា ដោយបានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនថា ករណីគ្រោះថា្នក់ទាំងនេះ សុទ្ធតែពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអ៊ីនធឺណិត និងក្រុមបោកប្រាស់ទូរគមនាគមន៍ ដែលបានបង្កការខូចខាតយ៉ាងខ្លាំង ដល់អាជីវកម្ម និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់ជនជាតិចិន ដែលមានគំនិតមកវិនិយោគ និង ធ្វើអាជីវកម្មនៅកម្ពុជា។
សភាពាណិជ្ជកម្មចិននៅកម្ពុជា បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ៖ «ប្រសិនបើក្រុមល្បែងស៊ីសងតាមអ៊ីនធឺណិត ត្រូវបានអនុញ្ញាតខុសច្បាប់ ហើយ គេធ្វើអ្វីដែលខ្លួនចង់បានមិនត្រឹមតែសហគ្រាសចិន ដែលមានបំណងអភិវឌ្ឍនៅកម្ពុជា នឹងត្រូវបាក់ទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទស្សនវិស័យអាជីវកម្ម និងទំនុកចិត្តរបស់ក្រុមហ៊ុនចិន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា»។
ដើម្បីការពារសុវត្ថិភាពអ្នកវិនិយោគ និងទាក់ទាញសហគ្រិនចិន កាន់តែច្រើនមកកម្ពុជា សម្រាប់ការអភិវឌ្ឍរួមគ្នានោះ សភាពាណិជ្ជកម្មចិននៅកម្ពុជា ស្នើរដ្ឋអំណាចកម្ពុជានិងចិន បង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនេះ ឱ្យបានធ្ងន់ធ្ងរបំផុត។ ជាពិសេស គឺត្រូវលុបបំបាត់នូវល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត និងក្រុមបោកប្រាស់ទូរគមនាគមន៍ រួមទាំងអំពើខុសច្បាប់ផ្សេងៗ។
កាលពីថ្មីៗនេះ មានសេចក្ដីរាយការណ៍អំពីករណីបោកប្រាស់ជនបរទេសពីប្រទេសចិន ថៃ និងវៀតណាម មកបង្ខាំងឱ្យបោកបញ្ឆោតអ្នកប្រើអ៊ីនធឺណិតនៅក្រៅប្រទេស។ ករណីដ៏គួរឱ្យកត់សម្គាល់ចុងក្រោយ ត្រូវបានរាយការណ៍ថា មានជនរងគ្រោះជាពលរដ្ឋចិនមួយរូប ត្រូវបានគេបូមឈាមលក់ទៀតផង។
ជាមួយនឹងការអំពាវនាវរបស់ក្រុមអ្នកធុរកិច្ចចិនខាងលើនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី២៨កុម្ភៈ ថា អាជ្ញាធរចិន និងកម្ពុជា បានសហការគ្នាយ៉ាងជិតសិទ្ធ ក្នុងការបង្ក្រាបបទល្មើសឆ្លងដែន ដែលពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា តាមរយៈការផ្ដល់និងចែករំលែកព័ត៌មាន និងតម្រុយ។ លោកបានបន្ថែមថា ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជាបង្រ្កាបបទល្មើសនានានៅទូទាំងប្រទេស បានរហូតដល់៩៣ភាគរយ។ ទីកន្លែងដែលបង្រ្កាបបទល្មើសបានច្រើនជាងគេនោះ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងបណ្តាខេត្តមួយចំនួនទៀត។
លទ្ធផលនៃការបង្រា្កបបទល្មើសបាននេះ គឺស្ថិតនៅក្រោមកិច្ចសហការដ៏ជិតសិទ្ធពីអាជ្ញាធរចិន។ លោក ខៀវ សុភ័គ បាននិយាយដូច្នេះ៖ « បើមិនមានកិច្ចសហការពីអាជ្ញាធរចិន ស្មានតែយើងអាចបង្រ្កាបបទល្មើសបានច្រើនដូចនេះអី។ ប៉ូលិសចិន គេបានផ្តល់ព័ត៌មានពីជនល្មើស តាមរយៈទីភ្នាក់ងារគេនោះគេជាទៀងទាត់ ដើម្បីតាមចាប់ និងបង្រ្កាបជនល្មើស»៕