អន្តរជាតិ
ស្វ៊ីសដែលជាប្រទេសអព្យាក្រឹត ក៏អនុម័តទណ្ឌកម្មដូចសហភាពអឺរ៉ុបដើម្បីដាក់លើរុស្ស៊ី
01, Mar 2022 , 11:03 am        
រូបភាព
លោក  Ignazio Cassis ប្រធានាធិបតី និងជារដ្ឋមន្រ្តីការបរទេសស្វ៊ីស។ រូបភាព៖ AFP
លោក Ignazio Cassis ប្រធានាធិបតី និងជារដ្ឋមន្រ្តីការបរទេសស្វ៊ីស។ រូបភាព៖ AFP
ស្វ៊ីស ដែលជាប្រទេសអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹត នឹងអនុម័តទណ្ឌកម្មទាំងអស់ដែលបានដាក់ដោយសហភាពអឺរ៉ុបលើរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែន។ លោក Ignazio Cassis ប្រធានាធិបតីស្វ៊ីស បានប្រកាសបែបនេះ នៅថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីជំនួបក្រុមប្រឹក្សាសហព័ន្ធស្វ៊ីស។

 
ក្រុមប្រឹក្សាសហព័ន្ធស៊្វីសដែលមានសមាជិកចំនួន ៧នាក់ បានជួបពិភាក្សាគ្នានៅថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីសម្រេចដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិលើរុស្ស៊ី។ បន្ទាប់ពីជំនួបនោះ លោក Ignazio Cassis ប្រធានាធិបតីស្វ៊ីស និងជារដ្ឋមន្រ្តីការបរទេសផងនោះ បានអះអាងថា រដ្ឋាភិបាលក្រុងប៊ែន នឹងធានាថា អ្នកដែលរងទណ្ឌកម្មទាំងនោះ នឹងមិនអាចគេចផុត តាមរយៈស្វ៊ីសឡើយ។ 
 
«នេះ គឺជាជំហានដ៏សំខាន់សម្រាប់ស្វ៊ីស»។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី២៨ ខែកុម្ភៈ ដោយបន្ថែមថា គោលនយោបាយអព្យាក្រឹតរបស់ស្វ៊ីសនៅតែអនុវត្តដដែល ប៉ុន្តែរដ្ឋាភិបាលគ្រាន់តែការពារតម្លៃបស្ចឹមប្រទេស។​ 
 
ស្របគ្នានេះ រដ្ឋាភិបាលស៊្វីស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ស្វ៊ីស នឹងអនុវត្តទណ្ឌកម្មដូចគ្នានឹងសហភាពអឺរ៉ុប។ ចំណាត់ការទាំងនោះ គឺជាទណ្ឌកម្មហិរញ្ញវត្ថុ និងវត្ថុសំខាន់ៗ។ ស៊្វីស ក៏បង្កកទ្រព្យសម្បត្តិលើបុគ្គល និងក្រុមហ៊ុនរបស់រុស្ស៊ីផងដែរ។ រដ្ឋាភិបាល បានសម្រេចដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន, នាយករដ្ឋមន្រ្តី Mikhail Mishustin និង រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov ដែលត្រូវចូលជាធរមានភ្លាមៗ។ លើសពីនេះ ស្វ៊ីស បានសម្រេចដាក់អ្នកមានចំនួន ៥នាក់ ដែលស្និទ្ធជាមួយលោកពូទីន ក្នុងបញ្ជីខ្មៅដោយហាមមិនឱ្យចូលក្នុងប្រទេសខ្លួន។ 
 
តាមសេចក្តីថ្លែងការណ៍រដ្ឋាភិបាលស្វ៊ីស ចំណាត់ខាងលើនេះ គឺជាការឆ្លើយតបនឹងការបំពានច្បាប់អន្តរជាតិ សម្រាប់បុគ្គលដែលត្រូវទទួលខុសត្រូវ លើការវាយប្រហារនៅអ៊ុយក្រែន។ 
 
ក្នុងថ្ងៃដដែលនោះ រដ្ឋាភិបាលទីក្រុងប៊ែន បានប្រកាសថា ខ្លួននឹងបិទដែនអាកាសស្វ៊ីសសម្រាប់ជើងហោះហើរទាំងអស់របស់រុស្ស៊ី លើកលែងតែការហោះហើរក្រោមជំនួយមនុស្សធម៌ វេជ្ជសាស្រ្ត និងការទូត។ 
 
ទណ្ឌកម្មខាងលើ ត្រូវបានប្រមុខការទូតអឺរ៉ុប លោក Josep Borrell សាទរយ៉ាងខ្លាំង និងចាត់ទុកជាដំណឹងល្អ ព្រោះក្រុមអ្នកមាននៅរុស្ស៊ី នឹងមិនអាចផ្ទេរលុយទៅស្វ៊ីសបានបន្តទៀត៕
 

Tag:
 ស៊្វីស
  អឺរ៉ុប
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com