ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីដែនដី ប្រាប់អភិបាលរាជធានី-ខេត្ត ឲ្យជួយទប់ស្កាត់ការសាងសង់ដែលគ្មានលិខិតអនុញ្ញាត
03, Mar 2022 , 9:59 pm        
រូបភាព
លោក ជា សុផារ៉ា ធ្វើជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក ជា សុផារ៉ា
លោក ជា សុផារ៉ា ធ្វើជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក ជា សុផារ៉ា
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានសរសេរលិខិត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ជូនទៅគ្រប់អភិបាលរាជធានី-ខេត្ត ដើម្បីស្នើឲ្យពួកគាត់ ជួយតាមដាន ត្រួតពិនិត្យ និង ចាត់វិធានការលើក្រុមហ៊ុនសាងសង់ ដែលសាងសង់សំណង់ដោយគ្មានលិខិតអនុញ្ញាតិពីអាជ្ញាធរមានសមត្ថកិច្ច។


វិធានការ ដែលលោករដ្ឋមន្រ្តីដែនដី ស្នើឲ្យអភិបាលរាជធានី-ខេត្ត ដាក់ទៅលើក្រុមហ៊ុន ដែលសាងសង់សំណង់ដោយគ្មានលិខិតអនុញ្ញាតិ មានដូចជា ហាមឃាត់ការប្រកបអាជីវកម្ម និង ដាក់បណ្តឹងទៅតុលាការ ជាដើម។ ការដាក់បណ្តឹងទៅតុលាការ គឺដើម្បីសុំឲ្យរឹបអូសសម្ភារៈ បរិក្ខារ ឧបករណ៍ ពិន័យជាប្រាក់ ដាក់ពន្ធនាគារ និង អាចឈានទៅរំលាយក្រុមហ៊ុនសាងសង់  ដែលសាងសង់សំណង់ដោយគ្មានលិខិតអនុញ្ញាតិ។ 
 
លិខិតរបស់លោករដ្ឋមន្រ្តីដែនដី ដែលផ្ញើជូនអភិបាលរាជធានី-ខេត្ត គឺធ្វើឡើងក្រោយ១ថ្ងៃនៃការចេញលិខិតរបស់លោក ទៅកាន់ម្ចាស់ក្រុមហ៊ុនសាងសង់នៅកម្ពុជា។ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ លោក បានសរសេរលិខិត១ ជម្រាបទៅម្ចាស់ក្រុមហ៊ុនសំណង់ថា ក្រសួងដែនដី ពុំអនុញ្ញាតឲ្យសាងសង់សំណង់ដោយគ្មានការអនុញ្ញាតឡើយ។ 
 
អត្ថបទទាក់ទង
 
រដ្ឋមន្រ្តីដែនដី ចាត់ទុកការសាងសង់សំណង់ដែលគ្មានលិខិតអនុញ្ញាតិ ថាជាអំពើខុសច្បាប់ ហើយអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព គុណភាព និងសុវត្ថិភាពសំណង់។ ដូចលិខិតដែលផ្ញើជូនអភិបាលរាជធានី-ខេត្តដែរ លិខិត ដែលសរសេរទៅកាន់ម្ចាស់ក្រុមហ៊ុនសាងសង់ រដ្ឋមន្រ្តីដែនដី បានប្រាប់ម្ចាស់ក្រុមហ៊ុនសាងសង់ថា ក្រុមហ៊ុនរបស់ពួកគេ នឹងត្រូវប្រឈមនឹងការរឹបអូសសម្ភាសៈ បរិក្ខារ ឧបករណ៍ ហើយពួកគេជាម្ចាស់ក្រុមហ៊ុន ប្រឈមនឹងការពិន័យជាប្រាក់ ការជាប់ពន្ធនាគារ និងការរំលាយក្រុមហ៊ុនរបស់ពួកគេចោល បើពួកគេ ហ៊ានសាងសង់សំណង់ ដែលគ្មានការអនុញ្ញាត៕ 
 

Tag:
 ជា សុផារ៉ា
  សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com