ជាតិ
នរវិទូ អាំង ជូលាន៖«ភពអមនុស្ស គឺមនុស្សជាអ្នកបង្កើត»
06, Mar 2022 , 6:29 pm        
រូបភាព
ភ្នំពេញ៖ នរវិទូ អាំង ជូលាន បានលើកឡើងថា ភពអមនុស្ស គឺមនុស្សជាអ្នកបង្កើត ដោយសារមនុស្សខ្មែរ មានប្រព័ន្ធជំនឿតាំងពីបុរាណ។ លោក អាំង ជូលាន ថាអមនុស្សមានពីរប្រភេទ គឺអមនុស្សពុំមានអត្តសញ្ញាណ ឬពុំមានតួនាទីច្បាស់លាស់ និងអមនុស្សមានអត្តសញ្ញាណ ឬមានតួនាទីច្បាស់លាស់។


 
នរវិទូខ្មែរលោក អាំង ជូលាន បានមានប្រសាសន៍ នៅក្នុងបទបង្ហាញស្ដីពីភពអមនុស្ស នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកាលពីពេលកន្លងទៅថា ភពអមនុស្សក្នុងជំនឿខ្មែរ គឺបង្កើតឡើងដោយមនុស្ស។ លោក អាំង ជូលាន ថាអមនុស្ស ដែលពុំមានអត្តសញ្ញាណ ឬតួនាទីច្បាស់លាស់ គឺជាអមនុស្សដែលធ្វើឱ្យមនុស្សខ្លាច ប៉ុន្តែមិនមានរូបរាងច្បាស់លាស់ឡើយ។
 
«ធ្លាប់ឮគេនិយាយទេ ថាអ៊ូកុំទៅទីនោះ នៅទីនោះ ទៅមិនបានទេ ខ្ញុំធ្លាប់ទៅហើយ លងខ្លាំងណាស់។ ប៉ុន្តែយើងមិនដឹងថាអមនុស្សនោះ មានរូបរាងយ៉ាងណាទេ គ្រាន់តែដឹងថាធ្វើឱ្យមនុស្សខ្លាច»។ នេះជាការពន្យល់របស់លោក អាំង ជូលាន។
 
ចំណែក អមនុស្សមានអត្តសញ្ញាណ និងមានតួនាទីច្បាស់លាស់វិញ ត្រូវបានលោក អាំង ជូលាន ពន្យល់ថា កើតឡើងដោយសារតែមនុស្សជាអ្នកបង្កើត។ លោកបានលើកយកអមនុស្ស ដែលមានអត្តសញ្ញាណចំនួន៧ប្រភេទ មកពន្យល់។  អមនុស្សទាំង៧ប្រភេទនោះ មានខ្លះជាអមនុស្សសុទ្ធ ហើយខ្លះជាអមនុស្សពាក់កណ្ដាល និងជាមនុស្សពាក់កណ្ដាល។
 
អមនុស្សទាំង៧ប្រភេទនោះមាន អ្នកតា ម្ដាយដើម ព្រាយ ម្នាងផ្ទះ គឺជាអមនុស្សសុទ្ធ។  ចំណែក អាប ធ្មប់ និងអ្នកសច្ចំ ជាអមនុស្សពាក់កណ្ដាល និងជាមនុស្សពាក់កណ្ដាល។
 
នរវិទូ អាំង ជូលាន បានពន្យល់អមនុស្ស ដែលមានអត្តសញ្ញាណជាអ្នកតា។ លោក អះអាងថា អ្នកតា មាននៅតែស្រុកស្រែចម្ការប៉ុណ្ណោះ។ មានតែនៅស្រុកស្រែចម្ការ ព្រោះតែអ្នកភូមិត្រូវការបន់ស្រន់អ្នកតា ដើម្បីសុំទឹកភ្លៀង ឬសុំឱ្យភោគផលរបស់ខ្លួន បានផលច្រើនជាដើម។
 
នរវិទូ ពន្យល់បន្ថែម៖«យើងមិនដែលឃើញ អ្នកនៅភ្នំពេញ ធ្វើបុណ្យថ្វាយអ្នកតាទេ គឺឃើញតែនៅស្រុកស្រែចម្ការ។ ដូចនៅសៀមរាប មួយឆ្នាំគេធ្វើពីរដង។ នៅខេត្តផ្សេងៗ ក៏គេធ្វើបុណ្យ ថ្វាយអ្នកតាដែរ»។
 
ចំពោះអមនុស្ស ដែលមានអត្តសញ្ញាណជា ម្ដាយដើម វិញ។ ម្ដាយដើម ត្រូវបានសង្គមខ្មែរ ជឿថា គឺជាម្ដាយជាតិមុន របស់កូនស្រីប្រុស ដែលទើបតែសម្រាលរួច។ ម្ដាយដើមនោះ នៅតែស្រឡាញ់ នឹងចង់បានកូនរបស់ខ្លួន ឱ្យទៅរស់នៅជាមួយខ្លួនវិញជានិច្ច។ ជាធម្មតា ម្ដាយដើម តែងតែនៅកៀក នឹងទារកចាប់ពីគេសម្រាលចេញពីផ្ទៃម្ដាយ រហូតដល់អាយុប្រមាណ៣ឆ្នាំ។ ដូច្នោះក្នុងរង្វង់អាយុនេះ ម្ដាយឪពុកដែលជាមនុស្សពេញលេញ ត្រូវមើលថែទារក ឱ្យបានល្អបំផុត បើពុំដូចនោះទេ ម្ដាយដើម អាចមានឱកាសយកព្រលឹងទារកនោះទៅវិញគ្រប់ពេល។
 
អមនុស្ស ដែលមានអត្តសញ្ញាណជាព្រាយ ត្រូវបានលោក អាំង ជូលាន ពន្យល់ថា មានតែស្រីប៉ុណ្ណោះ។ ហើយស្រីនោះទៀតសោត អាចជាស្រីក្រមុំដែលចងក ឬលង់ទឹកជាដើម។ ព្រាយដែលសាហាវបំផុត គឺព្រាយក្រឡាភ្លើង។ ព្រាយក្រឡាភ្លើង គឺជាព្រាយដែលធ្វើឱ្យស្រ្ដីឆ្លងទន្លេពុំរួច(សម្រាលកូនពុំរួច)។
 
ចំណែកអមនុស្សដែលមានអត្តសញ្ញាណជា ម្នាងផ្ទះ វិញ។ អមនុស្សប្រភេទនេះ មានអំណាចការពារបានតែនៅក្នុងរង្វង់ផ្ទះ(លើផ្ទះ) តែប៉ុណ្ណោះ។
 
ចំពោះអមនុស្ស ដែលមានអត្តសញ្ញាណជា អាប គឺជាអមនុស្សពាក់កណ្ដាល និងជាមនុស្សពាក់កណ្ដាល។ អាប ត្រូវបាននរវិទូ អាំង ជូលាន ពន្យល់ថា ជាមនុស្សធម្មតា តែជាមនុស្សខ្ចិល មិនងូតទឹក មិនមានអនាម័យ និងមិនចូលចិត្តដាំដំណាំផ្សេងៗឡើយ។ អមនុស្សប្រភេទនេះ នៅពេលថ្ងៃ ចូលចិត្តដើរទៅសុំ បន្លែ ឬគ្រឿងទេសផ្សេងៗពីអ្នកភូមិ។ 
 
ប៉ុន្តែនៅពេលយប់ ឬនៅពេលមានភ្លៀងធ្លាក់(យប់) អមនុស្សប្រភេទនេះ នឹងដកក្បាលចេញពីខ្លួន ដោយជាប់ពោះវៀនទៅជាមួយផង (ពោះវៀនមានភ្លើងភ្លឺភ្លែត) ហើយវានឹងហោះទាបៗ ទៅស៊ីរំអិលសត្វផ្សេងៗ ហើយចំណីដែលឆ្ងាញ់បំផុតរបស់អាប គឺឈាមដែលចេញពីស្ដ្រីដែលឆ្លងទន្លេរួច។ 
 
ធ្មប់ ក៏ជាអមនុស្សពាក់កណ្ដាល និងជាមនុស្សពាក់កណ្ដាលដែរ។ ក្នុងជំនឿខ្មែរ ធ្មប់ គឺអាចធ្វើអំពើ តាមផ្លូវងងឹត ដើម្បីឱ្យមនុស្សណាម្នាក់ឈឺបាន។ ដោយឡែក អ្នកសច្ចំ វិញ អាចថាជាមនុស្សពាក់កណ្ដាល និងអមនុស្សពាក់កណ្ដាល។ ពីដើម អ្នកសច្ចំ ជាមនុស្សដែលមិននៅជាមួយមនុស្សធម្មតាឡើយ។ អ្នកសច្ចំ ចូលចិត្តទៅរស់នៅតាមព្រៃ តាមភ្នំ ឬតាមល្អាងភ្នំដើម។ ក្នុងជំនឿខ្មែរ អ្នកសច្ចំ អាចមានឫទ្ធិហោះហើរបាន។ 
 
នៅក្នុងអត្ថបទនេះ សារព័ត៌មានថ្មីៗ គ្រាន់តែស្រង់ត្រួសៗ ពីជំនឿខ្មែរលើភពអមនុស្ស មកជម្រាបជូនលោកអ្នកប៉ុណ្ណោះ។ ទោះជាយ៉ាងណា សារព័ត៌មានថ្មីៗ និងមានអត្ថបទជាបន្តបន្ទាប់ទៀត ដែលស្រាយលម្អិត ជុំវិញជំនឿភពអមនុស្សនីមួយៗ ក្នុងជំនឿខ្មែរ មកជូនលោកអ្នកបន្ថែមទៀត៕
 

Tag:
 វប្បធម៌
  ជំនឿ
  ភព
  មនុស្ស
  នរវិទូ
© រក្សាសិទ្ធិដោយ thmeythmey.com