ជាតិ
សេដ្ឋកិច្ច
កម្ពុជា បាននាំចេញអង្ករជាង១០ម៉ឺនតោន កើនជាង៣៥ភាគរយ
01, Mar 2022 , 7:59 pm        
រូបភាព
រូបតំណាង៖ កម្មករ២នាក់ កំពុងលីសែងអង្ករ។ រូបថត៖ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម
រូបតំណាង៖ កម្មករ២នាក់ កំពុងលីសែងអង្ករ។ រូបថត៖ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម
ភ្នំពេញ៖ ២ខែមកនេះ កម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក បានជាង១០ម៉ឺនតោន។  បរិមាណនៃការនាំចេញនេះ គឺបានកើនរហូតដល់៣៥,២១ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២១។

 
ក្នុងចំណោមអង្ករសរុប ១០៣ ០៥៨តោន ដែលកម្ពុជាបាននាំចេញនារយៈពេល២ខែនៃដើម ឆ្នាំ២០២២នេះ គឺមាន២៦ ៥០៧តោន បាននាំទៅទីផ្សារសហភាពអឺរ៉ុប។ ចំនួននៃការនាំចេញនេះ បានកើនជិត៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
 
ពេលជាមួយគ្នានេះ កម្ពុជាក៏នាំអង្ករទៅទីផ្សារប្រទេសចិនបានក្នុងចំនួន ៥៦ ៣៨៥តោន ដោយកើនបានជិត៥០ភាគរយ និងនាំទៅប្រទេសសមាជិកអាស៊ានបានចំនួន ៩ ៣៧០តោន ដោយកើនបាន៥០,៤៣ភាគរយ ផងដែរ។ ក្រៅពីនេះ កម្ពុជាក៏បាននាំអង្ករទៅទិសដៅប្រទេសចំនួន១៦ប្រទេសទៀត បានក្នុងចំនួន ១០ ៧៩៦តោន ប៉ុន្តែការនាំចេញនេះ គឺបានធ្លាក់ចុះ១៩,២៣ភាគរយ។
 
បើតាមលោក វេង សាខុន ក្រៅពីការនាំចេញអង្ករនេះ កម្ពុជាក៏សម្រេចនូវការនាំចេញស្រូវទៅប្រទេសវៀតណាម បាន ៦៥១ ១០១តោន ផងដែរ។ បរិមាណនៃស្រូវដែលបាននាំចេញនេះ គឺបានកើន១៦,៤៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕ 
 

Tag:
 អង្ករ
  លោក វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com